សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបាន​រំលាយ​​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (VOA)

មួយ​សប្តាហ៍​ក្រោយ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧ ​ស.រ.អា​ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ ឲ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​លើ​​លោក​ កឹម សុខា​ និង​ដោះលែង​រូប​លោក​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

សហរដ្ឋ​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អះអាង​ថា​បទ​ចោទ​នោះ​គឺជា​បទ​ចោទ«គ្មាន​មូលដ្ឋាន»។

ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ​ក្រោយ​ពី​ខួប​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក ​កឹម សុខា។

លោក​ស្រី​ Morgan Ortagus ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក។

លោក​ស្រី​ Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​លើក​ឡើង​ក្នុង​ខ្សែអាត់​វីដេអូមួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ចាប់ខ្លួន​ និង​បទចោទប្រកាន់«​ដែល​គ្មាន​មូលដ្ឋាន»នេះ​ហើយ​ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ឧបករណ៍រំលាយគណបក្ស​ប្រឆាំង​ និងដកហូត​ដំណែង​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ចំនួន​ជាង​៥០០០នាក់​នៅ​ទូទាំង​ប្រទេស។ សកម្ម​ភាព​ទាំង​នេះ​ គឺជា«ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ»។

លោក​ស្រី​ Morgan Ortagus លើក​ឡើង​ថាលោក​ កឹម សុខា​ ​ត្រូវ​ឃុំ​ខ្លួន​ដោយ​មិន​មាន​ការ​កាត់​ទោស ហើយ​សហរដ្ឋ​អាមេរិកសុំ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោលរាល់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។

«សហរដ្ឋ​អាមេរិក​សូម​អំពាវនាវ​ម្ដង​ទៀត​ ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ ទៅលើ​លោក​កឹម​ សុខា​ ​ប្រគល់​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ​ និង​សិទ្ធិពលរដ្ឋ​ជូន​គាត់​ និង​ដោះលែង​នូវ​អ្នក​ទាំងឡាយ​ណា​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត»។

​អ្ន​ក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ដដែលបាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យក «​ជំហាន​ជាក់​ស្ដែង​ ដើម្បី​ជំរុញ​ការ​ផ្សះ​ផ្សា​ឡើងវិញ​ ដោយ​អនុញ្ញាតឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ ដំណើរ​ការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ការ​គំរាម​កំហែង​ ឬ​ការ​សង​សឹក​ ដោយសារ​ការ​អនុវត្តន៍​សិទ្ធិ​របស់គេ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​នៅ​ក្រោម​ច្បាប់​»។​

​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួននៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ពោល​គឺ​ពីរ​ខែ​មុន​នឹងគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បទ​ចោទ​នេះ​អាច​ឲ្យ​លោក​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​កំហុស។

​លោក​ កឹម សុខា ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មុន​នឹង​ត្រូវ​ប្តូរ​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំមើល។

លោក​ស្រី​ Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសអាមេរិក​បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​បាន​ដើម្បី​គាំទ្រ​បទ​ចោទប្រឆាំង​លោក​កឹម​សុខា នោះ​ទេ។​

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ចាត់​ទុក​ថា​សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ជា​សារ​នយោបាយ​ច្រំដែល​ ហើយ​ថា​ អាមេរិក​ក៏​កំពុង​ជាន់​ឈ្លី​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ រួមមាន​ច្បាប់​ការ​ទូត​ផង​ដែរ។

«សេចក្ដីថ្លែងការណ៍ ការ​លើក​ឡើង​របស់​គាត់​ ដូច​អត់​មាន​អី​ថ្មី​ទេ​ វា​ជា​រឿង​ដដែល​ដែល​ទូត​ អាមេរិក​តែង​តែ​ធ្វើ​ ហើយ​ជា​អំពើមួយ​ដែល​ខុស​ទៅ​នឹង​គោល​ការណ៍​ច្បាប់ការទូត​ និង​ទំនាក់​ទំនង​អន្តរជាតិ​ ដែល​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ និង​រដ្ឋ​អធិបតេយ្យ»។

រូបឯកសារ៖ អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តីលោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃសំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)

ទោះ​យ៉ាង​ណា​ អ្នកស្រី ​ម៉េង​ សុភារី​ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ យល់​ថា​ សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ គឺ​ស្រប​គ្នា​នឹង​ការ​ទាម​ទារ​របស់​ក្រុម​មេធាវី​ឲ្យ​មាន​ការ​ទម្លាក់​ចោលបទ​ចោទ​ប្រឆាំង​លោក​ កឹម សុខា​ដែរ។​មូល​ហេតុ​គឺ​ដោយ​សារ​បទ​ចោទ​ប្រឆាំង​អតីត​មេ​បក្ស​ប្រឆាំង​នេះ​«មិន​មាន​ធាតុ​ផ្សំ​ គ្រប់​គ្រាន់»។​

កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​ចាត់​ទុក​ថា​លោក ​កឹម សុខា«ជា​មនុស្ស​ស្អាត​ស្អំ» ។

​ហើយ​ភ្លាមៗ​នោះ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​តប​វិញ​ ដោយបាន​ហៅ​ការ​អធិប្បាយ​របស់​ស្ថានទូត​អាមេរិក​ថា​ ជា​ទង្វើ​មួយ​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ៕