សេចក្តីរាយការណ៍ថ្មីមួយនៅក្នុងស.រ.អានិយាយថា រដ្ឋាភិបាលគួរធ្វើការផ្លាស់ប្តូរទាំងស្រុងនៅក្នុងប្រតិបត្តិការផ្សាយព័ត៌មានអន្តរជាតិរបស់ខ្លួន ដើម្បីគាំទ្រគោលដៅនៃគោលនយោបាយការបរទេសរបស់ស.រ.អា និងផលប្រយោជន៍យុទ្ធសាស្រ្តអាមេរិកាំង។
សេចក្តីរាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធនេះ ត្រូវបានរៀបរៀងឡើងភាគច្រើនដោយអតីតមន្រ្តីនៃក្រុមប្រឹក្សាភិបាលនៃកម្មវិធីផ្សព្វផ្សាយព័ត៌មាន ហៅ Broadcasting Board of Governors ឬ BBG និងសាខាមួយរបស់ខ្លួនទៀតឈ្មោះ Radio Free Europe ឬRadio Liberty ដែលជាអង្គភាពផ្សព្វផ្សាយព័ត៌មានមួយដែលតម្រង់ទិសដៅទៅរកប្រជាពលរដ្ឋនៅក្នុងប្រទេសកុម្មុយនិស្ត នៅសម័យសង្គ្រាមត្រជាក់។
ក្រុមប្រឹក្សាភិបាល BBG ជាអ្នកគ្រប់គ្រង វិទ្យុសម្លេងស.រ.អា ដែលមានកម្មវិធីផ្សាយតាមគេហទំព័រ វិទ្យុទូរទស្សន៍ និងឧបករណ៍ចល័ត ដែលមាន ៤៥ ភាសា ទៅជូនអ្នកតាមដាន និងស្តាប់ប្រមាណ ១៦៤ លាននាក់នៅពាសពេញពិភពលោកក្នុងមួយសប្តាហ៍ៗ។
សេចក្តីរាយការណ៍បានសន្និដ្ឋានថា «បេសកកម្មនៃការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្នរបស់រដ្ឋាភិបាលមានភាពមិនច្បាស់លាស់ និងមិនភ្ជាប់កម្មវិធីផ្សាយទៅនឹងគោលនយោបាយបរទេសរបស់ស.រ.អាឲ្យបានរឹងមាំ ហើយមានរចនាសម្ព័ន្ធអង្គការដែលមិនមានប្រសិទ្ធភាព»។ សេចក្តីរាយការណ៍បន្ថែមថា«រដ្ឋាភិបាលបរទេសកំពុងធ្វើសង្គ្រាមព័ត៌មានដ៏ខ្លាំងក្លាមួយប្រឆាំង និងការផ្សព្វផ្សាយព័ត៌មានរបស់ស.រ.អា ហើយមានជ័យជម្នះលើផលប្រយោជន៍របស់ស.រ.អា»៕