ការ​លូតលាស់​សេដ្ឋកិច្ច​យឺត​​នៅ​សរអ​និង​អឺរ៉ុប​អាច​ទាញ​ដើម​ទុន​​ច្រើន​ឡើង​ទៅ​ទ្វីប​អាស៊ី​

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ Haruhiko​ Kuroda។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank)​ ឲ្យ​ដឹង​ថា​ ភស្តុតាង​នៃ​ការ​លូតលាស់​យឺត​ជាង​មុន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ នឹង​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​ឡើង​ឲ្យ​បែរ​ទៅ​រក​ប្រទេស​អាស៊ី​ ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ជាង​(នៅ​កន្លែង​ទាំង​ពីរ)។ នៅពេល​ដែល​ក្រុម​អ្នក​វិភាគ​នៅ​មាន​សុទិដ្ឋិនិយមអំពី​អនាគត​នៃ​សេដ្ឋកិច្ច​របស់​ទ្វីប​អាស៊ី​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​ក៏​ដោយ​ ក៏ប្រាក់​ដុល្លារ​ដែល​ចុះថោក​ និង​សេដ្ឋកិច្ច​រួមរួញ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ឲ្យ​អន់​ថយ​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​អាស៊ី​ ដែល​ជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​ការ​លូតលាស់។

ទោះ​បី​ជាផ្សារ​ហ៊ុន​មិន​មាន​ថេរភាព​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ ក៏​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ជា​អង់គ្លេស​ថា​ ADB​ នៅ​តែ​មាន​សេចក្តី​សង្ឃឹម​ខ្លាំង​ចំពោះ​ការ​លូតលាស់​សម្រាប់ទ្វីប​អាស៊ី។ នៅ​ក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ស្តី​អំពី​ផ្សារ​មូលធន​អាស៊ី​ ក្រុម​អ្នក​វិភាគ​របស់​ធនាគារ​បាន​ធ្វើ​ការ​ទស្ស​ទាយ​ថា​នឹង​មាន​ការ​លូតលាស់​ចំនួន​ប្រាំពីរ​ភាគ​រយ​ក្នុង​តំបន់​ សម្រាប់​ឆ្នាំ​ ២០១១និង​២០១២។

លោក​ អៃវ៉ាន ចេ​ អាស៊ិស​ (Iwan J. Azis)​ នាយក​ការិយាល័យ​នៃ​ការ​រួម​បញ្ចូល​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ធនាគារ​ ADB​ (Office of Regional Economic Integration)​ រំពឹង​ថា​ ភាព​លូតលាស់​សេដ្ឋកិច្ច​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​ថ្មីៗ​នេះ​នៃ​ទ្វីប​អាស៊ី​ នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​មាន​ការ​ចាប់​អារម្មណ៍។​ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ដែរ​ថា​ លំហូរ​ចូល​នៃ​មូលធន​នេះ​ ក៏នឹង​បណ្តាល​ឲ្យ​មាន​បញ្ហាកើត​ឡើង​ដែរ។

«នៅ​ពេល​ដែល​បរិយាកាស​មាន​សភាព​ភ្លឺ​ថ្លា​ឡើង​វិញ​ ខ្ញុំ​ជឿ​ជាក់​ថា​លំហូរ​ចូល​នៃ​មូលធន​នៅ​មាន​ចូល​ជា​បន្ត​ទៅ​ក្នុង​ទ្វីប​អាស៊ី​ ហើយ​ករណី​នេះ​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​ ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​ប្រឈមជា​ច្រើន​សម្រាប់​តំបន់​នេះ។​ បន្ទាប់​ពី​សេដ្ឋកិច្ច​សកលលោកលែង​មាន​ការ​លូតលាស់​ក្នុង​ឆ្នាំ​ ២០០៨​ភ្លាម​ ហើយ​និង​ការ​រលំ​ដួល​នៃ​ធនាគារ​វិនិយោគ​ ‘លីមិន ប្រឌ័រស៍’​ (Lehman Brothers) លំហូរ​ចូល​នៃ​មូលធន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ក្នុង​តំបន់​បាន​បណ្តាល​ឲ្យ​មាន​ភាព​វឹកវរ​ ហើយ​ករណី​នេះ​អាច​កើត​មាន​ឡើង​ជា​ថ្មី​ទៀត​បាន​ បន្ទាប់​ពី​ធូលី​បានហុយ​ផុត​ទៅគឺ​បរិយាកាស​មាន​សភាព​ភ្លឺ​ថ្លា​ឡើង​វិញ»។

ការ​ហូរ​ចូល​នៃ​មូលធន​ណា​ក៏​ដោយ​ នឹង​ជំរុញ​ឲ្យ​រូបិយប័ណ្ណនៅ​ក្នុង​តំបន់​ឡើង​ថ្លៃប្រៀប​ធៀប​ជា​មួយ​និង​ប្រាក់​ដុល្លារ​ ហើយ​នឹង​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ដល់​ឧស្សហកម្ម​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ទំនិញ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​និង​ទ្វីប​អឺរ៉ុប។​ នេះ​បើ​តាម​យោបល់​របស់​លោក​ អាស៊ិស។

