ពួក​មន្រ្តី​សុខាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​សក្ខីកម្ម​អំពី​ការ​ឆ្លើយតប​មេរោគ​កូរ៉ូណា​របស់​សេតវិមាន

សមាជិក​ព្រឹទ្ធសភា​ស្តាប់​លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​នៅ​ក្នុង​គណៈកម្មាធិការ​ព្រឹទ្ធសភា​តាម​រយៈ​វីដេអូ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ពួក​មន្រ្តី​សុខាភិបាល​កំពូល​របស់​សហរដ្ឋអាមេរិក​មាន​គម្រោង​ផ្តល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មការ​សភា​នៅ​ថ្ងៃអង្គារ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​ការ​កើន​ឡើង​នូវ​ករណី​មេរោគ​កូរ៉ូណា​ថ្មី និង​ការ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។

ក្នុង​ចំណោម​អ្នក​ដែល​មាន​គម្រោង​ថ្លែង​ទៅ​កាន់​សមាជិក​សភា​នៅ​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម​អំពី​ការ​ឆ្លើយតប​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​ដល់​វិបត្តិ​នោះ​មាន​លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត Robert Redfield នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺ និង​លោក​វេជ្ជបណ្ឌិត Stephen Hahn ប្រធាន​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ និង​លោក​វេជ្ជបណ្ឌិត Robert Giroir ប្រធាន​សេវាកម្ម​សុខភាព​សាធារណៈ។

លោក​វេជ្ជបណ្ឌិត Fauci ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ជំនាញ​សុខាភិបាល​ដែល​និយាយ​ថា ពលរដ្ឋ​មិន​គួរ​ផ្តោត​លើ​ការ​ផ្ទុះ​ឡើង​នូវ​រលក​ទី២​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទេ ពីព្រោះ​តែ​សហរដ្ឋអាមេរិក​មិន​ទាន់​ចេញ​ផុត​ពី​រលក​ទីមួយ​នៃ​ការ​ផ្ទុះ​ឡើង​មេរោគ​កូរ៉ូណា​ទេ។

រដ្ឋ​ជាច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​វីរុស។

លោក Greg Abbott អភិបាល​រដ្ឋ​តិចសាស​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ការ​ដាក់​ការ​រឹតត្បិត​ឡើង​វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់​ខណៈ​ដែល​លោក​និយាយ​ថា វីរុស​នោះ «បាន​រាលដាល​ក្នុង​អត្រា​មួយ​ដែល​មិន​អាច​ទទួល​យក​បាន» ហើយ​បាន​បដិសេធ​ពុំ​ព្រម​ដាក់​បទបញ្ជា​ដែល​តម្រូវ​ឱ្យ​ពាក់​ម៉ាស​ក្នុង​កន្លែង​សាធារណៈ។ រដ្ឋ​តិចសាស​មាន​ការ​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ​ជិត​រយៈពេល​២សប្តាហ៍​នៅពេល​ដែល​អត្រា​នៃ​ការ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​បាន​កើន​ឡើង។

រដ្ឋ Louisiana ជា​រដ្ឋ​នៅ​ក្បែរ​នោះ​មាន​ចំនួន​មនុស្ស​ស្លាប់​លើស​៣ពាន់​នាក់​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ហើយ​មាន​ករណី​ឆ្លង​កើន​ឡើង​ដែរ៕