អាមេរិក​ដាក់​ទណ្ឌកម្ម​​អ៊ីរ៉ង់​និង​ក្រុមពាក់ព័ន្ធ​នឹង​ពួក Houthi

  • ​Reuters

រូបឯកសារ៖ ចំហេះនៅរោងចក្រផលិតប្រេងត្រូវបានគេឃើញនៅជាប់នឹងទង់ជាតិអ៊ីរ៉ង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០០៥។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើនាវាចំនួនបីដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ​អ៊ីរ៉ង់​និង​អង្គភាព​ពាក់​ព័ន្ធ​នឹង​ពួក Houthi។ នេះ​បើយោង​តាម​គេហទំព័រ​ក្រសួង​ហិរញ្ញវត្ថុ​ដែល​បាន​រាយ​ឈ្មោះ​បុគ្គល ក្រុមហ៊ុន​និង​នាវា​នានា​ដែល​ត្រូវបាន​ចាត់​ជា​ទីដៅ។

ការ​ដាក់​ទណ្ឌកម្ម​នេះ​សំដៅ​លើ​នាវា​៣គ្រឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ប្រេង​អ៊ីរ៉ង់​និង​ប្រេង​គីមី ដែល​រកប្រាក់​បាន​រាប់ពាន់​លាន​ដុល្លារ​ដល់​ក្រុម​មេដឹកនាំ​អ៊ីរ៉ង់ គាំទ្រ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ការផលិត​មីស៊ីល​ផ្លោង​និង​ផ្តល់​ថវិការ​ដល់​ក្រុម​ឧទ្ទាម​នានា​ដូចជាក្រុម Hezbollah ក្រុម Hamas និង​ ក្រុម Houthi។ នេះបើយោងតាម​ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក។

លោក Bradley Smith អនុរដ្ឋមន្ត្រីស្តីទី​សម្រាប់​ការិយាល័យ​ភេរវកម្ម​និងចារកម្ម​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា«សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ចាត់​វិធានការ​លើ​ប្រភព​ចំណូល​សំខាន់ៗរបស់​អ៊ីរ៉ង់​ដែល​ផ្តល់​ថវិការ​លើ​សកម្មភាព​បង្ក​អស្ថិរភាព​នានា»។ លោកSmith បានថ្លែងថា អ៊ីរ៉ង់​ពឹងផ្អែក​លើ«បណ្តាញ​ប្រភព​ងងឹត»​នៃ​នាវា​ ក្រុមហ៊ុន និង​អ្នកសម្របសម្រួល​នានា​លើ​សកម្មភាព​ទាំង​នោះ៕