«រឿង​នេះ​បណ្តាល​ឲ្យ​មាន​បញ្ហា​ឬ​ការ​ប្រឈម​ផ្សេងៗ​សម្រាប់​សេដ្ឋកិច្ចក្នុង​ទ្វីប​អាស៊ី​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ចេញ​ ដូច​ជា​ប្រទេស​ថៃ​ជា​ដើម។​ ពួក​គេ​នឹង​ត្រូវ​ខំ​ប្រឹង​ធ្វើការ​យ៉ាង​ខ្លាំង​ក្លា​ ដើម្បីស្វែង​រក​មធ្យោបាយដោះស្រាយបញ្ហា​ទាំង​នេះ​ពី​ចំណុច​ពីរ​ - ចំណុច​ទី​មួយ​គឺ​ចំនួន​និង​តម្លៃ​ -​ និង​ចំណុច​ទី​ពីរ​គឺ​ អត្រា​ប្តូរ​រូបិយប័ណ្ណ»។

លោក​ អាស៊ិស​ (Azis)​ ថ្លែង​ថា​ រហូត​មក​ទល់​និង​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​សេដ្ឋសាស្រ្ត​របស់​ធនាគារ​មាន​ការ​ព្រួយ​បារម្ភ​ភាគ​ច្រើន​ អំពី​សម្ពាធ​អតិផរណា​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​បណ្តាល​មក​ពីការ​ឡើង​ថ្លៃ​នៃ​វត្ថុ​ប្រើ​ប្រាស់​និង​ម្ហូប​អាហារ។​ ក៏​ប៉ុន្តែលោក​បាន​ថ្លែង​ថា​ ឥឡូវ​នេះ​សេចក្តី​ព្រួយ​បារម្ភ​ទាំង​នោះ​បាន​ផ្លាស់​ប្ដូរ ពី​ព្រោះ​ការ​ចុះថយ​នៃ​សេចក្តីត្រូវ​ការ​នៅ​ក្នុង​សកលលោកបាន​បន្ធូរ​សម្ពាធ​ទៅ​លើ​តម្លៃ​នៃ​វត្ថុ​ប្រើ​ប្រាស់​ ដូច​ជា​ប្រេង​ជា​ដើម។

លោក​ ណារ៉ុងឆៃ​ អក្ខរាសានី​ (Narongchai Akrasanee)​ អតីតរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​ថៃ​ និង​ជា​ទី​ប្រឹក្សា​នៃ​ធនាគារ​វត្ថុ​នាំ​ចូល​និង​នាំ​ចេញ​អាហរ័ណនីហរ័ណថ្លែង​ថា​ ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ទសវត្សរ៍​ ១៩៩០​ មក​ តំបន់​នេះ​មាន​ការ​ពឹង​ផ្អែក​តិច​ជាង​មុន​ទៅ​លើ​ទី​ផ្សារ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ហើយ​មាន​ការ​ទាក់​ទង​ច្រើន​ជាង​មុន​ជា​មួយ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​និង​ឥណ្ឌា។

«អ្វី​ដែល​បាន​កើត​ឡើង​គឺ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​និង​២០០៨​ យើង​មាន​សមត្ថភាព​អាច​ពឹង​ផ្អែក​តិច​ជាង​មុន​ទៅ​លើ​ទី​ផ្សារ​បស្ចឹម​ប្រទេស​ បើ​ប្រៀប​ធៀប​ទៅ​និង​រយៈ​ពេល​មុន​នេះ។​ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​ងើប​ឡើង​វិញ​បាន​ឆាប់រហ័សជាង​គេ​ ក្រោយ​ឆ្នាំ​២០០៩។​ ខ្ញុំគិត​ថា​ ​ឥឡូវ​នេះ​ទី​ផ្សារ​អាស៊ី​ជា​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​យើង​ នា​ពេលបច្ចុប្បន្ន»។

ក្រុម​អ្នក​សេដ្ឋសាស្រ្ត​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និយាយ​ថា​ ធនាគារ​កណ្តាល​ក្នុង​តំបន់​ប្រហែល​ជា​ត្រូវ​ពិនិត្យមើល​គោល​នយោបាយ​ឡើង​វិញ ដូច​ជា​ការ​ត្រួត​ត្រា​មូលធន​ជា​ដើម​ ដើម្បី​ចាត់​ចែង​លើ​លំហូរ​ថ្មី​នៃ​មូលធន។

ក៏​ប៉ុន្តែ​សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​និយាយ​ថា​ លំនាំ​មួយ​នៃ​ការ​លូតលាស់​យឺត​នៅ​ក្នុង​សេដ្ឋកិច្ច​ជឿនលឿន ប្រហែល​ជា​នឹង​នៅ​មាន​បន្តហួស​ពី​ឆ្នាំ​២០១១។​ នៅ​ពេល​ដែល​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ កំពុង​ទទួល​ការ​ជំរុញ​ខ្លាំង​ពី​ការ​សាង​សង់​ជា​ថ្មី​នៅ​ក្រោយ​ការ​រញ្ជួយផែនដី​កាល​ពី​ខែ​មិនា​ ការ​ជឿន​លឿន​យ៉ាង​យឺត​ៗ​ខាង​វិស័យ​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​បញ្ហា​ខាង​សារពើពន្ធ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ត្រូវ​គេ​រំពឹង​ថា​នឹង​ «រក្សា​មិន​ឲ្យ​មានការ​លួតលាស់​ក្នុងរយៈ​ពេល​យូរ​ទៅ​ថ្ងៃ​មុខ​ទៀត»៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន