សំណុំរឿងដែលគេទន្ទឹងរង់ចាំជាយូរប្តឹងដោយលោកមាជ សុវណ្ណារ៉ាពលរដ្ឋខ្មែរអាមេរិកាំងទល់នឹងលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវតុលាការសហរដ្ឋអាមេរិកបើកសវនាការជាបឋមនៅថ្ងៃទី១ ខែកញ្ញាខាងមុខ។
លោកចៅក្រម George H. Wu នៃតុលាការតំបន់ភាគកណ្តាលនៃរដ្ឋកាលីហ្វញ៉ានឹងធ្វើការសម្រេចថាតើសំណុំរឿងនេះនឹងត្រូវបន្តទៅសវនាការពេញអង្គ ឬ យ៉ាងណាបន្ទាប់ពីមេធាវីរបស់លោកហ៊ុន ម៉ាណែតបានស្នើសុំឱ្យតុលាការនេះទម្លាក់មិនចាត់ការសំណុំរឿងនេះ។
បណ្តឹងដែលលោក មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានប្តឹងកាលពីថ្ងៃទី៨ ខែមេសា គឺប្តឹងលោកហ៊ុន ម៉ាណែតនាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនិងរាជរដ្ឋាភិបាលកម្ពុជាពីបទ ១)ធ្វើទារុណកម្មតាមទំនើងចិត្តក្រៅផ្លូវច្បាប់ និងការដាក់ឃុំឃាំងរយៈពេលយូរ ២)អំពើភេរវកម្មអន្តរជាតិ ៣) ការធ្វើឱ្យឈឺចាប់ដោយចេតនាដែលបណ្តាលឱ្យមានទុក្ខព្រួយផ្លូវអារម្មណ៍ ៤) ការរំលោភបំពាន ៥) ការបំពានវាយដំរាងកាយ ៦) ការចាប់ដាក់គុកដោយខុសច្បាប់ និង ៧) បាត់បង់ភាពកក់ក្តៅរវាងប្តីនិងប្រពន្ធ។
ក្រុមមេធាវីការពារចុងចម្លើយបានដាក់ញត្តិស្នើសុំឱ្យតុលាការទម្លាក់ចោលសំណុំរឿងនេះដោយសារតែពួកគេយល់ថាដើមបណ្តឹងមិនបានប្រគល់សំណុំឯកសារដោយត្រឹមត្រូវដល់ជនចុងចម្លើយទេហើយមិនបានបង្កើតភស្តុតាងដែលថា ជនចុងចម្លើយបានក្រឡេកភ្នែកឃើញអ្នកយកឯកសារមកប្រគល់ជូនដែរ។ នេះបើតាមឯកសារតុលាការដែល VOA ទទួលបាន។
លោក John S. Purcell មេធាវីនៃក្រុមហ៊ុន Quinn Emanuel ដែលការពារលោកហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងញត្តិដាក់ជូនតុលាការកាលពីថ្ងៃទី១៨ខែសីហាថា៖
«តុលាការគួរតែទម្លាក់ចោលបណ្តឹងរបស់ដើមចោទដោយសារតែពួកគេខកខានមិនបានប្រគល់សំណុំឯកសារដល់ម៉ាណែតឬផ្តល់ហេតុផលដែលអាចទទួលយកបានសម្រាប់ការប្តូរឯកសារសំណុំរឿងក្នុងពេលព្យាយាមប្រគល់ឯកសារពាក្យបណ្តឹង»។
តាមច្បាប់របស់សហរដ្ឋអាមេរិក បើជនណាម្នាក់ដាក់ពាក្យប្តឹងប្រឆាំងភាគីណាមួយគឺដើមបណ្តឹងត្រូវជួលក្រុមហ៊ុនរត់ឯកសារប្រគល់សំណុំរឿងនោះទៅភាគីចុងចម្លើយ។ កិច្ចការនេះត្រូវបានក្រុមមេធាវីរបស់លោកមាជ សុវណ្ណារ៉ាជួលក្រុមហ៊ុនរត់ការឯកសារដែលមានលោក Paul Hayes ធ្វើការឱ្យយកសំណុំឯកសារនោះទៅប្រគល់ជូនលោកហ៊ុន ម៉ាណែតនៅថ្ងៃទី៩ខែមេសាពេលដែលលោកចូលរួមពិធីជប់លៀងនៅភោជនីយដ្ឋាន La Lune ក្នុងទីក្រុងឡុងប៊ិចប៉ុន្តែត្រូវបានក្រុមសន្តិសុខរារាំងមិនឱ្យប្រគល់បានដល់ដៃហើយរុញច្រានលោករហូតដួលមានរបួស។
