អ្នក​វិភាគ​ថា យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​ខ្វះ​ការ​លើក​ទឹកចិត្ត​ផ្នែក​ពាណិជ្ជកម្ម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​សុន្ទរកថា​ប្រកាស​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ថ្មី នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Carolyn Kaster, File)

វ៉ាស៊ីនតោន - អ្នក​ជំនាញ​នានា​បាន​បញ្ជាក់​ថា គម្រោង​ផ្ដួចផ្ដើម​ដ៏​សំខាន់​មួយ​នៅក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ទ្វីប​អាស៊ី និង​នៅក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន ខ្វះ​ការ​លើក​ទឹកចិត្ត​ឱ្យ​បាន​ខ្លាំងក្លា​ផ្នែក​ពាណិជ្ជកម្ម។ ចំណុច​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​ហានិភ័យ​ផ្នែក​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​នៅ​ទីនោះ ទស្សនៈ​គាំពារ​ឧស្សាហកម្ម​ក្នុង​ប្រទេស​មាន​កម្រិត​ខ្ពស់។

សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​បង្កើន​ការ​ផ្ដោត​របស់​ខ្លួន​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយសារតែ​មាន «ការ​ប្រឈម​កាន់តែ​ច្រើន​ឡើង» ដែល​បង្ក​ឡើង​ដោយ​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ឯកសារ​យុទ្ធសាស្ត្រ​មួយ ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចេញ​ផ្សាយ​កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

ឯកសារ​យុទ្ធសាស្ត្រ​នោះ​បាន​បញ្ជាក់​ថា៖ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​កំពុង​ច្របាច់​បញ្ចូល​គ្នា​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច ការទូត យោធា និង​បច្ចេកវិទ្យា នៅពេល​ខ្លួន​ច្បាម​យក​ដែន​ឥទ្ធិពល​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ស្វះស្វែង​ដើម្បី​ឱ្យ​បាន​ក្លាយជា​ប្រទេស​មហា​អំណាច​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក»។

ការ​លើកឡើង​អំពី​ប្រទេស​ចិន​នេះ​ឆ្លុះ​បញ្ចាំង​មួយ​ផ្នែក​ធំ​អំពី​ទស្សនៈ​ដែល​អនុវត្ត​ដោយ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ជា​រឿយៗ​ប្រកាន់​ជំហរ​ជា​សត្រូវ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។

ទោះជា​យ៉ាងណា​ក៏ដោយ យុទ្ធសាស្ត្រ​របស់​លោក Biden មាន​បំណង​ពង្រឹង​សម្ព័ន្ធភាព​និង​ភាព​ជា​ដៃគូ​ក្នុង​តំបន់ ដែល​មនុស្ស​ជាច្រើន​មើលឃើញ​ថា​មាន​សារៈសំខាន់​ចំពោះ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ទ្វីប​អាស៊ី។

ឯកសារ​យុទ្ធសាស្ត្រ​នេះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចង់បាន​របស់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ដែល​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ដើរ​តួ​កាន់តែ​សកម្ម​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នានា​ដូចជា​បញ្ហា​សុខភាព​សាធារណៈ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​អំពើ​ពុករលួយ​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA របស់​លោក Ryan Hass អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន Brookings (Brookings Institute)។

លោក Hass និយាយ​ដូច្នេះ​ថា៖ «វា​គឺជា​ការ​ដើរ​ចេញ​ពី​គោល​គំនិត​ផ្ដោត​លើ​សហរដ្ឋ​អាមេរិក​ជាមុន​ក្នុង​សម័យ​លោក Trump ធ្វើ​ជា​ប្រធានាធិបតី ដែល​ការ​ដើរចេញ​នេះ​ទទួល​បាន​ការ​ស្វាគមន៍»។

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ថ្លែង​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​ក្រុម​អ្នក​គាំទ្រ​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ (AP Photo/Evan Vucci, File)

