ការប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយរដ្ឋាភិបាលក្រុងតេហេរ៉ង់ មានហេតុផលតិចតួច ក្នុងការមិនចូលរួមចរចារ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកមួយរូបកាលពីថ្ងៃចន្ទ ពេលលោកលើកអំពីលទ្ធភាពកិច្ចការទូតបន្ថែមទៀត បើកិច្ចព្រមព្រៀងនោះ មិនទាន់ត្រូវបានស្តារឡើងវិញ។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីរ៉ង់ លោក Robert Malley បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាន់តែបារម្ភខ្លាចប្រទេសអ៊ីរ៉ង់ នឹងព្យាយាមពន្យារពេលមិនវិលត្រឡប់ទៅរកការចរចា ប៉ុន្តែថា ស.រ.អ.មានវិធានការផ្សេងទៀត ដើម្បីរារាំងប្រទេសអ៊ីរ៉ង់ មិនឲ្យផលិតអាវុធនុយក្លេអ៊ែរ ហើយស.រ.អ.នឹងប្រើប្រាស់វិធានការនេះ បើចាំបាច់។
លោក Malley បាននិយាយថា «យើងស្ថិតក្នុងដំណាក់កាលសំខាន់នៃកិច្ចខិតខំប្រឹងប្រែងថា តើយើងអាចធ្វើឱ្យ ផែនការសកម្មភាពទូលំទូលាយរួមរស់ឡើងវិញបាន ឬអត់។ យើងបានផ្អាកជាច្រើនខែ ហើយប្រទេសអ៊ីរ៉ង់ផ្តល់ហេតុផលផ្លូវការតិចតួចថា ហេតុអ្វីបានជាយើងស្ថិតក្នុងការផ្អាកនេះ»។
ខណៈលោកលើកឡើងថា ច្រកសម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តអនុវត្តកិច្ចព្រមព្រៀង នឹងត្រូវបិទនៅពេលណាមួយនោះ លោកMalley ក៏គូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិក នឹងនៅតែមានឆន្ទៈផ្នែកការទូតជាមួយប្រទេសអ៊ីរ៉ង់ បើទោះបីនៅពេលស.រ.អ. ប្រើជម្រើសផ្សេងៗរារាំងអ៊ីរ៉ង់ មិនឲ្យផលិតអាវុធនុយក្លែអ៊ែរនោះ។
លោកក៏បានបង្ហើបពីផលប្រយោជន៍សេដ្ឋកិច្ច បើប្រទេសអ៊ីរ៉ង់ត្រឡប់ទៅរកការចរចា ដែលអ៊ីរ៉ង់អនុវត្តកំហិតកម្មវិធីនុយក្លែអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។
ប្រទេសអ៊ីរ៉ង់បាននិយាយអស់រយៈពេលជាងមួយខែថា ខ្លួននឹងត្រឡប់ទៅការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនៅទីក្រុងវីយែនស្តីពីការបន្តអនុលោមតាមកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយ។ អ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃពុធនៅទីក្រុងព្រុចសែលជាមួយលោក Enrique Mora នៃសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចចរចារវាងអ៊ីរ៉ង់ និងភាគីផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ ដែលរួមមាន អង់គ្លេស ចិនបារាំងអាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក៕