មេធាវីការពារចុងចម្លើយបានបន្ថែមថា៖
«លើសពីនេះទៀតតុលាការនេះគួរតែសម្រេចមិនចាត់ការសំណុំរឿងនេះដោយសារតែដើមបណ្តឹងខកខានមិនបានបង្កើតភស្តុតាងដែលថាជនចុងចម្លើយបានក្រឡេកភ្នែកឃើញពេលព្យាយាមប្រគល់ឯកសារ»។
ក្រុមមេធាវីដើមបណ្តឹងអះអាងថាពួកគេបានធ្វើការត្រឹមត្រូវតាមច្បាប់ដែលតុលាការតម្រូវ។
លោកបូ អ៊ូច មេធាវីម្នាក់ដែលជួយការពារសំណុំរឿងឱ្យលោកមាជ សុវណ្ណារ៉ានិងក្រុមគ្រួសារមានក្តីសង្ឃឹមថាតុលាការនឹងច្រានចោលញត្តិរបស់មេធាវីរបស់លោកហ៊ុន ម៉ាណែតហើយបន្តចាត់ការសំណុំរឿងនេះរហូតបានយុត្តិធម៌ដល់ជនរងគ្រោះ។
លោកបានបន្ថែមថា៖
«យើងមានអង្គហេតុភស្តុតាងរៀបចំជាវត្តុតាងគ្រប់គ្រាន់អស់ហើយខ្ញុំជឿថាចៅក្រមនឹងបដិសេធព្រោះយើងសំអាងលើអង្គហេតុភស្តុតាង។ ឧទាហរណ៍ដូចជាលោកPaul Hayes វាយគាត់ទាញគាត់មកក្រោយបែកក្បាលសន្លប់ហើយខ្ញុំហ្នឹងជាអ្នកទីមួយហើយដែលទៅជួបគាត់នៅមន្ទីរពេទ្យ St. Mary»។
បច្ចុប្បន្នលោកមាជ សុវណ្ណារ៉ាដែលជាពលរដ្ឋខ្មែរអាមេរិកាំងមានទីលំនៅនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាត្រូវបានតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
អ្នកស្រីជេមី មាជ ភរិយារបស់លោកមាជ សុវណ្ណារ៉ាបានបញ្ជាក់ថាស្វាមីអ្នកស្រីជួបបញ្ហាសុខភាពរាងកាយនិងផ្លូវចិត្តខ្លះៗក្នុងពេលបច្ចុប្បន្ននេះ។ អ្នកស្រីប្តេជ្ញាថានឹងមិនបោះបង់ការប្តឹងផ្តល់នេះទេ។
«ចំណែកខ្ញុំរហូតមកដល់ពេលនេះអត់មានការគាបសង្កត់អ្វីទេពីខាងណាទេហើយចំណែករឿងដកពាក្យបណ្តឹងនោះគឺនៅក្នុងពេលនេះនាងខ្ញុំអត់ទាន់សម្រេចថានាងខ្ញុំនឹងដកពាក្យបណ្តឹងនោះទេ។ ចឹងយើងទៅតាមដំណើរព្រោះយើងប្រគល់តួនាទីហ្នឹងឱ្យខាងមេធាវីគេធ្វើការហើយ»។
ប៉ុន្តែអ្នកស្រីកំពុងប្រឈមនឹងកង្វះខាតថវិកាដើម្បីបន្តសំណុំរឿងនេះ។
អ្នកស្រីជេមី មាជ បានបន្ថែមថា៖
«យើងត្រូវការជំនួយ។ បើសិនជាបងប្អូនយើងទូទាំងពិភពលោកហ្នឹងដែលមានខ្មែរបើសិនជាគាំទ្រឱ្យសំណុំរឿងនេះដំណើរការដើម្បីតតាំងក្តីជាមួយគេជាមហាសេដ្ឋីជាអ្នកមាននោះគឺយើងត្រូវការជំនួយពីពួកគាត់ដើម្បីឱ្យបន្តព្រោះមេធាវីគេជួយយើងច្រើនហើយ»។
មេធាវីដែលជួយការពារក្តីលោកមាជ សុវណ្ណារ៉ាគឺជាក្រុមមេធាវីសិទ្ធិមនុស្សដែលភាគច្រើនធ្វើការស្ម័គ្រចិត្តរីឯក្រុមហ៊ុនមេធាវីដែលលោកហ៊ុន ម៉ាណែតជួលការពារគឺជាក្រុមហ៊ុនច្បាប់ដ៏ធំជាងគេបំផុតមានជំនាញខាងការពារពាណិជ្ជករធំៗហើយមានមេធាវីរាប់រយនាក់។