មិនមាន​គ្រោងការណ៍​សេដ្ឋកិច្ច​និង​ភាព​ជា​អ្នក​ដឹកនាំ

យុទ្ធសាស្ត្រ​ថ្មី​នេះ​ស្នើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ផ្នែក​សេរីភាព​និង​ការ​បើក​ចំហ ការ​កសាង​សមត្ថភាព​ការពារ​រួម​នៅក្នុង​និង​ក្រៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ការ​កសាង​ភាព​ធន់​នៅក្នុង​តំបន់។ យុទ្ធសាស្ត្រ​នេះ​ក៏​មាន​បញ្ចូល​ផងដែរ​នូវ​អ្វី​ដែល​រដ្ឋបាល​របស់​លោក Biden ហៅថា «ការ​លើក​កម្ពស់​វិបុលភាព​រួម»។

ប៉ុន្តែ​លោក Hass និង​អ្នក​តាមដាន​ស្ថានការណ៍​ផ្សេងៗ​ទៀត​បាន​និយាយ​ថា យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ខ្វះ​គ្រោងការណ៍​ពាណិជ្ជកម្ម​ច្បាស់លាស់​ដែល​ផ្ដល់​ការ​លើក​ទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ឱ្យ​ប្រទេស​នានា​នៅក្នុង​តំបន់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក។ ពួកគេ​ថា របៀបវារៈ​សេដ្ឋកិច្ច​អន្តរជាតិ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរតែ​ស្រប​គ្នា​ជាមួយ​នឹង​តួនាទី​ជា​អ្នក​ដឹកនាំ​ដែល​សហរដ្ឋ​អាមេរិក​ស្វះស្វែង​ចង់​បាន​នៅក្នុង​តំបន់។

លោក Robert Daly ប្រធាន​វិទ្យាស្ថាន Kissinger សម្រាប់​កិច្ចការ​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​នៃ​មជ្ឈមណ្ឌល Wilson (Wilson Center) បាន​ប្រាប់ VOA ថា យុទ្ធសាស្ត្រ​នេះ​រង​ផល​ប៉ះពាល់​ពី​ភាព​ផ្ទុយ​គ្នា​ខ្លាំង​មួយ ដែល​នៅ​ក្នុង​នោះ យុទ្ធសាស្ត្រ​នេះ​ចង់​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​ខ្លាំងក្លា​នៅក្នុង​សកម្មភាព​សាកលលោក បន្ទាប់ពី​បាន​អនុវត្ត​គោល​នយោបាយ​ការបរទេស​បែប​ឯកោ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នៅ​ក្នុង​សម័យ​លោក​អតីត​ប្រធានាធិបតី Trump។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​របស់​លោក Biden មិន​បាន​ប្រាប់​សាធារណជន​អាមេរិកាំង​ឱ្យ​ងាក​ចេញ​ពី​ទស្សនៈ​របស់​លោក Trump ដែល​រិះគន់​សាកលភាវូបនីយកម្ម​នោះទេ។

លោក Daly បាន​ថ្លែង​ដូច្នេះ​ថា៖ «រដ្ឋបាល​របស់​លោក Biden បាន​ដាក់​កំហិត​ខ្លួនឯង ដែល​សម្រាប់​ហេតុផល​នយោបាយ ពួកគេ​ហាក់ដូចជា​ទទួល​ស្គាល់​នូវ​ទស្សនៈ​របស់​លោក Trump ដែល​ថា សកលភាវូបនីយកម្ម​គឺជា​ទីលាន​របស់​វរជន​អាមេរិកាំង​រស់នៅ​តាម​រដ្ឋ​ជាប់​សមុទ្រ​ដែល​ចង់​ធ្វើ​អ្វី​តាម​ចំណង់​របស់​ខ្លួន និង​ដែល​មិន​ខ្វល់​ពី​អ្នក​ដែល​រស់នៅ​ក្នុង​រដ្ឋ​ដែល​មិន​ជាប់​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក»។

