សហរដ្ឋអាមេរិក​បង្កើន​ការ​បង្ក្រាប​ការ​លួច​កម្មសិទ្ធបញ្ញា​ដោយ​ប្រទេស​ចិន

រូប​ឯកសារ៖ រូបភាព​ដែល​ថត​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣​បង្ហាញ​ពី​អគារ​ទីស្នាក់ការ​នៃ​ក្រសួង​យុត្តិធម៌​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្នុង​ពេល​ថ្មីៗ​នេះ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក បាន​ប្រកាស​ករណី​ព្រហ្មទណ្ឌ​៣​ដែល​ជាប់​ទាក់ទិន​ទៅ​នឹង​កម្មវិធី​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​ចិន​ដែល​មាន​គោលបំណង​លួច​បច្ចេកវិទ្យា​សំខាន់ៗ​ពី​សហរដ្ឋអាមេរិក។

ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​កំពុង​បង្កើន​ការ​បង្ក្រាប​ចារកម្ម​សេដ្ឋកិច្ច​ចិន​នៅពេល​ដែល​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​បាន​បិទ​ផ្នែក​ភាគច្រើន​នៃ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ។

ក្នុង​ពេល​ថ្មីៗនេះ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ទទួល​ការ​សារភាព​ទទួលទោស​ពី​អតីត​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ម្នាក់​ដែល​មាន​ទីតាំង​នៅ​ក្រុង Atlanta ហើយ​បាន​ចោទប្រកាន់​មនុស្ស​២នាក់​ផ្សេង​ទៀត​ពី​ការ​ទាក់ទិន​ជាមួយ​ការងារ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​របស់ចិន។

ការ​ចោទប្រកាន់​ទាំង​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) និង​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា ពួកអ្នក​លួច​ចូល​ក្នុង​កុំព្យូទ័រ​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ចិន​កំពុង​ប៉ុនប៉ង​លួច​ការស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​ដែល​ទាក់ទិន​ថ្នាំវ៉ាក់សាំង និង​ការ​ព្យាបាលនិង​ការ​ធ្វើ​តេស្ត​វីរ៉ុស​កូរ៉ូណា។

ខណៈ​ដែល​ការរាលដាល​នៃ​មេរោគ​កូរ៉ូណា​បាន​ធ្វើ​ឲ្យ​បិទ​តុលាការ​សហព័ន្ធ និង​បង្ខំ​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ជាច្រើន​ធ្វើ​ការ​ពី​ផ្ទះ ពួក​មន្រ្តី​ពង្រឹង​ច្បាប់​និយាយ​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​លួច​កម្មសិទ្ធបញ្ញា​របស់​ចិន និង​ការ​ស៊ើបអង្កេត​ផ្សេងៗ​ទៀត​កំពុង​បន្ត ដោយ​មាន​ករណី​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ទំនង​នឹង​ត្រូវ​ប្រកាស​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។

«ក្រសួង​យុត្តិធម៌​នៅ​តែ​មាន​ការ​ប្រយ័ត្នប្រយ៉ែង​ចំពោះ​កម្មវិធី​នានា​ដូចជា កម្មវិធី​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ​រាប់ពាន់​នាក់​ដែល​ជ្រើសរើស​សាស្រ្តាចារ្យ និង​ពួក​អ្នក​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ការ​ឲ្យចិន» នេះ​បើ​តាម​សម្តី​របស់​លោក John C. Demers ឧបការី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ទទួល​បន្ទុក​សន្តិសុខ​ជាតិ​។

កម្មវិធី​អ្នក​មាន​ទេពកោសល្យ​រាប់​ពាន់​នាក់​ជា​កម្មវិធីរបស់​ចិន​ដែល​ល្បីល្បាញ​ជាង​គេ​ក្នុង​ចំណោម​កម្មវិធី​ចំនួន​ជាង​២រយ​ដែល​ព្យាយាម​ទាក់ទាញ​សាស្រ្តាចារ្យ និង​អ្នក​ស្រាវជ្រាវ​ល្បីៗ​របស់​សហរដ្ឋអាមេរិក និង​បរទេស​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចិន។

ពួក​មន្រ្តី​ចិន​មិន​បាន​លាក់បាំង​អ្វី​ដែល​ពួក​គេ​ព្យាយាម​សម្រេច​តាមរយៈ​កម្មវិធី​នេះ​គឺ៖ ទទួល​បាន​កម្មសិទ្ធបញ្ញា​សំខាន់ៗ។ ក៏ប៉ុន្តែ​សហរដ្ឋអាមេរិក​និយាយ​ថា កម្មវិធី​ទាំង​នេះ​មាន​គោលបំណង​អាក្រក់​គឺ​លួច​ឯកសារ​សម្ងាត់​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក។

