ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​អត្រាការ​ប្រាក់​ ០,៥% ​​ជា​សញ្ញា​បញ្ចប់​ការ​ប្រយុទ្ធ​នឹង​អតិផរណា

អេក្រង់នៅផ្សារហ៊ុនញូវយ៉ក (NYSE) បង្ហាញសន្និសីទសារព័ត៌មានជាមួយប្រធានធនាគារ​កណ្តាល​​អាមេរិក បន្ទាប់ពីការប្រកាសអត្រាការប្រាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​របស់​ខ្លួន​ យ៉ាង​ធំ​ខុស​ពី​ធម្មតាគឺ០,៥%។ ការសម្រេច​នេះ​ ជា​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រយៈ ពេល​ជាង​ពីរឆ្នាំ​នៃ​អត្រា​ខ្ពស់ៗ ដែលបាន​ជួយ​ទប់ទល់​អតិផរណា ហើយ​ក៏​ធ្វើ​ឱ្យ​ការខ្ចី​ប្រាក់​មាន​តម្លៃ​ថ្លៃ​យ៉ាង​ខ្លាំង​សម្រាប់​ជនជាតិ​អាមេរិកាំង។

ការកាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដែល​ជាលើក​ទី​មួយ​របស់ធនាគារ​កណ្តាល​របស់​សហ រដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជាង៤ឆ្នាំ ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្តោតអារម្មណ៍​ថ្មី​របស់​ខ្លួន​លើ​ការ​ជំរុញ​ទីផ្សារ​ការងារ។

មក​ដល់​ប៉ុន្មាន​សប្តាហ៍​មុន​ការបោះឆ្នោត​ប្រធានាធិបតី ការ​ផ្លាស់​ប្តូរ​របស់​ធនាគារ​កណ្តាលអាមេរិក ក៏​មាន​សក្តានុពល​ក្នុង​ការ​វាយ​លុក​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច ខណៈដែលពលរដ្ឋ​អាមេរិកាំង​ត្រៀមខ្លួន​ចូល​បោះឆ្នោត។

ក្រុម​អ្នក​តាក់តែង​គោល​នយោបាយ​នៃធនាគារ​កណ្តាលបាន​ផ្តល់​សញ្ញាថា ពួកគេ​រំពឹង​ថានឹង​បន្ត​កាត់​បន្ថយ​អត្រាការប្រាក់ ០,៥% ទៀត នៅ​ក្នុង​កិច្ចប្រជុំ​ពី​ចុងក្រោយ​របស់​ពួកគេ​នៅឆ្នាំនេះ ក្នុងខែវិច្ឆិកា និងខែធ្នូ។ ហើយ​ពួកគេ​ក៏​រំពឹង​ថា​នឹងកាត់​បន្ថយ​អត្រា​ការប្រាក់​បួន​ដង​បន្ថែម​ទៀត​នៅ​ឆ្នាំ២០២៥ និង​ពីរដង​ទៀតនៅឆ្នាំ២០២៦៕