លោក Daly បាន​បន្ថែម​ថា៖ «អ្វី​ដែល​ត្រូវការ​ចាំបាច់​គឺ​ទម្រង់​ដ៏​ប្រសើរ​ជាង​នេះ​នៃ សកលភាវូបនីយកម្ម ដែល​បម្រើ​ដល់​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក [ទាំងមូល]។ រដ្ឋបាល​របស់​លោក Biden បាន​សម្រេច​មិន​ជ្រើស​យក​ទម្រង់​នេះ»។

នៅ​មុន​អាណត្តិ​ដឹកនាំ​របស់​លោក Trump រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​ជ្រោមជ្រែង​ឱ្យ​មាន​ភាព​ជា​ដៃគូ​រវាង​បណ្ដា​ប្រទេស​នៅ​សងខាង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដែល​នៅ​ក្នុង​នោះ ប្រទេស ១១ ផ្សេង​ទៀត ត្រូវបាន​ចាត់ទុក​ថា​ជា គ្រឹះ​របស់​គោល​នយោបាយ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់។

រដ្ឋបាល​របស់​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) កាលពី​ឆ្នាំ ២០១៧ ដោយ​ទុក​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​កែ​សម្រួល​ថ្មី ដែល​មាន​ឈ្មោះ​ថា កិច្ច​ព្រមព្រៀង​ទូលំទូលាយ​និង​វិវឌ្ឍ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (CPTPP)។

ដោយ​គ្មាន​ការ​គាំទ្រ​ពី​សាធារណជន​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​ផែនការ​នៅក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង CPTPP នោះ​ទេ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​មាន​បំណង​បន្ត​គោល​នយោបាយ​ពាណិជ្ជកម្ម​បែប​គាំពារ​និយម​របស់​លោក Trump។

សេតវិមាន​មិន​ទាន់​បាន​ផ្សព្វផ្សាយ​អំពី​សេចក្ដី​លំអិត​នៃ​គ្រោងការណ៍​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​ខ្លួន​នៅ​ឡើយទេ ដែល​គ្រោងការណ៍​សេដ្ឋកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​លោក Biden។

គ្រោងការណ៍​សេដ្ឋកិច្ច​នេះ​ដែល​សេតវិមាន​បាន​ប្រកាស​ថា​ជា «ភាព​ជា​ដៃគូ​ពហុភាគី​សម្រាប់​សតវត្សរ៍​ទី ២១» ត្រូវ​បាន​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ​នេះ។

អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​រង​របស់​សេតវិមាន បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​ថា៖ «នៅពេល​ដែល​យើង​ប្រឹក្សា​យោបល់​ជាមួយ​នឹង​ដៃគូ​នានា​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជាមួយ​សភា​សហរដ្ឋ​អាមេរិក និង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត យើង​នឹង​មាន​ព័ត៌មាន​បន្ថែម​ជម្រាប​ជូន ដោយសារតែ​ដំណើរការ​នេះ​កំពុង​បន្ត»។

រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា គ្រោងការណ៍​សេដ្ឋកិច្ច​នេះ​នឹង «លើកកម្ពស់​និង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្ដង់ដារ​ខ្ពស់ គ្រប់គ្រង​សេដ្ឋកិច្ច​បែប​ឌីជីថល និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ធន់​និង​សន្តិសុខ​របស់​សង្វាក់​ផ្គត់ផ្គង់ ពន្លឿន​ការ​វិនិយោគ​នៅក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្ដង់ដារ​ខ្ពស់​និង​មាន​តម្លាភាព និង​កសាង​ការ​តភ្ជាប់​បែប​ឌីជីថល​តាម​រយៈ​ការ​ពង្រឹង​ចំណង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ទៅក្នុង​តំបន់ និង​ការ​រួម​ចំណែក​ដល់​ឱកាស​រួម​ដ៏​ទូលំទូលាយ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

