ក្រុមវិស័យកសិកម្មអាមេរិកចង់ឱ្យប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump លើកលែងដល់វិស័យរបស់ខ្លួនឱ្យរួចផុតពីការសន្យារបស់លោកក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំចេញពីសហរដ្ឋអាមេរិក ដែលការបណ្ដេញចេញនេះអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហាររបស់អាមេរិកដែលពឹងផ្អែកខ្លាំងលើជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ។
កន្លងមក មន្ត្រីរបស់លោក Trump មិនបានតាំងចិត្តថានឹងធ្វើការលើកលែងណាមួយទេ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយក្រុមតំណាងកម្មករនិងកសិដ្ឋាន និងលោក Tom Homan ដែលជា «ប្រធានផ្នែកព្រំដែន» របស់លោក Trump កាលពីពេលថ្មីៗនេះ។
លោក Dave Puglia ដែលជាប្រធាននិងជានាយកប្រតិបត្តិសមាគម Western Growers ដែលតំណាងឱ្យកសិករដាំបន្លែផ្លែឈើ បាននិយាយថា ក្រុមនេះបារម្ភអំពីផលប៉ះពាល់ចំពោះវិស័យកសិកម្ម បើផែនការបណ្តេញចេញរបស់លោក Trump ដៅលើកម្មករក្នុងវិស័យនេះ។
ជិតពាក់កណ្តាលនៃកម្មករក្នុងវិស័យដាំដុះប្រមាណ ២ លាននាក់នៅក្នុងសហរដ្ឋអាមេរិកខ្វះភាពស្របច្បាប់។ នេះបើយោងតាមក្រសួងការងារនិងក្រសួងកសិកម្មអាមេរិក។ កម្មករខាងវេចខ្ចប់សាច់និងទឹកដោះគោជាច្រើនទៀតក៏រស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិកដែរ។
លោក Trump បានសន្យាបណ្តេញជនអន្តោប្រវេសន៍រាប់លាននាក់ដែលរស់នៅខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដើម្បីបានកាន់តំណែងនៅសេតវិមានម្តងទៀត។ ការបណ្តេញចេញនេះគឺជាបញ្ហាប្រឈមដែលក្រុមអ្នករិះគន់ថាអាចធ្វើឱ្យគ្រួសារនានាព្រាត់ប្រាសគ្នានិងធ្វើឱ្យរអាក់រអួលដល់អាជីវកម្មអាមេរិក។
លោក Homan ធ្លាប់បាននិយាយថាការអនុវត្តច្បាប់អន្តោប្រវេសន៍នឹងផ្តោតលើឧក្រិដ្ឋជននិងអ្នកដែលស្ថិតក្នុងបញ្ជីដែលត្រូវបណ្តេញចេញ តែលោកថានឹងគ្មានការលើកលែងដល់ជនអន្តោប្រវេសន៍ណាដែលរស់នៅខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកនោះឡើយ។
លោកបានថ្លែងក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ Fox News កាលពីថ្ងៃទី ១១ ខែវិច្ឆិកាថា ការអនុវត្តច្បាប់លើអាជីវកម្មនឹង «ត្រូវតែធ្វើ» តែលោកមិនបាននិយាយថាតើវិស័យកសិកម្មនឹងក្លាយជាគោលដៅនៃការអនុវត្តនេះឬក៏អត់នោះទេ៕