ក្នុងពេលប៉ុន្មានអាទិត្យខាងមុខនេះ គេរំពឹងនៅទូទាំងប្រទេសថា សភាជាតិស.រ.អា.នឹងដំឡើងកម្រិតប្រាក់បំណុលរបស់រដ្ឋាភិបាលសហព័ន្ធ ដែលការធ្វើដូច្នេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលនេះខ្ចីមូលនិធិបន្ថែមទៀត ហើយនឹងសងប្រាក់បំណុលជាតិរបស់ស.រ.អា.ចំនួន១៤លានលានដុល្លារ។ សភាជាតិមិនដែលបរាជ័យក្នុងការដំឡើងកម្រិតប្រាក់កម្ចីទាល់តែសោះ។ បើធ្វើដូច្នេះនឹងមានហានិភ័យក្នុងការលំបាកសងប្រាក់បំណុល ហើយនឹងធ្វើឲ្យមានវិបត្តិហិរញ្ញវត្ថុ។ ក៏ប៉ុន្ដែសម្លេងឆ្នោតតិចធ្វើឲ្យអ្នកតាក់តែងច្បាប់មិនចូលចិត្ដមានឈ្មោះនៅក្នុងបញ្ជីជាអ្នកអនុញ្ញាតឲ្យស.រ.អា.មានប្រាក់បំណុលច្រើនថែមទៀតទេ។ សម្លេងឆ្នោតតិចតែងតែបណ្ដាលឲ្យគណបក្សរិះគន់ និងមានវេទិកា ហើយនៅពេលនេះ វាពិបាកធ្វើការបកស្រាយ។
លើកលែងតែរយ:ពេលដ៏ខ្លីនៅដំណាច់ទសវត្សរ៍១៩៩០ប៉ុណ្ណោះពេលដែល ស.រ.អា.មានវាសនាមានថវិកាលើសពីសេចក្ដីត្រូវការ ក្រៅពីនេះ រដ្ឋាភិបាលសហព័ន្ធចាំបាច់ត្រូវខ្ចីប្រាក់កាន់តែច្រើនឡើងៗ ដើម្បីយកទៅសងប្រាក់បំណុលពេលឆ្នាំមានឱនភាពថវិកា។ ហើយរាល់ពេលដែលរដ្ឋាភិបាលមានប្រាក់បំណុលឡើងដល់កម្រិតប្រាក់កម្ចីអតិបរិមារបស់ខ្លួន សភាជាតិត្រូវតែធ្វើអន្ដរាគមន៍ ហើយដំឡើងកម្រិតប្រាក់បំណុល។
តាមធម្មតា គណបក្សគ្រប់គ្រងអំណាចមានតួនាទីជាអ្នកត្រូវពន្យល់ហេតុផល ហើយនឹងការទទួលខុសត្រូវ ដោយសុំឲ្យអ្នកតាក់តែងច្បាប់ធ្វើអ្វីៗដែលចាំបាច់ដើម្បីរក្សាលំនឹងរបស់រដ្ឋាភិបាល។ លោកហារីរីដ (Harry Reid) មេដឹកនាំសម្លេងភាគច្រើននៃព្រឹទ្ធសភា និងជាសមាជិកសភាថ្នាក់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា។ ថ្មីៗនេះ លោករីដនិយាយដូច្នេះថា៖
«យើងគ្មានជម្រើសទេ។ មនុស្សគ្រប់រូបនៅក្នុងពិភពលោកទទួលស្គាល់ថា ប្រទេសនេះមិនអាចមិនសងបំណុលរបស់ខ្លួនបានទេ។ យើងមានបញ្ជីប្រាក់បំណុលដែលយើងត្រូវសង»។
ក៏ប៉ុន្ដែចំពោះគណបក្សមានសម្លេងភាគតិច ការបោះឆ្នោតបង្កើនកម្រិតនៃប្រាក់បំណុលធ្វើឲ្យគណបក្សមិនអាចនៅស្ងៀម មិនឈ្លោះប្រកែកបានទេ។ នៅពេលសមាជិកគណបក្សសាធារណរដ្ឋគ្រប់គ្រងព្រឹទ្ធសភាក្នុងនាមលោកជាមេដឹកនាំសម្លេងភាគតិចនៅឆ្នាំ២០០៦ លោកនិយាយដូច្នេះថា៖
«តើសមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាជាតិនេះបកស្រាយដូចម្ដេចដើម្បីឲ្យអ្នកបោះឆ្នោតនៅក្នុងមណ្ឌលរបស់ខ្លួនយល់ថាប្រាក់បំណុលថ្មីច្រើនលានលានដុល្លារ ជារឿងល្អសម្រាប់សេដ្ឋកិច្ចរបស់យើងនោះ?»
