យោងតាមការសិក្សាស្រាវជ្រាវពីរបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា ការទុកចិត្តរបស់ពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគដែលជាកត្តាជំរុញសំខាន់មួយនៃការលូតលាស់សេដ្ឋកិច្ចក្នុងស.រ.អា. ទទួលបានភាពល្អប្រសើរជាងមុននៅក្នុងខែធ្នូនេះ។
ការស្ទង់មតិរបស់អង្គការ Conference Board ដែលគេតាមដានមើលយ៉ាងដិតដល់បង្ហាញថា ពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគច្រើនជាងមុនមានការពេញចិត្តជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ហើយមានមនុស្សតិចតួចប៉ុណ្ណោះដែលនិយាយថា ស្ថានភាពនៃវិស័យជំនួញបច្ចុប្បន្នមិនល្អទេ។
ការស្ទង់មតិដាច់ដោយទ្បែកមួយទៀតដោយអង្គការ Gallup បានសាកសួរយោបល់ក្រុមអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគជាង២ពាន់៥រយនាក់ហើយបានរកឃើញថា មានការទុកចិត្តខ្លាំងបំផុតលើស្ថានភាពសេដ្ឋកិច្ចប្រទេសអាមេរិកចាប់តាំងពីឆ្នាំ២០០៨មក។
ការរកឃើញភាពល្អប្រសើរជាងមុននេះកើតមានទ្បើងនៅក្រោយមានរបាយការណ៍សេដ្ឋកិច្ចសុទិដ្ឋិនិយមមួយចំនួន ដោយរួមមានការធ្លាក់ចុះនៃតម្លៃប្រេងសាំង ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងអត្រា៥ភាគរយនៅក្នុងត្រីមាសទីបីនិងអត្រាមនុស្សគ្មានការងារធ្វើបានថយចុះមកនៅត្រឹម៥,៨ភាគរយ៕