ស្ថានទូត​ស.រ.អា.​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ

នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បង្ហាញ​​ឲ្យ​ឃើញ​ថា លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​​ នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។

ស្ថានទូត​ស.រ.អា.​​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​មាន​វិធាន​ការណ៍​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ។

ស្ថានទូត​ស.រ.អា. បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ខ្មែរ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ។ ​ស្ថានទូត​ស.រ.អា.បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​មាន​វិធាន​ការណ៍​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ។

ភ្លាមៗ​បន្ទាប់ពី​ក្រុម​មនុស្ស​បាន​ចោម​រោម​វាយ​ប្រហារ​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​នៅ​មុខ​រដ្ឋ​សភា ​ស្ថានទូត​ស.រ.អា.ប្រចាំ​រាជធានី​ភ្នំពេញ​ បាន​ថ្កោលទោស​អំពើ​ហិង្សានេះ។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ Jay Raman​ អ្នក​នាំពាក្យ​ស្ថានទូតអាមេរិក​ ដែល​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​សារ​អេឡិចត្រូនិច​ អ៊ីម៉េល។​ លោក​បាន​ថ្លែង​តាម​ខ្លឹម​សារ​ដើម​ថា៖​

«ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​ដឹង​ថា​ អ្នក​នយោបាយ​២រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ បាន​រង​ការ​វាយ​ដំ ​នៅក្រៅ​វិមាន​រដ្ឋសភា។​ គេមិន​អាច​យក​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​ និង​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​មក​ប្រើ​ជាលេស​ផ្លូវ​ច្បាប់​សម្រាប់​ការពារការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ​ ហើយ​យើង​សូម​ថ្កោល​ទោស​សកម្មភាព​ទាំងនេះ។ ​យើង​សូម​អំពាវនាវឲ្យអាជ្ញាធរ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ​ និង​ប្រកប​ដោយ​តម្លាភាព​ទៅ​លើការ​វាយ​ដំ​ទាំង​នេះ​ ដើម្បី​រក្សា​របៀប​រៀបរយ​នៅ​រដ្ឋសភា​ជាតិ ​និង​ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​អ្នក​នយោបាយ​ពី​គ្រប់​គណបក្ស​ទាំងអស់»។​

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប​គឺលោក ​ញ៉យ ចំរើន ​និង​លោក​ គង់ សុភា ត្រូវ​ក្រុម​មនុស្ស​មួយ​ក្រុម​វាយ​ប្រហារ​តាមចិត្ត​នៅ​រសៀល​ថ្ងៃច័ន្ទ​ ដោយ​គ្មាន​ អន្តរាគមន៍​ពី​អាជ្ញាធរ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​មានបាតុកម្ម​ទាមទារ​ឲ្យ​លោក ​កឹម សុខា​ អនុប្រធាន​រដ្ឋ​សភា​ ចុះ​ចេញ​ពីមុខ​តំណែង។ ​ហើយ​បាតុកម្ម​ និង​អំពើ​ហិង្សា​នេះ​បាន​កើត​មាន​ឡើង ​ក្រោយ​ពេល​មាន​បាតុកម្ម​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ប្រទេស​បារាំង​ ដើម្បី​ឲ្យ​លោក​ចុះចេញ​ពីអំណាច​ និង​តិះដៀល​លោក​យ៉ាង​ធ្ងន់ធ្ងរ​លើ​ឆាក​អន្តរជាតិ​ ដូច​ពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឯ​បុរី​ញូវយ៉ក ​កាលពី​ខែ​កញ្ញា​ដែរ។​

លោក ​ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលាក្រុងភ្នំពេញ​ ​បាន​អះអាង​ថា​ លោក​ជាប់​រវល់​ក្នុងកិច្ច​ប្រជុំ ដូច្នេះ​មិន​អាច​ធ្វើ​អធិប្បាយ​បាន​ទេ​ ​ហើយ​មន្ត្រី​ប៉ូលិស​មួយ​ចំនួន​ពុំបាន​ទទួល​ទូរស័ព្ទ​ទេ។​ តែ​លោក ​ហ៊ុន ម៉ានី​ អ្នក​តំណាង​រាស្ត្រ​មួយ​រូប ​និង​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ​ដែរ​ នៅ​លើ​ទំព័រ​ហ៊្វេសបុក​របស់​លោក។​ លោក​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖​

«ក្នុង​នាម​ជា​តំណាង​រាស្ត្រ​មួយរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំតែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​តវ៉ា​ សំណូមពរ និង​មតិ​យោបល់​របស់​ប្រជាជន ​ដោយ​គ្មាន​ការ​រើសអើង​ នា​ពេល​កន្លង​មក។ ​ប៉ុន្តែ​ ខ្ញុំ​មិន​គាំទ្រ ​ហើយ​ខ្ញុំ​ថ្កោល​ទោស​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​លើ​ប្រជា​ពលរដ្ឋ​ និង​ជា​ពិសេស​លើ​តំណាង​រាស្ត្រ ​ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ​ដើម្បី​វែក​មុខ ​និង​ដាក់​ទោសជន​ដៃដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា»។​