នៅឆ្នាំនោះ សមាជិកមកពីគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាបោះឆ្នោតប្រឆាំងនឹងការដំឡើងកម្រិតប្រាក់បំណុល ដោយទុកចិត្ដថា សំឡេងភាគច្រើនរបស់សមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋនឹងបោះឆ្នោតគាំទ្រការដំឡើងកម្រិតប្រាក់បំណុល ហើយនឹងបញ្ចៀសវិបត្ដិសារពើពន្ធ។ ក្នុងចំណោមអ្នកដែលបោះឆ្នោតបដិសេធរួមមានលោកអូបាម៉ា ដែលនៅពេលនោះជាសមាជិកព្រឹទ្ធសភា។ លោកសំអាងហេតុផលថា ការដំឡើងកម្រិតប្រាក់បំណុល មានន័យថាបរាជ័យនៃថ្នាក់មេដឹកនាំសេដ្ឋកិច្ចក្រោមលោក George W. Bush ដែលនៅពេលនោះជាប្រធានាធិបតី។
សព្វថ្ងៃនេះ លោកប្រធានាធិបតីអូបាម៉ាមានទស្សន:ខុសពីពេលនោះ។ លោក ហ្សេយ៍ការនី (Jay Carney) អ្នកនាំពាក្យសេតវិមាននិយាយដូច្នេះអំពីការបោះឆ្នោតរបស់លោកអូបាម៉ា នៅព្រឹទ្ធសភានៅឆ្នាំ២០០៦នោះ។
«លោកប្រធានាធិបតីសោកស្ដាយអំពីការបោះឆ្នោតនោះ ហើយគិតថា លោកធ្វើខុស។ ឥឡូវនេះ លោកឃើញថា ការដំឡើងកម្រិតប្រាក់បំណុលមានសារ:សំខាន់ចំពោះសុខភាពសេដ្ឋកិច្ចនេះ ហើយនឹងសេដ្ឋកិច្ចសកលលោក។ យើងមិនអាចយកការបោះឆ្នោតនោះមកធ្វើជាល្បែងបានទេ»។
សមាជិកមកពីគណបក្សប្រជាធិបតេយ្យមិនមែនជាក្រុមតែមួយដែលផ្លាស់ប្ដូរគំនិតទាក់ទងនឹងការបោះឆ្នោតអំពីកម្រិតប្រាក់បំណុលទេ។ នៅឆ្នាំ២០០២ លោកម៉ាយក៍ ផិនស៍ (Mike Pence) សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ តំណាងរដ្ឋអ៊ិនឌីយ៉ាណា (Indiana) និយាយនៅរដ្ឋសភា មុនការបោះឆ្នោតដំឡើងកម្រិតប្រាក់បំណុលថា៖
«ដូចមនុស្សជាច្រើនដែលខ្ញុំតំណាងដូច្នោះដែរ ខ្ញុំមកទីនេះដោយជឿថា បើលោកអ្នកមានបំណុល លោកអ្នកគួរតែសងប្រាក់បំណុល»។
សព្វថ្ងៃនេះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋកំពុងតែតាំងចិត្ដមិនដំឡើងកម្រិតប្រាក់បំណុលទេ លុះត្រាណាលោកប្រធានាធិបតីអូបាម៉ាយល់ព្រមកាត់បន្ថយយ៉ាងច្រើននូវប្រាក់ចំណាយនៅក្នុងកម្មវិធីសហព័ន្ធ ដែលសមាជិកមកពីគណបក្សប្រជាធិបតេយ្យបានគាំទ្រជាយូរមកហើយ។
នៅដើមឆ្នាំនេះ លោកសមាជិកសភាផិនស៍ និយាយថា៖
«ខ្ញុំនឹងមិនគាំទ្រការដំឡើងកម្រិតប្រាក់បំណុលទេ លុះត្រាមានការផ្លាស់ប្ដូរជាក់ស្ដែងហើយនឹងមានអត្ថន័យនៅក្នុងការចំណាយ»។
ក្រុមអ្នកវិភាគនិយាយថា ការប្រកាន់បក្សពួកនៅក្នុងការបោះឆ្នោតដំឡើងកម្រិតប្រាក់បំណុលមិនមែនជារឿងថ្មីទេ។ លោកម៉ារក៍ ហ្គោលវ៉ាន (Mark Goldwein) គឺជានាយកផ្នែកគោលនយោបាយនៃគណ:កម្មាធិការថវិកាសហព័ន្ធមានការទទួលខុសត្រូវ ដែលមានទីស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកនិយាយថា
«ការបោះឆ្នោតកម្រិតប្រាក់បំណុលតែងតែមានរឿងនយោបាយនៅពីខាងក្រោយ។ ហើយជានិច្ចកាលគឺគណបក្សគ្រប់គ្រងអំណាចដែលចេញមិនរួចដោយសារការបោះឆ្នោតគ្មានសំឡេងគ្រប់គ្រាន់ ហើយគណបក្សមិនគ្រប់គ្រងអំណាចស្ដីបន្ទោសគណបក្សគ្រប់គ្រងអំណាច ថាបានបង្កើតឲ្យមានឱនភាព ដែលធ្វើឲ្យយើងមានបញ្ហាដូច្នេះ»។
ហេតុដូច្នេះហើយ នេះមិនមែនជាមូលហេតុដែលគេមិនគួរយកកម្រិតប្រាក់បំណុលផ្ដោតទៅលើបញ្ហាប្រាក់បំណុលរបស់យើងទេ។ យើងត្រូវតែដំឡើងកម្រិតប្រាក់បំណុល ក៏ប៉ុន្ដែយើងក៏ត្រូវចាប់ផ្ដើមគិតគូរដោយយកចិត្ដទុកដាក់ផងដែរអំពីស្ថានការណ៍ប្រាក់បំណុលរយ:ពេលយូរ»។
កាលពីខែមុន ស.រ.អា.ដំឡើងកម្រិតប្រាក់កម្ចីបច្ចុប្បន្នដល់ចំនួន១៤,២លានលានដុល្លារ។ ក្រុមអ្នកវិភាគនិយាយថា ប្រទេសជាតិនេះមានហានិភ័យហិរញ្ញវត្ថុ បើគ្មានការដំឡើងកម្រិតប្រាក់បំណុលត្រឹមខែសីហាទេ៕
ប្រែសម្រួលដោយ កងស៊ីវន