អ្នក​រាយការណ៍​អំពី​កំហុស​ឆ្គង​ក្នុង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​អាមេរិក ត្រូវ​បាន​សន្មត​ថា​មិន​បាន​ធ្វើ​ខុស

រូបឯកសារ៖ ស្លាកសញ្ញា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល (USAGM) ក្នុង​ទីស្នាក់ការ​សំឡេង​សហរដ្ឋអាមេរិក VOA រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមអ្នកឃ្លាំមើល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ បាន​សម្រេច​ថាមន្ត្រី​ជាន់​ខ្ពស់​៦​រូប​នៅ​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់​រដ្ឋាភិបាល មិនបាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​អ្វីទេ នៅ​ពេល​ដែល​ពួកគេ​បាន​ប្រឆាំងតវ៉ា​កាល​ពី​ឆ្នាំ​មុនថា​ប្រធាន​ទីភ្នាក់ងារ​នេះ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ប៉ុនប៉ង​ធ្វើ​នយោបាយ​ក្នុង​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន។

អគ្គ​អធិការ​កិច្ច​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មី​នេះ បាន​សន្មតថា​មន្ត្រី​ក្នុង​រដ្ឋបាល​លោក​ Trump រួម​ទាំង​លោក Michael Pack ​ផង បាន​សងសឹក​ដោយ​ខុស​ច្បាប់​ ទៅលើ​មន្ត្រី​ជាន់ខ្ពស់​ទាំង​៦​នាក់​នោះ ដែល​៥​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​តែងតាំង​ឲ្យកាន់​ដំណែង​ឡើងវិញ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden។ ចំណែក​មន្ត្រី​ទី​៦​ បាន​ចូល​និវត្តន៍។

លោក Pack នៅពេលនោះ​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល (U.S. Agency for Global Media ឬUSAGM)ដែល​គ្រប់គ្រង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ចំនួន​៥​គឺ​ សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ វិទ្យុ​អឺរ៉ុប​សេរី ​និង​វិទ្យុ​សេរីភាព ​(Radio Free Europe/Radio Liberty) វិទ្យុ​អាស៊ីសេរី​(RFA) បណ្តាញ​ផ្សាយ​ព័ត៌មាន​មជ្ឈិមបូព៌ា (Middle East Broadcasting Network) និង​ការិយាល័យ​ផ្សព្វផ្សាយ​គុយបា (Office of Cuba Broadcasting)។

អគ្គ​អធិការ​កិច្ច បាន​សម្រេច​ថា​មន្ត្រី​ទាំង​៦​រូប ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពី​កំហុស​ឆ្គង​របស់​ស្ថាប័ន នៅ​ពេល​ដែល​ពួកគេ​បាន​លើក​ឡើង​អំពី​ការព្រួយបារម្ភ​ចំពោះ​ទង្វើ​របស់​លោក Pack។ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០ លោក Pack បាន​ផ្អាកសិទ្ធិ​ទទួល​ព័ត៌មាន​សម្ងាត់​របស់​មន្ត្រី​ទាំង​៦​នាក់ ដែល​ជា​លក្ខណ្ឌ​ចាំបាច់​សម្រាប់​ការងារ​របស់​ពួកគេ ហើយ​បាន​ដាក់​មន្ត្រី​ទាំង​នេះ​ឲ្យ​ឈប់​សម្រាក​នៅពេល​ដែល​ពួកគេ​ត្រូវ​ស៊ើបអង្គេត។ លោក Packថ្លែងថា​ទង្វើ​របស់​លោក មាន​គោល​បំណង​ស្តារ«ការ​គោរព​នីតិរដ្ឋ​ក្នុង​ការ​ងារ​របស់​យើង»។

រូបឯកសារ៖ លោក Michael Pack អតីតនាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល USAGM។​ (Courtesy Photo of FOX TV)

មេធាវី​ពីរ​នាក់គឺ​លោក ​Robert Litt និង​លោក Mark Zaid ​ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​ទាំង​៥​នាក់ បាន​ថ្លែងថា​អគ្គអធិការកិច្ច​បាន​កំណត់​ថា​ទង្វើ​របស់​លោក Pack​ «គ្មាន​មូលដ្ឋាន​ស្រប​ច្បាប់​នោះ​ទេ»។

មេធាវី​ទាំង​ពីរ​នាក់​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​រកឃើញ​ជាផ្លូវ​ការ​នេះ គឺ​ជា​ការ​បង្ហាញ​ថា​មន្ត្រី​ទាំង​៦​នាក់​នោះ គ្មាន​ទោស​ពៃ​អ្វី​ទាំងអស់ ហើយ​ការណ៍​នេះ លាង​ជម្រះ​កំណត់​ត្រា​របស់​ពួកគេ​ទាំង​ស្រុង»។

អាណត្តិ​រយៈពេល​៦​ខែ​ដែល​ពោរពេញ​ដោយ​រឿង​ចម្រូងចម្រាស​របស់​លោក Pack ក្នុង​នាម​ជា​ប្រធានUSAGM បាន​ចប់​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា ​ឆ្នាំ​២០២១ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Joe Bidenបាន​តម្រូវ ​និង​ទទួល​យក​ការ​លាលែង​ចេញ​ពី​តំណែង​របស់​លោក ​Pack តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក Biden ​បាន​ស្បថ​ចូល​កាន់​តំណែង។

អ្នកស្រី Kelu Chao ប្រធាន​ស្តីទី​នៃ​ទីភា្នក់ងារ ​USAGM ​ដែល​ត្រូវ​តែងតាំង​ដោយ​លោក ​Biden បានតែងតាំង​មន្ត្រី​ទាំង​៥​នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង​៦​នាក់​នោះ​ឲ្យ​ចូលកាន់​តំណែង​វិញ​យ៉ាង​ឆាប់​រហ័ស។

