រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ដំណើរការចរាចរណ៍តាមផ្លូវអាកាសមានធ្វើជាធម្មតាវិញនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាជាមួយប្រព័ន្ធកុំព្យូទ័រមួយរបស់ផងខ្លួន នាំឱ្យមានការពន្យារពេលជើងហោះហើរ៥.៤០០ និងដែលបាននាំឱ្យមានការលុបចោលជើងហោះហើរ៩០០ផ្សេងទៀត។
កាលពីព្រឹកថ្ងៃពុធ រដ្ឋបាល FAA បានបញ្ជាដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យផ្អាកការហោះចេញនៅក្នុងប្រទេសរយៈពេល បី បួនម៉ោង ដោយសារមានបញ្ហាជាមួយប្រព័ន្ធបញ្ជូនសញ្ញា Notice to Air Missions System របស់ខ្លួន តែនៅពេលនេះ FAA និយាយថា «ការបញ្ឈប់មិនឱ្យហោះឡើងត្រូវបានលុបចេញហើយ»។ ការហោះហើររបស់យន្តហោះយោធាមិនត្រូវបះពាល់ដោយសារបញ្ហានេះទេ។
សេតវិមានបាននិយាយថា គ្មានភ័ស្តុតាងអំពីការវាយប្រហារលើប្រព័ន្ធកុំព្យូទ័រទេ។ ប៉ុន្តែលោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា៖ «យើងមិនដឹង» អំពីបុព្វហេតុនៃបញ្ហាកុំព្យូទ័រនេះទេ។ លោកនិយាយប្រាប់ពួកអ្នកកាសែតថា លោកបានណែនាំក្រសួងដឹកជញ្ជូនឱ្យស៊ើបអង្កេតអំពីបុព្វហេតុនៃការបង្អាក់ចរាចរណ៍អាកាសនេះហើយ។
កាលពីថ្ងៃពុធ លោក Biden បានថ្លែងថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Pete Buttigieg បាននិយាយត្រួសៗប្រាប់លោកអំពីបញ្ហានេះ តែបានជម្រាបលោកថា ពួកគេនៅមិនទាន់ដឹងអំពីអ្វីដែលនាំឱ្យមានការបង្អាក់ចរាចរណ៍អាកាសនេះទេ។
ជើងហោះហើរពីទ្វីបអឺរ៉ុបមកកាន់សហរដ្ឋអាមេរិកហាក់ដូចជាមិនទទួលផលប៉ះពាល់ច្រើនដោយសារបញ្ហានេះទេ៕