ប៉ុន្តែ មន្ត្រី​នានា​បាន​ទទួលស្គាល់​ថា គ្រោងការណ៍​សេដ្ឋកិច្ច​នេះ​នឹង​មិន​បញ្ចូល​នូវ​ការ​បើក​ចំហ​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​នោះទេ ដែល​ការ​បើក​ចំហ​ទីផ្សារ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​នានា​ថា​ជា​យុទ្ធសាស្ត្រ​បែប​ការទូត​ដែល​មិន​បាន​លើកឡើង​នៅក្នុង​ឯកសារ​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក Biden នេះ។

លោក Zack Cooper អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សហគ្រាស​អាមេរិក (American Enterprise Institute) បាន​ចោទ​ជា​សំណួរ​ថា៖ «ហេតុអ្វី​បានជា​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ [ឥណ្ឌូ​ប៉ាស៊ីហ្វិក] ឯកភាព​ចំពោះ​ការ​ធ្វើ​សម្បទាន​ខ្លាំងក្លា​លើ​បញ្ហា​អាកាសធាតុ​និង​ស្ដង់ដារ​ការងារ ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​មាន​ឆន្ទៈ​នៅក្នុង​ការ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​ឬ​ក៏​សេរីភាវូបនីយកម្ម​នៃ​ការ​វិនិយោគ​នោះ?»។

លោក Cooper បាន​បញ្ជាក់​ថា៖ «តាម​មើល​ទៅ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទំនងជា​ចង់​នៅ​ស្ងៀម ខណៈ​ដែល​រដ្ឋាភិបាល​ចិន​ធ្វើ​សមាហរណកម្ម​កាន់តែ​ជ្រៅ​ទៅក្នុង​ប្រព័ន្ធ​រៀបរយ​សេដ្ឋកិច្ច​ក្នុង​តំបន់»។

នៅ​ក្នុង​ការ​ជូន​ដំណឹង​ទៅកាន់​អ្នក​សារព័ត៌មាន​កាលពី​ដើម​ខែ​កុម្ភៈ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​របស់​លោក Biden បាន​ទទួលស្គាល់​ថា បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ចង់​បាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ពួកគេ​មាន​ភាព «ប្រាកដ​និយម​ខ្លាំង» អំពី​ការ​កម្រិត​និង​ការ​ប្រឈម​ដែល​កំណត់​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​លោក Biden។

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (កណ្ដាល) កំពុង​ស្ថិត​ក្នុង​ជំនួប​ជាមួយ​នឹង​មេដឹកនាំអឺរ៉ុប និង​អង់គ្លេស ស្ដី​អំពី​«គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W)» នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតលែន ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ (Photo by Brendan Smialowski / AFP)

គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W)

អ្នក​វិភាគ​ខ្លះ​មើល​ឃើញ​អំពី​សក្តានុពល​សម្រាប់​ការ​លើក​ទឹកចិត្ត លើស​ពី​លទ្ធភាព​ចូល​ទៅកាន់​ទីផ្សារ​ទៅទៀត។

លោក Matthew Goodman អនុ​ប្រធាន​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) បាន​និយាយ​ថា៖ «ការ​សន្យា​នៃ​គម្រោង​ផ្ដួចផ្ដើម (ឥណ្ឌូ​ប៉ាស៊ីហ្វិក) នេះ​គឺ​ថា គម្រោង​នេះ​នឹង​ផ្ដល់​នូវ​អ្វីៗ​ផ្សេង​មួយ​ចំនួន​ទៀត ក្រៅ​ពី​លទ្ធភាព​ចូល​ទៅកាន់​ទីផ្សារ»។

លោក Goodman បាន​ប្រាប់ VOA ថា អ្វីៗ​ទាំង​នោះ​អាច​មាន​ដូចជា ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​និយ័តកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ ឬ​ក៏​ការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ដូច​ដែល​បាន​សន្យា​នៅក្នុង​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) របស់​លោក Biden។