ខណៈ​៣ករណី​ដែល​បាន​ត្រូវ​ប្រកាស​កាលពី​សប្តាហ៍​មុន​មិន​បាន​ចោទប្រកាន់​ពី​ការ​លួច​កម្មសិទ្ធបញ្ញា​ទាំង​ស្រុង​នោះ ករណី​ទាំង៣​នោះ​ ក៏​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​ពួក​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​អាមេរិកាំង​ដែល​បាន​លាក់ការ​ធ្វើ​ការងារ​របស់​ពួកគេ​ឲ្យ​ចិន ដែល​កំពុង​បង្កើន​ភាព​គ្រោះថ្នាក់​នៃ​ការ​ផ្ទេរ​កម្មសិទ្ធបញ្ញា​ដោយ​គ្មាន​ការ​អនុញ្ញាត។

កាលពី២​សប្តាហ៍​មុន លោក Simon Saw-Teong Ang ជា​វិស្វករ​អគ្គិសនី​នៅ​ឯ​សាកលវិទ្យាល័យ Arkansas បាន​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ការ​មិន​ប្រកាស​អំពី​ការ​ទាក់ទង​របស់​លោក​ជាមួយ​រដ្ឋាភិបាល និង​ពាណិជ្ជករ​ចិន​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ជាមួយ​រដ្ឋបាល​អាកាសចរណ៍វិទ្យា​ និង​អវកាស​សហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ​បាន​ព្យួរ​ការងារ​របស់​លោក​បន្ទាប់ពី​ការ​ចាប់ខ្លួន។

កាលពី​២​សប្តាហ៍​មុន​ដែរ វេជ្ជ​បណ្ឌិត Xiao-Jiang Li អតីត​សាស្រ្តាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ Emory បាន​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ក៏ប៉ុន្តែ​បាន​ទទួល​ការ​អនុញ្ញត​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ការ​ឃ្លាំ​មើល​នៅ​ក្នុងការ​ជាប់​ទាក់ទិន​ជាមួយ​ការងារ​របស់​លោក​ក្នុង​កម្មវិធី​អ្នក​មាន​ទេពកោសល្យ​រាប់ពាន់​នាក់​ដែល​លោក​បាន​លាក់​ពី​រដ្ឋាភិបាល​សហព័ន្ធ។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក វេជ្ជបណ្ឌិត Qing Wang អតីត​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មន្ទីរ​គ្លីនិក Cleveland ដ៏​ល្បី​មួយ​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​បទ​ចោទ​ប្រកាន់​ពី​ការ​លួចបន្លំ​ប្រាក់​ចំពោះ​ការ​មិន​បាន​ប្រកាសនៅ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ប្រាក់​ចំនួន​៣លាន​៦សែន​ដុល្លារ​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​ថា​លោក​បាន​ទទួល​ប្រាក់​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ប្រហាក់ប្រហែល​គ្នា​នៅ​ក្នុង​ប្រទេស​ចិន។ មន្ទីរ​គ្លីនិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​បណ្តេញ​សាស្រ្តាចារ្យ​រូប​នោះ​ចេញ​ពី​ការងារ​ហើយ។

លោក Paul Chan ជា​នាយក​ចាត់ចែង​នៅ​ក្រុមហ៊ុន​ច្បាប់ Bird Marella ក្នុង​ក្រុង Los Angeles បាន​និយាយ​ថា «យើង​កំពុង​ឮ​ពី​ការ​ស៊ើបអង្កេត​ជន​ល្បីៗ​ដែល​ជា​ការ​បង្ហាញ​ឲ្យ​ពួក​អ្នក​មាន​តួនាទី​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​ចិន​ដឹង​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​ឃ្លាំមើល​សកម្មភាព​ប្រភេទ​នេះ»។

លោក Chan និយាយ​ទៀត​ថា ករណី​៣នេះ​បញ្ជាក់​ថា ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​សហរដ្ឋអាមេរិក​កំពុង​ផ្តោត​ការ​យក​ចិត្ត​ដាក់​កាន់​តែ​ខ្លាំង​ឡើង​លើ​ស្ថាប័ន​ស្រាវជ្រាវ​ជាន់​ខ្ពស់​ដែល​ជា​មុខ​សញ្ញារបស់​ចិន​ក្នុង​ការ​លួច​កម្មសិទ្ធ​បញ្ញា។

លោក Chan បាននិយាយទៀតថា «តាម​ប្រវត្តិសាស្រ្ត វិធី​មួយ​ក្នុង​ចំណោម​វិធី​មួយ​ចំនួន​ដែល​ចិន​បាន​ស្វះស្វែង​ទទួល​បាន​កម្មសិទ្ធ​បញ្ញា​មក​ពី​សហរដ្ឋអាមេរិក​គឺ​តាមរយៈ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាន់ខ្ពស់»។

គណៈកម្មការ​ពិនិត្យ​ការ​លួច​កម្មសិទ្ធបញ្ញា​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​លួច​កម្មសិទ្ធបញ្ញា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ខាត​បង់​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ហើយ​ចិន «ជា​អ្នក​រំលោភ​កម្មសិទ្ធបញ្ញា​ធំ​ជាង​គេក្នុង​ពិភពលោក»។​

លោក Chan បាន​និយាយ​ទៀត​ថា «ការប្រើប្រាស់​តួឯក​ថ្មី​ដូចជា​និស្សិត និង​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ពិបាក​ឡើង​សម្រាប់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម»។

