បេសកជន​អាមេរិក​នៅ​ទីក្រុង​បេរូត​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​លីបង់

បេសកជន​អាមេរិក​ លោក Amos Hochstein និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​​លីបង់ លោក Najib Mikati អំឡុង​កិច្ចប្រជុំ​ក្នុង​ទីក្រុងបេរូត ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

បេសកជន​អាមេរិក​លោក Amos Hochstein ស្ថិត​នៅ​ក្នុង​ទីក្រុង​បេរូត​កាល​ពី​ថ្ងៃចន្ទ សម្រាប់​កិច្ចពិភាក្សា​ក្នុង​គោលបំណង​ព្យាយាម​នាំ​យក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល​និង​លីបង់ ​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការទូត​ដែល​កំពុង​នាំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ទៅ​កាន់​តំបន់​ហ្កាហ្សា​ដើម្បី​ស្វែងរក​បទ​ឈប់​បាញ់​គ្នា​នៅ​ទីនោះ។

លោក Hochstein បានប្រាប់​អ្នក​យកព័ត៌មាន​ថាលោក​មាន​កិច្ចប្រជុំ«ប្រកប​ដោយ​ការ ស្ថាបនា»ជាមួយ​ លោក Nabih Berri ប្រធានសភា​នៃ​លីបង់ ហើយថា​ខណៈពេល​ដែល​នៅក្នុង​ប្រទេស​លីបង់ លោក​នឹង​និយាយ​ជាមួយ​សមាជិក​រដ្ឋាភិបាល​យោធានិង​នរណា​ម្នាក់​ក៏ដោយ​ដែល​មានបំណង​ធ្វើការ​ដើម្បី​ដាក់​ប្រទេស​លីបង់​លើ​មាគ៌ា​ថ្មីមួយ​នៃ​ភាពរឹងមាំ សន្តិសុខ ស្ថិរភាព និង​ចុងក្រោយ​គឺ​វិបុលភាព​សេដ្ឋកិច្ច។

លោក​បាន​គូស​បញ្ជាក់​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ ១៧០១ ដែល​ត្រូវ​បាន​អនុម័ត​នៅ​ចុង​បញ្ចប់​នៃសង្រ្គាម​ចុងក្រោយ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​ក្នុងឆ្នាំ២០០៦ និង​មាន​រួមបញ្ចូល​ទាំង​ការអំពាវនាវ​ឱ្យ​ក្រុម​ហេសបូឡា​ដក​ពួកយុទ្ធជន​របស់ខ្លួន​ទៅ​ភាគ​ខាង​ជើង​នៃទន្លេ Litani របស់​ប្រទេស​លីបង់ និងឲ្យ​អ៊ីស្រាអែល​ឱ្យ​ដក​កងកម្លាំង​របស់ខ្លួន​ចេញ​ពី​ប្រទេស​លីបង់។

លោក Hochstein និយាយ​ថា ​គ្មាន​នរណាម្នាក់​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​ដំណោះ​ស្រាយ​នោះទេ ដោយបន្ថែមថា ភាគី​ទាំងពីរ​គ្រាន់​តែ​ប្តេជ្ញាអនុវត្ត​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។ លោកបាន​លើកឡើង​ម្តង​ទៀត​ថា គោលដៅ​គឺ​ដើម្បី​កសាង​ទំនុកចិត្ត​លើ​ភាគី​ទាំងសង​ខាង​ថា ដំណោះស្រាយ​នឹង​ត្រូវបាន​អនុវត្ត ហើយ​ត្រូវ​ប្រាកដថាការបញ្ឈប់​ជម្លោះ​ត្រូវបាន​ធ្វើ​ឡើង​តាមរបៀប​ដែល​ធានាថា វា​នឹង​មិនកើត​ឡើង​វិញ​ក្នុង​រយៈពេល​មួយខែ​ឬ​មួយឆ្នាំ។

លោក Hochstein បាន​និយាយ​ថា «ប្រជាជន​នៃ​ប្រទេស​លីបង់ គឺ​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​តំបន់នេះ គ្រាន់​តែ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ កសាង​អនាគត​រុងរឿង​ប្រកប​ដោយ​សន្តិភាព សុវត្ថិភាព និងវិបុលភាព​សម្រាប់​ខ្លួន​គេ និង​ក្រុមគ្រួសារ​របស់​ពួកគេ»។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក Blinken គ្រោង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃច័ន្ទ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។ ក្រសួង​ការបរទេស​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​នឹង «ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការនាំ​យក​សង្រ្គាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ទៅដល់​ទី​បញ្ចប់ ដោយ​ធានា​បាន​នូវ​ការដោះលែង​ចំណាប់​ខ្មាំង​ទាំងអស់ និង​កាត់បន្ថយ​ការឈឺ​ចាប់​របស់​ប្រជាជន​ប៉ាឡេស្ទីន»៕