បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ស្តី​ពី​ផែនការ​របស់​អ៊ីស្រាអែល​ក្នុង​ការ​វាយ​ប្រហារ​អ៊ីរ៉ង់

រូបឯកសារ៖ ស្លាកសញ្ញា FBI ​នៅលើអគារ J. Edgar Hoover ត្រូវបានគេឃើញនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ឯកសារ​តុលាការ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ធ្វើការ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​ដែលវាយ​តម្លៃ​ផែនការ​កាល​ពី​មុន​របស់​អ៊ីស្រាអែល​ក្នុង​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

បុរស​ម្នាក់​នោះ​ដែលមាន​ឈ្មោះ​ថា Asif William Rahman ត្រូវ​បាន ​FBI ចាប់​ខ្លួន​នៅ​សប្តាហ៍​នេះ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ជា​លើក​ដំបូង​របស់​លោក​នៅ​កោះ Guam។

លោក​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​សប្តាហ៍​មុន ​នៅ​ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ Virginia លើ​បទ​ចោទ​ប្រកាន់​ចំនួន​ពីរ ​អំពី​ការ​បញ្ជូន​ព័ត៌មាន​ការពារ​ជាតិ​ដោយ​ចេតនា ដែល​ជា​ការ​ចោទប្រកាន់បទឧក្រិដ្ឋ​ដែល​អាច​មាន​ទោស​ជាប់ពន្ធនាគារ​យ៉ាង​យូរ។

វា​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​លោក Rahman មាន​មេធាវី ឬ​ភ្នាក់ងារ​សហព័ន្ធ​ណា​មួយ​ដែល​ជួល​លោក​ឲ្យ​ធ្វើ​ការ​ ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយ​ថា លោក​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​សម្ងាត់​កំពូល។

ការ​ចោទ​ប្រកាន់​ទាំង​នេះ កើត​ចេញ​ពី​ឯកសារ​ដែល​សន្មត​ថា​ជា​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​ភូមិសាស្ត្រ​ជាតិ និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ដែល​បាន​លេច​ឡើង​កាល​ពី​ខែមុន នៅ​លើ​បណ្តាញ Telegram។ ឯកសារ​ទាំង​នោះ​បាន​កត់​សម្គាល់​ថា អ៊ីស្រាអែល​នៅ​តែ​កំពុង​ពង្រាយធនធាន​យោធា ដើម្បី​ត្រៀម​ធ្វើ​ការ​វាយ​ប្រហារ​ ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​មីស៊ីល​ផ្លោង​របស់​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​តុលា។

អ៊ីស្រាអែល​បាន​វាយ​ប្រហារ​សង​សឹក​លើ​ទីតាំង​ជាច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ កាល​ពី​ចុង​ខែ​តុលា។

ឯកសារ​ទាំងនោះ​អាច​ចែក​រំលែក​បាន​សម្រាប់​ក្រុម​ប្រទេស ៥​ ដែល​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ និងអូស្ត្រាលី៕