អាមេរិក​រំពឹង​ថា​ កូរ៉េខាងត្បូង​និង​ជប៉ុន​នឹង​គ្រប់គ្រង​ទំនាក់​ទំនង​ជាមួយ​ចិន​ក្នុង​ជំនួប​ត្រី​ភាគី ខណៈ​ការ​ខ្វែង​គំនិត​គ្នា​កើន​ឡើង

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol ដើរ​អម​គ្នា​នៅក្នុង​ជំនួប​មួយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុងទីក្រុង Thurmont រដ្ឋ Maryland កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

នៅ​មុន​កិច្ចប្រជុំ​កំពូល​ត្រីភាគីក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​នាចុងសប្តាហ៍នេះ រវាងប្រទេស​កូរ៉េខាងត្បូង ជប៉ុននិងប្រទេស​ចិន​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននិយាយថា​ ខ្លួន​រំពឹង​ថាព្រឹត្តិការណ៍​នេះ​ ​គឺ​ជា​ឱកាស​មួយ​សម្រាប់​សម្ព័ន្ធមិត្ត​ទាំង​ពីរ​របស់​ខ្លួន​នៅ​ក្នុងការគ្រប់គ្រង​ទំនាក់ទំនងរបស់​គេ​ជា​មួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង។

ជំនួប​កំពូល​នេះ​កើត​មាន​ឡើងខណៈពេល​ដែល​ភាពតានតឹង​កំពុង​កើន​ឡើង​ខ្ពស់​ រវាង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​និងរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​ និង​ក្រោយ​ពីប្រទេស​ចិនបានយល់ព្រម​បង្កើត​ភាព​ជា​ដៃគូ​ក្នុង «​យុគសម័យ​ថ្មី​មួយ»​ ជា​មួយ​ប្រទេស​រុស្ស៊ី​ ​ដើម្បី​ស្ថាបនា​« សណ្តាប់ធ្នាប់​ពិភពលោក​ពហុប៉ូល​មួយ​» ក្នុង​អំឡុង​ពេល​នៃ​ជំនួប​កំពូល​នៃមេដឹកនាំប្រទេស​ទាំង​ពីរ​នេះ​កាល​ពី​សប្តាហ៍​មុន។

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីខាង​កើតទាំងបីនេះ​ត្រូវបានគេ​រំពឹង​ថា​ នឹងរៀបចំ​ជំនួប​កំពូល​ពី​ថ្ងៃ​ទី​ ២៦​ ដល់​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា​ខាង​មុខ​នេះ​ ប៉ុន្តែថ្ងៃ​ប្រជុំ​ជា​ផ្លូវការនៅ​មិន​ទាន់​ត្រូវ​បានប្រកាសនៅ​ឡើយ។ ​ នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Qiang ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូលរួម​ក្នុងនាម​ប្រធានាធិបតី​ចិន​លោក ​Xi Jinping ក្នុង​កិច្ចប្រជុំ​ជា​មួយប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក Yoon Suk Yeol និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida។

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបមួយ​ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ (Sergei BOBYLYOV / POOL / AFP)

នេះ​ជាកិច្ចប្រជុំកំពូល​ត្រីភាគីលើក​ទី​ ១ ​រវាង​ប្រទេស​ទាំង​បី ចាប់តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ ​២០១៩​មក។​ ​ លោក ​Liu Pengyu ​ អ្នក​នាំពាក្យស្ថានទូត​ចិនក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​ បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែឧសភា​ថា​ ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ រដ្ឋាភិបាល​ក្រុង​តូក្យូ​ និង​រដ្ឋាភិបាលក្រុង​សេអ៊ូល ​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការទទួល​ខុសត្រូវលើ​ស្ថិរភាពនិង​សន្តិសុខ​តំបន់។ ​

ដោយ​បញ្ជាក់​ឡើង​វិញ​នូវសម្តី​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi​ ដែល​បាន​និយាយនៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីការបរទេស​ទាំង​បី​ប្រទេស​ កាល​ពី​ខែ​វិច្ឆិកានាឆ្នាំ​ទៅ​ ​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​រូប​នេះនិយាយ​ថា​ ​ប្រទេស​ទាំង​បីនេះត្រូវចាំបាច់ «​ដោះស្រាយ​នូវ​ការ​ខ្វែង​គំនិត​គ្នា​និង​ជម្លោះ​ដោយ​សន្តិវិធី» ​និង​ត្រូវធ្វើ​សកម្មភាព​ជាអ្នក​នាំមុខ​គេក្នុង​កិច្ចសហ​ប្រតិបត្តិការ​អាស៊ីខាង​កើត»។ ​ ​

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ រដ្ឋាភិបាល​ក្រុង​តូក្យូ​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ មាន​គម្រោង​នឹង​ពិភាក្សា​លើវិស័យពាណិជ្ជកម្ម វិនិយោគទុន​ សន្តិភាព សន្តិសុខ​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ ​ព្រម​ទាំងផ្សព្វផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដែល​នឹង​រួម​បញ្ជូល​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ និងបញ្ហា​ជំងឺឆ្លង​ជា​ដើម។ ​នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​កាសែត​ Japan Times ដែល​ដកស្រង់​ប្រភព​រដ្ឋាភិបាល​ជប៉ុន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ៕