លោក Biden បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) នេះ​នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G-7 កាលពី​ខែ​មិថុនា ឆ្នាំ ២០២១ ក្នុង​គោល​បំណង​បង្កើត «ភាព​ជា​ដៃគូ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តោត​លើ​គុណតម្លៃ ស្ដង់ដា​ខ្ពស់ និង​តម្លាភាព» ដើម្បី​ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​នានា​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក Daleep Singh ដែលជា​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​និង​ទ្វីប​អាហ្វ្រិក ដើម្បី​កំណត់​ឱកាស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​គម្រោង​ដែល​ផ្ដោត​លើ​ផ្នែក​អាកាសធាតុ សុខភាព បច្ចេកវិទ្យា​ឌីជីថល និង​សមភាព​យេនឌ័រ។

លោក Singh បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា៖ «យើង​ឃើញ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅក្នុង​ប្រទេស​នីមួយៗ​ដែល​យើង​បាន​ធ្វើ​ទស្សនកិច្ច ដូចជា​ប្រទេស​អេក្វាទ័រ កូឡំប៊ី ហ្គាណា សេណេហ្គាល់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិម​បូព៌ា ប្រទេស​ឥណ្ឌូណេស៊ី ថៃ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក»។

គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​ជម្រើស​ជំនួស​ឱ្យ​គម្រោង​ផ្ដួចផ្ដើម​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រទេស​ចិន។ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​គឺជា​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​បាន​ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទ្វីប​អាស៊ី អាហ្វ្រិក និង​តំបន់​អាមេរិក​ឡាទីន និង​សំដៅ​ឆ្ពោះ​ទៅ​រក​ទ្វីប​អឺរ៉ុប​ផងដែរ។

ការ​វិនិយោគ​របស់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) បាន​រង​ការ​រិះគន់​ថា​មិន​បាន​វាយតម្លៃ​លើ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​និង​សង្គម ខ្វះ​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​ចំនួន​មាន​ការ​ពិបាក​ក្នុង​ការ​ចំណាយ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ថ្លៃ​នេះ។

លោក Singh បាន​និយាយ​ថា៖ «មូលហេតុ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) គឺ​ដោយសារ​ប្រទេស​នានា​ចង់​មាន​ជម្រើស។ អស់​រយៈពេល​ជា​យូរ​មក​ហើយ ប្រទេស​ចិន​គឺជា​ប្រទេស​តែ​មួយ​គត់​សម្រាប់​ប្រទេស​ទាំង​នេះ​ជ្រើសរើស ហើយ​ក្នុង​ករណី​ជាច្រើន ប្រទេស​ទាំងនោះ​មាន​ការ​ស្ដាយក្រោយ»។

កាលពី​ឆ្នាំ​មុន រដ្ឋបាល​របស់​លោក Biden បាន​សន្យា​ថា​នឹង​បង្ហាញ​ចំណុច​លំអិត​នៃ​គម្រោង​ដំបូងៗ​មួយ​ចំនួន​របស់​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ (B3W) នេះ នៅ​ក្នុង​អំឡុងពេល​នៃ​ការ​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នៃ​គម្រោង​នេះ ដែល​ដំបូង​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២២ នេះ។

អ្នក​នាំពាក្យ​រង​នៃ​សេតវិមាន​អ្នកស្រី Jean-Pierre បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​ថា៖ «យើង​នឹង​មាន​សេចក្ដី​លំអិត​បន្ថែម​ទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​អំពី​របៀប​ដែល​នឹង​បន្ត​អនុវត្ត​គម្រោង​នេះ និង​គម្រោង​ផ្សេងៗ​ទៀត​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​វិនិយោគ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន។ នេះ​គឺជា​អ្វី​ដែល​លោក​ប្រធានាធិបតី Biden តាំងចិត្ត​ធ្វើ»។