លោក Chan និយាយ​បន្ត​ទៀត​ថា «ពួកគេ​ធ្វើ​ការ​ជ្រើសរើស​ប្រកប​ដោយ​ជោគ ជ័យ​នូវ​មនុស្ស​មួយ​ចំនួន​ដូចជា​មនុស្ស​ធម្មតា អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ សាស្រ្តាចារ្យ ឬ​ពួក​និស្សិត​ដែល​ដំបូង​មិន​ចាំ​បាច់​ថាធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​ចិន​ទេ ក៏ប៉ុន្តែ នៅ​ទីបំផុត​ពួកគេ​ត្រូវ​បាន​ជ្រើសរើស និង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ និង​របស់​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​កណ្តាល។

ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្រសួង​យុត្តិធម៌បាន​បង្កើន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​លើ​ការ​ប្រយុទ្ធប្រឆាំង​ចារកម្ម​សេដ្ឋកិច្ច​ចិន។

​ក្នុង​ឆ្នាំ២០១៨ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម «ត្រួតពិនិត្យ​សកម្មភាព​ចិន» ដោយ​មាន​គោលបំណង​ផ្តល់​អាទិភាព​លើ​ករណី​ចារកម្ម​ចិន។ ចាប់​តាំងពី​នោះ​មក ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ការចោទប្រកាន់​ចារកម្ម​ខាង​សេដ្ឋកិច្ច និង​ការ​លួច​កម្មសិទ្ធបញ្ញា​ជិត​២៤ករណី។

កាលពី​ខែកុម្ភៈ លោក Christopher Wray នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​និយាយ​ថា ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI មាន​ការស៊ើបអង្កេត​ប្រហែល​១ពាន់​ក្នុង​ការ​សង្ស័យ​ជនជាតិ​ចិន​លួច​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក​ដែល​ទាក់ទិន​គ្រប់​ផ្នែក​ទាំងអស់​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក។

លោក Christopher Wray នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​នៃ​សភា នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​ស៊ើបអង្កេត​ទាំង​នោះ​ប្រើ​ពេលវេលា​យូរ ជួនកាល​អាច​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ក៏ប៉ុន្តែ​ការ​ស៊ើបអង្កេត​ទាំង​នោះ​បាន​នាំ​ឲ្យ​មាន​ការ​កាត់ទោស​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

កាលពី​ខែមករា លោក Charles Lieber ជា​សាស្ត្រាចារ្យ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​សាកលវិទ្យាល័យ Harvard បាន​ត្រូវ​ចាប់​ខ្លួន​លើ​បទចោទប្រកាន់​ពី​ការភូតកុហក​អំពី​ការ​ទទួល​បាន​ថវិកា​ស្រាវជ្រាវ​ពី​រដ្ឋាភិបាល​ចិន។ កាលពី​ខែ​មីនា អតីត​សាស្រ្តាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ West Virginia បាន​សារភាព​ទទួល​កំហុស​លើ​បទចោទប្រកាន់​ពី​ការ​ឆបោក​ប្រាក់​ក្នុង​ការ​ទាក់ទិន​ជាមួយ​កម្មវិធី​អ្នក​មាន​ទេពកោសល្យ​រាប់ពាន់​របស់​ចិន។

ការ​ត្រួតពិនិត្យ​សកម្មភាព​ចិន​ក៏​បាន​ទាក់ទិន​យុទ្ធនាការ​យ៉ាង​ទូលំទូលាយ ដោយ​ពួក​រដ្ឋ​អាជ្ញា​សហព័ន្ធ និង​ភ្នាក់ងារ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន​ធ្វើ​ការ​ជួបប្រជុំ​ជា​ប្រចាំ​ជាមួយ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ និង​ផ្នែក​ឯកជន​អំពី​ការ​គំរាមកំហែង​ចារកម្ម​របស់​ចិន។

លោក Dean Cheng ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​អំពី​កិច្ចការ​នយោបាយ និង​សន្តិសុខ​ចិន​នៅ​ឯ​អង្គការ Heritage Foundation និយាយ​ថា «សហរដ្ឋអាមេរិក​ មាន​ការ​ព្រួយបារម្ភ​អំពី​ការ​លេចធ្លាយ​នៃ​កម្មសិទ្ធបញ្ញា។ បញ្ហា​ដែល​ធំ​ជាង​នេះ​ដែល​ទាក់ទិន​ជាមួយ​សាស្រ្តាចារ្យ​ទាំង​នោះ​គឺ​ថា ​នៅ​ពេល​ដែល​ពួកគេ មិន​បាន​ប្រកាស​ថា ពួកគេ​កំពុង​យក​លុយ​របស់​ចិន​នោះ​តើ​ការណ៍​នេះ​អនុញ្ញាត​ឲ្យ​មាន​លំហូរ​នៃ​កម្មសិទ្ធបញ្ញា​ទៅ​ប្រទេស​ចិន​ដល់​កម្រិត​ណា​ទៅ‍?»៕

ប្រែសម្រួលដោយជឹង ប៉ូជីន