តុលាការរបស់សហរដ្ឋអាមេរិកបានសម្រេចទុកពេលឱ្យលោកសម រង្ស៊ីបន្ថែមទៀត ដើម្បីផ្តល់ភស្តុតាងសំអាងក្នុងការប្តឹងសុំឯកសារ និងវីដេអូពាក់ព័ន្ធនឹងការសម្លាប់លោកបណ្ឌិតកែម ឡី។
លោកស្រីចៅក្រម Donna Ryu នៃតុលាការជាន់ទាបប្រចាំតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថា៖
«ក្នុងរយៈពេលមិនហួសពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដើមបណ្តឹងសមរង្ស៊ីត្រូវផ្តល់ភស្តុតាង និងឯកសារបន្ថែមពាក់ព័ន្ធនឹងសំណុំរឿងក្នុងប្រទេសកម្ពុជា»។
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវការវីដេអូនេះ ដើម្បីការពារខ្លួនទល់នឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលចោទថា លោកបង្ខូចកេរ្តិ៍ឈ្មោះ ដោយសារតែអត្ថាធិប្បាយតាមបណ្តាញសង្គមថា រដ្ឋាភិបាលនៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី ដែលជាអ្នកវិភាគសង្គមដ៏ល្បីឈ្មោះ។
រីឯក្រុមហ៊ុន Chevron វិញមានពេលពីរសប្តាហ៍ បន្ទាប់ពីលោកសម រង្ស៊ីបានដាក់ឯកសារចុងក្រោយហើយ ដើម្បីឆ្លើយតបវិញ។ នេះបើយោងតាមដីកាសម្រេចមួយ បន្ទាប់ពីសវនាការរយៈពេលខ្លីកាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅនេះ។
លោកស្រីចៅក្រមក៏បានបង្គាប់ឱ្យភាគីលោកសម រង្ស៊ី និងក្រុមហ៊ុន Chevron ដាក់លិខិតរួមគ្នា ដែលមានរៀបរាប់ពីការយល់ផ្សេងគ្នាណាមួយពាក់ព័ន្ធនឹងលទ្ធភាពអាចទៅយកវីដេអូស្តីពីការបាញ់សម្លាប់នោះមកវិញបាន ឬមិនបានក្រោយពីភាគីទាំងពីរជួបពិភាក្សាតទល់មុខគ្នា។
ក្នុងពេលកន្លងមក មេធាវីរបស់លោកសម រង្ស៊ី និងមេធាវីក្រុមហ៊ុនប្រេង Chevron បានប្រើពាក្យពេចន៍គ្រោតគ្រាតដាក់គ្នា បន្ទាប់ពីក្រុមហ៊ុន Chevron ការពារជំហររបស់ខ្លួនក្នុងការបដិសេធបណ្តឹងស្នើសុំឯកសារពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិតកែម ឡី ដោយពួកគេអះអាងថា ប៉ូលិសកម្ពុជាបានដកហូតយកអស់ហើយ ហើយក្រុមហ៊ុនបានដាក់ញត្តិជំទាស់ស្នើសុំឱ្យចៅក្រមលុបចោលដីកាសម្រេចលើកមុន ដែលបញ្ជាឱ្យក្រុមហ៊ុនផ្តល់វីដេអូ និងឯកសារនានាតាមការស្នើសុំរបស់លោកសម រង្ស៊ី។
លោកកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់កាលពីខែកក្កដាឆ្នាំមុននៅស្ថានីយប្រេងសាំងកាលតិច ដែលជាសាខាប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនប្រេង Chevron។ តុលាការរាជធានីភ្នំពេញបានកាត់ទោសបុរសម្នាក់ឈ្មោះ អឿត អាង ឱ្យជាប់គុកមួយជីវិត។ បុរសនេះអះអាងថា ខ្លួនធ្វើឃាតលោកកែម ឡី ដោយសារតែជំពាក់ប្រាក់ប៉ុន្តែក្រុមគ្រួសារនិងមហាជនកម្ពុជាមិនជឿថា លោកកែម ឡីជំពាក់ប្រាក់ជននេះទេ ហើយជននេះក៏មិនមែនធ្វើសកម្មភាពតែម្នាក់ឯងដោយគ្មានបញ្ជាពីអ្នកផ្សេងឡើយ៕