សហរដ្ឋអាមេរិកកំពុងពង្រីកភាពតានតឹងខាងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រអាត្លង់ទិចនិងតំបន់អាមេរិកខាងជើង ដោយយកពន្ធគយចំនួន២៥%លើការនាំចូលដែកថែបនិងពន្ធគយចំនួន១០%លើការនាំចូលអាលុយមីញ៉ូមមកពីសហភាពអឺរ៉ុប កាណាដានិងម៉ិកស៊ិក ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រនេះ។
ចំណាត់ការនេះកំពុងបណ្ដាលឲ្យមានការវាយបកជាបន្ទាន់ពីបណ្ដាប្រទេសអឺរ៉ុបដែលគេរំពឹងថា នឹងសំដៅការយកពន្ធលើផលិតផលសំខាន់ៗរបស់អាមេរិកដូចជាម៉ូតូធំៗ ស្លាកយីហោ Harley Davidson ហើយនិងខោខូវប៊យ Levi’s និងស្រាវីស្គី Kentuckyនិង Tennessee។
លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា «យើងរំពឹងនឹងបន្តចរចាទាំងជាមួយប្រទេសកាណាដានិងម៉ិកស៊ិក ហើយនិងជាមួយគណៈកម្មការអឺរ៉ុប ពីព្រោះមានបញ្ហាផ្សេងទៀតដែលយើងចាំបាច់ដោះស្រាយដែរ»។
លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបដែលបានប្រកាសថា មិនមានជម្រើសទេ ក៏ប៉ុន្តែនឹងបន្តយកបញ្ហានេះទៅដោះស្រាយនៅអង្គការពាណិជ្ជកម្មពិភពលោក និងនៅលើការយកពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក។
លោក Jean-Claude Juncker បានឆ្លើយតបវិញថា«នេះជាថ្ងៃអាក្រក់មួយសម្រាប់ពាណិជ្ជកម្មពិភពលោក»។ លោក Juncker បាននិយាយបន្ថែមទៀតថា «យើងនឹងការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប ដោយអនុវត្តយ៉ាងពេញទំហឹងទៅតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ការយកពន្ធ គយជាការចាំបាច់សម្រាប់សន្តិសុខជាតិ។ លោកបានអះអាងថា កិច្ចព្រមព្រៀងនៅពេលបច្ចុប្បន្នបានធ្វើឲ្យប៉ះពាល់ក្រុមហ៊ុនសហរដ្ឋអាមេរិកនិងបាត់បង់ការងារអាមេរិក៕