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែងសុន្ទរកថា​នៅ​ក្នុង​ជំនួប​តាម​អនឡាញ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)

សម្ព័ន្ធមិត្ត​និង​ដៃគូ

យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​លោក Biden បាន​បញ្ជាក់​អំពី​ជំហាន​នានា​នៅក្នុង​ការ​ពង្រឹង​សម្ព័ន្ធភាព​សន្ធិសញ្ញា​ដែល​មាន​ស្រាប់​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាងត្បូង ហ្វីលីពីន និង​ថៃ។

យុទ្ធសាស្ត្រ​នេះ​ក៏​មាន​គោល​បំណង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​ដៃគូ​នានា​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ​ដូចជា​ប្រទេស​ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នូវែលសេឡង់ សិង្ហបុរី វៀតណាម កោះ​តៃវ៉ាន់ និង​បណ្ដា​ប្រទេស​ដីកោះ​នានា​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ដោយ​បន្ត​អនុវត្ត​វិធីសាស្ត្រ​របស់​លោក Trump រដ្ឋបាល​របស់​លោក Biden កំពុង​ផ្ដោត​ខ្លាំង​លើ​ក្រុម​ប្រទេស Quad (Quadrilateral Security Dialogue) ដែល​ជា​ដៃគូ​សន្ទនា​ចតុភាគី​ផ្នែក​សន្តិសុខ ដែល​មាន​សហរដ្ឋ​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ជា​សមាជិក។

ភាគច្រើន​នៃ​យុទ្ធសាស្ត្រ​នេះ​ផ្អែក​លើ​ការ​សន្និដ្ឋាន​ជាមុន​អំពី​សកម្មភាព​អ្វី​ដែល​ប្រទេស​ផ្សេងៗ​នឹង​ធ្វើ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Aparna Pande ប្រធាន​គម្រោង​ផ្ដួចផ្ដើម​ស្ដីពី​អនាគត​ឥណ្ឌា​និង​អាស៊ី​ខាងត្បូង​នៃ​វិទ្យាស្ថាន Hudson (Hudson Institute)។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​គួរតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា អាស៊ាន​គួរតែ​ឈរ​នៅ​កណ្ដាល ឥណ្ឌា​គួរតែ​ដើរ​តួនាទី​ធំ​ជាង​នេះ»។

អ្នកស្រី Pande បាន​ចង្អុល​បង្ហាញ​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ដាំ​ក្បាល​ចុះ​ក្រោម រដ្ឋាភិបាល​ឥណ្ឌា​ប្រហែលជា​មិន​អាច​ទទួល​យក​បញ្ហា​ប្រឈម​នេះ​ទេ។

យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​រដ្ឋបាល​លោក Biden នេះ​ក៏​មាន​គោល​បំណង​ផងដែរ​នៅក្នុង​ការ​ពង្រឹង​វិធីសាស្ត្រ​រារាំង​ការ​គំរាមកំហែង​យោធា ដោយ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹង​បន្ត​សម្រេច​ឱ្យ​បាន​នូវ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

កន្លង​មក រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​ចាត់​វិធានការ​បែប​បង្ក​ហេតុ​ជាច្រើន និង​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ​ទុក​ជា​មុន។

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល ១១ លើក​កាលពី​ខែ​មករា ដែល​ជា​ការ​សាកល្បង​ដ៏​ច្រើន​បំផុត​នៅក្នុង​ពេល​មួយ​ខែ។ ការ​សាកល្បង​កាលពី​ពេល​នោះ​ក៏​មាន​ការ​សាកល្បង «មីស៊ីល​លឿន​ជាង​សំឡេង» ប្រភេទ​ថ្មី​មួយ​ផងដែរ ដែល​មីស៊ីល​នោះ​មាន​លទ្ធភាព​អាច​ហោះ​បាន​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។

