ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានកម្ពុជាលោកម៉ិច ដារ៉ា និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិចម្រុះនិងជំរុញសារព័ត៌មានសេរី។
ករណីចាប់ខ្លួនអ្នកសារព័ត៌មានដ៏ឆ្នើមរបស់កម្ពុជារូបនេះត្រូវបានអ្នកសារព័ត៌មាននៅសហរដ្ឋអាមេរិកចោទសួរជាថ្មីកាលពីថ្ងៃអង្គារអំពីអន្តរាគមន៍របស់អាមេរិកខណៈពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មានកំណត់នឹងទៅចូលរួមប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅទីក្រុងវៀងចន្ទ ប្រទេសឡាវនាចុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានថ្លែងថាលោករដ្ឋមន្ត្រីនៅមិនមានផែនការជួបជាមួយនឹងថ្នាក់ដឹកនាំឬមន្ត្រីកម្ពុជាក្នុងអំឡុងពេលចូលរួមប្រជុំនេះទេ។
លោកបានបញ្ជាក់ថា៖«ខ្ញុំមិនមានអ្វីបញ្ជាក់អំពីការជួបប្រជុំគ្នាណាមួយមកបញ្ជាក់បានឡើយនៅថ្ងៃនេះ»។
ប៉ុន្តែលោក Miller បានបញ្ជាក់អំពីសារៈសំខាន់ក្នុងការអនុញ្ញាតឲ្យអ្នកសារព័ត៌មានបំពេញការងាររបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនអ្នកកាសែតលោកម៉ិច ដារ៉ា ដែលអន្តរជាតិគោរព។ យើងបានលើកឡើងរឿងនេះដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជារួចហើយ ហើយបានលើកទឹកចិត្តពួកគេឱ្យទទួលយកការបញ្ចេញមតិ និងមតិចម្រុះ និងជំរុញឱ្យមានសារព័ត៌មានសេរី និងឯករាជ្យ។ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ពីកង្វល់របស់យើងជុំវិញការចាប់ខ្លួននេះ»។
លោក ម៉ិច ដារ៉ា ត្រូវគេស្គាល់ថា ជាអ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ និងបានឈ្នះពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីប្រធានបទដ៏រសើបទាំងនោះ។
លោកត្រូវបានកងកម្លាំងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៤ ហើយការចាប់ខ្លួនលោក ម៉ិច ដារ៉ា កើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែងបដិសេធការបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អំពីការបំផ្លិចបំផ្លាញនៅភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ។ មន្ត្រីរដ្ឋបាលស្រុកបាភ្នំចោទថា សារបង្ហោះរបស់លោក ម៉ិច ដារ៉ា ជា «ព័ត៌មានបំផ្លើសការណ៍ពិត និងញុះញង់»។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលជាបន្តបន្ទាប់។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាមិនទាន់មានគម្រោងជួបគ្នារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជាមួយនឹងមន្ត្រីអាមេរិកនៅប្រទេសឡាវឡើយគិតត្រឹមថ្ងៃពុធនេះ។
ក្នុងពេលកន្លងមកលោកបានលើកឡើងថា ការចាត់វិធានការផ្លូវច្បាប់លើលោក ម៉ិច ដារ៉ា គឺជារឿងត្រឹមត្រូវដោយលោកចាត់ទុកការបង្ហោះព័ត៌មានដោយលោក ម៉ិច ដារ៉ា តាមបណ្តាញសង្គមថាមានគោលបំណង «ញុះញង់» ធ្វើឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល ហើយថា ក្រុមការងាររបស់លោកបានព្យាយាមលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនេះ។
ការចាប់ខ្លួនលោកម៉ិច ដារ៉ាធ្វើឡើងតែក្នុងរយៈពេលជាងពីរសប្តាហ៍ក្រោយពីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយការបង្កកទ្រព្យសម្បត្តិរបស់សេដ្ឋីរូបនេះ ក្រោយលោកត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្តើមចេញពីមុខជំនួញរបស់លោកដូចជាការជួញដូរមនុស្សនៅក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ និងសកម្មភាពឧក្រិដ្ឋផ្សេងទៀត ដូចជាការវិនិយោគបោកប្រាស់តាមរូបិយបណ្ណឌីជីថលគ្រីបតូ (cryptocurrency)។
លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាមួយរូបនិង ជាមនុស្សដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ការណ៍នេះនាំឲ្យមានការចោទសួរថាតើហេតុការណ៍ចាប់ខ្លួននេះមានជាប់ទាក់ទងគ្នាឬយ៉ាងណាប៉ុន្តែលោក Miller មិនបានធ្វើអត្ថាធិប្បាយទេដោយចាត់ទុកថាការសន្ទនារវាងសហរដ្ឋអាមេរិកនិងមន្ត្រីកម្ពុជាគឺជាការសន្ទនាការទូតមិនសាធារណៈទេ។
លោក Miller បានបញ្ជាក់បន្ថែមថាអ្នកសារព័ត៌មានគួរតែអាចប្រកបវិជ្ជាជីវៈរបស់ពួកគេដោយគ្មានការភ័យខ្លាចនិងការសងសឹកអ្វីឡើយ៕