មន្ត្រី​ទាំង​៥​នាក់​នោះ​រួម​មាន លោកGrant Turner​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ លោក Shawn Powers ​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ លោកមេធាវី David Kligerman លោក ​Matt Walsh នាយក​រង​ផ្នែក​ប្រតិបត្តិការ និង​អ្នក​ស្រី Oanh Tran នាយិកា​ប្រតិបត្តិ។ ចំណែក មន្ត្រី​ទី​៦​គឺ​អ្នកស្រី Marie Lennon បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍។

រូបឯកសារ៖ បុរស​ម្នាក់​ដើរកាត់​អគារ​ទីស្នាក់ការ​របស់​សំឡេងសហរដ្ឋ​អាមេរិក VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

លោក David Seide មេធាវី​ម្នាក់​ប្រចាំ​គម្រោង​ឃ្លាំមើល​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​(Government Accountability Project) ដែល​ជា​អង្គការ​ការ​ពារ​អ្នករាយការណ៍​អំពី​អំពើ​ខុសឆ្គង​របស់​រដ្ឋាភិបាល​ និង​ជា​អ្នក​តំណាង​ឲ្យ​លោក Turner ក្នុង​បណ្តឹង​ប្រឆាំង​លោក Pack បាន​និយាយ​ថា​លោក Packនិង​សម្ព័ន្ធមិត្ត​របស់​លោក​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ Trump បាន​«បំពាន​ច្បាប់ រំលោភ​អំណាច​និង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ​និង​សុវត្ថិភាព​សាធារណៈ ព្រម​ទាំង​គ្រប់​គ្រង​ទីភ្នាក់ងារ​ USAGM ​មិន​បាន​ត្រឹមត្រូវ»។​

គម្រោង​ឃ្លាំមើល​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោក Pack ថា​លោក​មិន​បាន​អើ​ពើអំពី​គ្រោះថ្នាក់​ចំពោះ​អ្នក​កាសែត​បរទេស​ដែល​បម្រើ​ការងារ​ឲ្យ VOA ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ការ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ឯកសារ​បន្ត​ទិដ្ឋាការ​ប្រភេទ J-1​ ដល់​អ្នកកាសែត​ទាំង​នោះ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​សហរដ្ឋ​អាមេរិក​បាន ដូច​តាម​ទម្លាប់​ដែល​ត្រូវ​បាន​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ​ដោយ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ​មុនៗ​កន្លង​មក។

ក្រុម​ឃ្លាំ​មើល​នេះ​និយាយ​ថា​អ្នក​កាសែត ​VOA ​ម្នាក់​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​កាត់ទោស ហើយ​អ្នក​កាសែត​នោះ​បាន​រង​ការ​គំរាមកំហែង​ដល់​ជីវិត។ ក្រុម​ឃ្លាំ​មើល​នេះ​បន្ត​ថា​ក្រសួង​ការបរទេស​អាមេរិក​ បាន​យល់​ព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​កាសែត​នោះ ប៉ុន្តែ​លោក Pack បាន​បដិសេធ​ មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ​ទេ ហើយ​បាន​ចោទសួរ​អ្នក​រិះគន់​ទង្វើ​របស់​លោក​ថា​«ហេតុអ្វី​បាន​ជា​អ្នកដែល​មិន​មែន​ជា​ពលរដ្ឋ​អាមេរិកាំង ត្រូវ​បាន​នាំ​មក​សហរដ្ឋ​អាមេរិក ដើម្បី​រាយការណ៍​អំពី​«គំនិត​និង​ស្ថាប័ន​សំខាន់ៗ​របស់​អាមេរិក» ត្រឡប់​ទៅ​កាន់​តំបន់​ផ្សេងៗ​លើ​ពិភព​លោក​ទៅវិញ?»

VOAផ្តល់​ការងារ​ដល់​អ្នក​កាសែត​បរទេស​រាប់​សិប​នាក់ ដោយ​អ្នក​កាសែត​ជាច្រើន ត្រូវ​បាន​ជ្រើសរើស​ដោយសារ​តែ​ឯកទេស​និង​ចំណេះ​ដឹង​របស់​ពួកគេ​អំពី​ប្រទេស​កំណើត​របស់​ពួកគេ​និង​ប្រធានបទ​សារព័ត៌មាន​នានា​ដែល​អ្នក​អាន​ អ្នក​ស្តាប់​និង​អ្នក​ទស្សនា​នៅ​ក្រៅ​ប្រទេស ចង់​ដឹង​ជាង​គេ។

លោក Pack ដែល​ជា​អ្នក​ផលិត​ភាពយន្ត​អភិរក្ស​និយម​ម្នាក់ ត្រូវ​បាន​តែង​តាំង​ដោយ​លោក Trump ឲ្យ​ដឹកនាំ​ទីភ្នាក់ងារ USAGM កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨។ ​ដោយ​មាន​ការ​ជំទាស់​ពី​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យនិង​តំណាង​រាស្ត្រ​គណបក្ស​សាធារណ​រដ្ឋ​ខ្លះ​ផង ការ​តែងតាំង​រូប​លោក ​បាន​ជាប់​គាំង​ក្នុង​ព្រឹទ្ធសភា​អស់​រយៈពេល​២​ឆ្នាំ។ ប៉ុន្តែ លោក​ត្រូវ​បាន​ព្រឹទ្ធសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២០​ហើយ​ក៏​បាន​ឡើង​កាន់តំណែងថ្នាក់ដឹកនាំ​ទីភ្នាក់ងារ USAGM មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​នោះ​មក៕

ប្រែសម្រួល​ដោយ​លោក សាយ មុន្នី