រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញនូវសេចក្ដីក្រើនរំឭកឲ្យមានការប្រុងប្រយ័ត្នដ៏កម្រមួយ កាលពីថ្ងៃអង្គារម្សិលមិញ ដោយបានរិះគន់ប្រទេសកូរ៉េខាងជើងថាបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនលើកច្រើនសារចាប់តាំងពីឆ្នាំ ២០០៩ មក និងបានព្រមានថា ការវាយប្រហារបែបនេះទំនងជានឹងកើតឡើងបន្ថែមទៀត។
ទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិ បានកំណត់អាសយដ្ឋាន IP របស់កុំព្យូទ័រ ដែលពាក់ព័ន្ធនឹងមេរោគអ៊ីនធឺណិតឈ្មោះ DeltaCharlie ដែលសំដៅវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ វិស័យដែនអាកាស វិស័យហិរញ្ញវត្ថុ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។
សេចក្ដីក្រើនរំឭកឲ្យមានការប្រុងប្រយ័ត្ននេះ អំពាវនាវឲ្យស្ថាប័ននានាបង្ហាញនូវព័ត៌មានទាំងឡាយណា ដែលពួកគេអាចមានអំពីសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងសហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកបានហៅសកម្មភាពដូចនេះថា «ពស់វែកលាក់ខ្លួន»។
សេចក្ដីក្រើនរំឭកនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងអ៊ីនធឺណិត រកឃើញអ្វីមួយដែលបង្ហាញថាជាសកម្មភាពពស់វែកលាក់ខ្លួននោះ អ្វីនោះគួរតែកំណត់ទុកភ្លាមៗ និងរាយការណ៍ទៅមជ្ឈមណ្ឌលទំនាក់ទំនងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងសមាហរណកម្មជាតិរបស់ក្រសួងសន្តិសុខមាតុភូមិ ឬផ្នែកអង្កេតសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់ទីភ្នាក់ងារ FBI»។
កន្លងមក ប្រទេសកូរ៉េខាងជើងបានបដិសេធជាបន្តបន្ទាប់នូវការពាក់ព័ន្ធរបស់ខ្លួននៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះ៕