សាលា​រាជធានី​ភ្នំពេញ​បានចាត់​ទុក​ថា ​បាតុកម្ម​កាល​ពី​ព្រឹក​នេះជា​បាតុកម្ម​ខុស​ច្បាប់ ​ហើយ​សាលាក្រុង​បានកោះ​ហៅ​អ្នក​តំណាង​មកសួរ ​ហើយ​ឲ្យ​រំសាយ​កាលពី​ម៉ោង​១០​និង​៣០​នាទីព្រឹក ​ថ្ងៃ​ដដែល។​

សាលា​ក្រុង​បាន​បន្ថែម​ថា ​នៅម៉ោង​១២​និង​១៥នាទី​មាន​ជន​មួយក្រុម​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​ពីរ​រូប​ដោយ​មិន​ដឹង​មូលហេតុ។​

សេចក្តី​ប្រកាស​ព័តមាន​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថ្កោលទោស ​ហើយ​បាន​អះអាង​ថា នឹង​ចាត់​វិធាន​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ដៃដល់​ទាំងនោះ​មកផ្តន្ទាទោស​តាម​ច្បាប់​ជាធរមាន។​

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ លោក​ អំ សំអាត ​មន្ត្រី​សិទ្ធិ​មនុស្ស ​លីកាដូ​ និយាយ​ថា ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្លាក់ចុះ​ ហើយ​ប្រជា​ធិបតេយ្យ​មាន​ការ​វិវត្តថយ​ក្រោយ។​

«នេះវា​ជា​រឿង​រំលោភ​អភ័យ​ឯក​សិទ្ធិ​របស់​រដ្ឋសភា ​ក៏ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់​ធ្ងរ​ ជា​ទី​បំផុត​ ដែល​ទង្វើ​នេះ ​យើង​មិន​អាច​អត់​ឱន​ ឲ្យ​បាន​ទេ។​ យើង​សុំ​ថ្កោល​ទោស​ទង្វើ​នេះ»។​

លោក​បាន​បន្ថែម​ថា​ ​ការ​តវ៉ាគួរ​តែ​បើក​ឱកាស​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​បែប​អហិង្សា​នេះ​ដោយ​គ្មាន​ការ​រំខាន។ ​ដោយឡែក​ចំពោះ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់វិញ​ អាជ្ញាធរ​ត្រូវ​តែ​ចាប់ខ្លួន​ជនដៃ​ដល់​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ អាជ្ញាធរ​មាន​ការ​រើស​អើង​នយោបាយ។​

ប្រតិកម្ម​លោក​ សម រង្ស៊ី តាម​ហ្វេសប៊ុក​នៅ​ពាក់កណ្តាលអធ្រាត​ថ្ងៃ​ច័ន្ទ​៖

លោក ​Phil Robertson ​អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​សម្តែងការព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​នេះ​ ដោយ​ចាត់​ទុក​ថា​ ជា​ទង្វើ​ប្រើ​កម្លាំង​ហួសហេតុ។​ លោក​បាន​ថ្លែង​តាម​ប្រសាសន៍​ដើម​ថា៖​

«ភាគី​ទាំង​សងខាង​គួរចៀសវាង​ការ​ប្រើ​កម្លាំង​លើស​លុប។ ​ហើយ​លោក​ក៏​បាន​បន្ថែម​ថា ​ពួកគេ​គួរតែ​គោរព​សិទ្ធិ​មនុស្ស»។​

ក្រៅពី​បញ្ជាក់​ក្តី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយសារព្រឹត្តិ​ការណ៍​នេះ ​លោក ​Robertson​ បាន​បន្ថែម​ថា​ អ្នក​តំណាង​រាស្ត្រ​អាច​ប្តឹង​ផ្តល់​ពី​រឿង​ដែល​កើត​ឡើង​នេះ ​ប្រសិន​បើ​ពួក​គេ​គិត​ថា​ ជា​ការ​រំលោភ​សិទ្ធិ​ពួក​គេ។​

អ្នក​នយោបាយ​នៃ​គណបក្ស​នយោបាយ​ទាំងពីរ​គឺគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបន្ត​ការ​វាយ​ប្រហារ​ដោយពាក្យ​សម្តី​ទៅវិញ​ទៅមក ​ទោះ​ជា​គណបក្ស​ទាំងពីរ​បាន​អួតអាង​ពី​វប្បធម៌​សន្ទនា​ក្តី។ ការ​វាយ​ប្រហារ​កើត​មាន​ឡើង​ ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​២៤​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស ​ដែល​កម្ពុជា​បាន​ចាប់​ផ្តើម​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃជា​ច្រើន​ទសវត្សរ៍​នោះ។​

ក្រុម​គណបក្ស​ជំទាស់​បាន​វាយ​ប្រហារ​ថា​ ​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាង​៣០​ឆ្នាំចុង​ក្រោយនេះមិន​បាន​ធ្វើឲ្យ​ពលរដ្ឋ​រួចផុត​ពីការ​ឈឺចាប់ ​និង​មាន​ជីវភាព​ធូរធារ ដោយការ​អភិវឌ្ឍ​ពិត​ប្រាកដ ​គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ មិនមាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការការ​ពារ​បូរណភាព​ទឹកដី​ទេ។​ តែ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាននិយាយការពារ​ខ្លួន​ ដោយ​អះអាង​ថា ​ខ្លួនបាន​ធានា​សន្តិភាព ​និង​ការ​អភិវឌ្ឍ៕