ទីភ្នាក់ងារ​អន្តោប្រវេសន៍​អាមេរិក​បញ្ជូន​អ្នក​រស់នៅ​ខុសច្បាប់​ចេញ​ពី​អាមេរិក​ច្រើន​បំផុត​តាំងពី​ឆ្នាំ ២០១៤ មក

ជន​ចំណាក​ស្រុក​ជាប់​ខ្នោះ​ដៃ​ឡើង​លើ​យន្តហោះ​​ទៅ​ប្រទេស​អេក្វាឌ័រ ក្នុង​ក្របខណ្ឌ​នៃ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​ប៉ាណាម៉ា និង​សហរដ្ឋ​អាមេរិក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Albrook ក្នុង​ទីក្រុង​ប៉ាណាម៉ា ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៤។

ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​និង​គយ (ICE) របស់​អាមេរិក​បាន​ចាប់​បញ្ចូន​ចេញ​នូវ​មនុស្ស​ជាង ២៧០.០០០ នាក់​ទៅ​ប្រទេស​ចំនួន ១៩២ ក្នុង​រយៈពេល ១២ ខែ​ចុងក្រោយ​នេះ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​យោងលើ​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ របាយការណ៍​នោះ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ខាង​ផ្នែក​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​ដែល​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump នឹង​ជួប​ប្រទះ​ពេល​លោក​អនុវត្ត​ការ​បណ្តេញ​មនុស្ស​ទ្រង់ទ្រាយ​ធំ​ចេញពី​អាមេរិក​តាម​ការ​សន្យា​របស់​លោក​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។

ទីភ្នាក់ងារ ICE ដែល​ទទួល​ខុសត្រូវ​លើ​ការ​បញ្ជូន​អ្នក​រស់នៅ​ខុសច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស បាន​បញ្ជូន​មនុស្ស ២៧១.៤៨៤ នាក់​ចេញ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២៤ គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​កញ្ញា។ ចំនួន​នេះ​ស្មើ​នឹង​ជិត​ពីរ​ដង​នៃ​ចំនួន ១៤២.៥៨០ នាក់​ក្នុង​រយៈពេល​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ ២០២៣។

នោះ​ជា​ការ​បញ្ជូន​ចេញ​ដ៏​ច្រើន​ជាងគេ​បង្អស់​របស់​ទីភ្នាក់ងារ ICE តាំងពី​ឆ្នាំ ២០១៤ មក ដែល​នៅ​ពេល​នោះ​ទីភ្នាក់ងារ​នេះ​បាន​បញ្ជូន​ចេញ​នូវ​មនុស្ស​ចំនួន ៣១៥.៩៤៣ នាក់។

ទីភ្នាក់ងារ ICE ថា ជើង​យន្តហោះ​កើនឡើង​សម្រាប់​ដឹក​ជន​ដែល​ត្រូវ​បញ្ជូន​ចេញ​និង​នីតិវិធី​ធ្វើ​ដំណើរ​ដែល​មាន​ការ​រៀបចំ​ស្រួលបួល​សម្រាប់​មនុស្ស​ដែល​ត្រូវ​បញ្ចូន​ទៅ​ប្រទេស​ក្វាតេម៉ាឡា ហុងឌូរ៉ាស និង​អែលសាល់វ៉ាឌ័រ នាំ​ឲ្យ​ចំនួន​នៃ​ជន​ដែល​ត្រូវ​បញ្ជូន​ចេញ​នេះ​កើនឡើង​ជាងមុន។

ទីភ្នាក់ងារ​នេះ​ក៏​មាន​ជើង​យន្តហោះ​ដឹក​មនុស្ស​ដ៏​ច្រើន​ជា​លើកដំបូង​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ពេល ៦ ឆ្នាំ​កន្លង​មក និង​មាន​ជើង​យន្តហោះ​ដឹក​មនុស្ស​ទៅកាន់​ប្រទេស​អាល់បានី អង់ហ្គោឡា អេហ្ស៊ីប ហ្សកហ្ស៊ី ហ្គាណា ហ្គីណេ ឥណ្ឌា ម៉ូរីតានី រូម៉ានី សេណេហ្គាល់ តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន​ផងដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់ងារ ICE ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៤៦.៦១២ នាក់​ពី​បទ​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​ប្រទេស​ម៉ិកស៊ិក​ក្នុង​ខែ​វិច្ឆិកា។ ចំនួន​នេះ​ធ្លាក់ចុះ ១៨% ពី​ចំនួន ៥៦.៥២៦ នាក់​កាលពី​មួយ​ខែ​មុន ហើយ​ធ្លាក់ចុះ​ជាង ៨០% ពី​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គឺ ២៥០.០០០ នាក់​ក្នុង​ខែ​ធ្នូ​ឆ្នាំ ២០២៣។

ការ​ចាប់ខ្លួន​នេះ​បាន​ធ្លាក់ចុះ​ពាក់កណ្តាល​ពេល​អាជ្ញាធរ​ម៉ិកស៊ិក​បង្កើន​ការ​អនុវត្ត​ច្បាប់​ក្នុង​ព្រំដែន​របស់​ខ្លួន​កាលពី​មួយ​ឆ្នាំ​មុន និង​បាន​ធ្លាក់ចុះ​ពាក់​កណ្ដាល​ម្តងទៀត​នៅពេល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដាក់ឲ្យ​អនុវត្ត​នូវ​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​ការ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ខែ​មិថុនា​កន្លង​ទៅ៕