លោកហ៊ុន ម៉ាណែត បានទទួលស្គាល់ថាលោកគឺជាចុងចម្លើយនៅក្នុងរឿងក្តីនេះប៉ុន្តែលោកថាលោកមិនមានការពេញចិត្តនឹងសំណុំរឿងនេះដែលត្រូវយកមកកាត់ទោសនៅសហរដ្ឋអាមេរិកឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់លោកហ៊ុន ម៉ាណែតដាក់ទៅតុលាការដែល VOA ទទួលបាន។
សេចក្តីប្រកាសដែលមានចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែកក្កដាបានរៀបរាប់ថាលោកមិនមានគម្រោងវិលត្រឡប់មករដ្ឋកាលីហ្វញ៉ានៅក្នុងឆ្នាំ២០១៦នេះទេ។ លោកក៏នៅបន្តអះអាងថាលោកមិនទាន់បានទទួលដីកាជូនដំណឹងពីដើមបណ្តឹងនៅឡើយទេបើទោះបីជាពេលនេះលោកបានចាត់ចែងឱ្យមានមេធាវីការពារក្តីក៏ដោយ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖
«ខ្ញុំដឹងថាដើមបណ្តឹងក្នុងសំណុំរឿងនេះបានអះអាងថាបានព្យាយាមប្រគល់ឯកសារតុលាការដល់ខ្ញុំនៅថ្ងៃទី៩ខែមេសាឆ្នាំ២០១៦ ក្នុងពេលដែលខ្ញុំស្ថិតនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងឡុងប៊ិច។ ខ្ញុំមិនដែលបានទទួលឯកសារសំណុំរឿងនេះទេនៅថ្ងៃនោះនិងរហូតមកដល់ពេលនេះ»។
លោកថាហេតុការណ៍នៅភោជនីយដ្ឋានឡាលីន គឺលោកមិនបានកត់សម្គាល់អ្វីទេព្រោះនៅពេលដែលលោកទៅដល់មានហ្វូងមនុស្សដ៏ធំនៅព័ទ្ធភោជនីយដ្ឋានដោយមានបាតុករស្រែកហើយអ្នកចូលរួមពិធីតម្រង់ជួរចូលក្នុងភោជនីយដ្ឋាន។
លោកបានបន្ថែមថា៖
«រំពេចនោះ មានការបាញ់ម្រេចមកលើហ្វូងប្រតិភូ ក្នុងនោះមានរូបខ្ញុំផងដែរ។ ខ្ញុំត្រូវគេរុញចូលក្នុងភោជនីយដ្ឋានយ៉ាងប្រញ៉ាប់ដើម្បីលាងមុខ។ គ្មានពេលណាមួយក្នុងថ្ងៃទី៩ខែមេសានោះដែលខ្ញុំដឹងថាមានបុរសម្នាក់បានមកក្បែរខ្ញុំដើម្បីប្រគល់ឯកសារតុលាការទេ»។
ប៉ុន្តែ លោក Morton Sklar មេធាវីការពារក្តីឱ្យលោកមាជ សុវណ្ណារ៉ាបានប្រាប់តុលាការតាមរយៈញត្តិមួយថាលោកមានវីដេអូនិងរូបថតភស្តុតាងដែលបញ្ជាក់ពីការដែលលោក Paul Hayes បានយកដីកាកោះទៅឱ្យលោកហ៊ុន ម៉ាណែត។ វីដេអូនោះថតដោយអ្នកចូលរួមក្នុងពិធីជប់លៀងប៉ុន្តែដោយមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារសាក្សីរូបនោះសុំឱ្យលាក់អត្តសញ្ញាណដោយហ៊ានបង្ហាញតែចំពោះមុខចៅក្រមផ្ទាល់តែប៉ុណ្ណោះ។ នេះបើតាមញត្តិរបស់លោកម័រតុន សក្លា ចុះថ្ងៃទី១១ខែសីហាដាក់ជូនចៅក្រមដែលវីអូអេទទួលបាន។
តុលាការសហរដ្ឋអាមេរិកក៏បានផ្ញើសំណុំរឿងនេះដោយមានការបកប្រែជាភាសាខ្មែរទៅក្រសួងមហាផ្ទៃនិងក្រសួងការបរទេសកម្ពុជាផងដែរដោយផ្ញើចេញកាលពីថ្ងៃទី៣ខែសីហា។
ឯកសារតុលាការចុងក្រោយដែលចុះថ្ងៃទី២៤ខែសីហាបានបង្ហាញថាក្រសួងការបរទេសបានទទួលសំណុំរឿងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ៕