ជាង​នេះ​ទៀត កូរ៉េ​ខាងជើង​ក៏​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការ​ចាប់ផ្ដើម​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ឬ​ក៏​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប (ICBM) ផងដែរ។

រូបឯកសារ៖ នាវា​ដឹក​យន្ដហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ជាច្រើន​គ្រឿង​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ (Haydn N. Smith/U.S. Navy via AP)

កិច្ច​ព្រមព្រៀង​យោធា

ទោះបីជា​រដ្ឋបាល​របស់​លោក Biden មិន​បាន​ផ្ដល់​លទ្ធភាព​ប្រសើរ​ជាង​មុន​ដល់​ប្រទេស​ផ្សេងៗ​ឱ្យ​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​រដ្ឋបាល​នេះ​បាន​ផ្ដល់​នូវ​កិច្ច​ព្រមព្រៀង​យោធា។

កាលពី​ដើម​ខែ​កុម្ភៈ រដ្ឋបាល​របស់​លោក Biden បាន​យល់ព្រម​ចំពោះ​លទ្ធភាព​នៃ​ការ​លក់​គ្រឿង​សព្វាវុធ​និង​សេវាកម្ម​យោធា​ក្នុង​ទឹក​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ​អាមេរិក​ដល់​កោះ​តៃវ៉ាន់ ដើម្បី «ទ្រទ្រង់ រក្សា និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង» នូវ​ប្រព័ន្ធ​ទប់ទល់​មីស៊ីល Patriot។

ការ​លក់​នេះ​គឺ​ស្រប​ទៅ​តាម​គោល​បំណង​របស់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​លោក Biden នៅក្នុង​ការ​គាំទ្រ​សមត្ថភាព​ការពារ​ខ្លួន​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ក្នុង​ក្ដី​សង្ឃឹម​លើក​កម្ពស់​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ (Taiwan Strait)។

ប៉ុន្តែ ការ​លក់​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​មាន​ការ​ខឹង​សម្បា និង​គំរាម​ធ្វើ​ការ​សងសឹក។ កន្លងមក រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា កោះ​តៃវ៉ាន់​គឺ​ជា​ខេត្ត​មួយ​របស់​ចិន។

កាលពី​ដើម​ខែ​កុម្ភៈ រដ្ឋបាល​របស់​លោក Biden ក៏​បាន​យល់ព្រម​ចំពោះ​លទ្ធភាព​នៃ​ការ​លក់​យន្តហោះ​ចម្បាំង F-15ID និង​គ្រឿង​សព្វាវុធ​ពាក់ព័ន្ធ​ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី នៅក្នុង​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​រហូត​ដល់ ១៣.៩០០ លាន​ដុល្លារ​អាមេរិក​ផងដែរ បើ​ទោះបីជា​កន្លង​មក ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ពន្យារ​ដល់​ការ​លក់​សព្វាវុធ​កាលពី​លើក​មុន​ក៏ដោយ។

កិច្ច​ព្រមព្រៀង​ចុងក្រោយ​បង្អស់​នៃ​ការ​លក់​គ្រឿង​សព្វាវុធ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​គឺ​នៅក្នុង​ឆ្នាំ ២០១១។

កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត​មាន​ដូចជា​កិច្ច​ព្រមព្រៀង AUKUS ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ​មុន។ កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​បំណង​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​នូវ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

កិច្ច​ព្រមព្រៀង​បន្ថែម​ទៀត​ត្រូវគេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង ហើយ​ទម្រង់​ប្រសើរ​ជាង​នេះ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ប្រហែលជា​នឹង​បង្កើត​ឡើង ស្របពេល​ដែល​លោក Biden និង​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (ASEAN) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី ២៨ និង ២៩ ខែ​មីនា​ខាងមុខ និង​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​កិច្ច​ប្រជុំ​មួយ​ចំនួន​នៅក្នុង​ឆ្នាំ​នេះ៕