លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា (Barack Obama) បានមានប្រសាសន៍ថាស.រ.អា.កំពុងពិនិត្យសើរើមើលជាថ្មីថាតើនឹងដាក់ប្រទេសកូរ៉េខាងជើងជាថ្មីវិញទៅក្នុងបញ្ជីនៃក្រុមរដ្ឋឧបត្ថម្ភផ្តួចផ្តើមភេរវកម្មនៅក្រោយការវាយប្រហាររតាមអ៊ីនធឺណែតលើ ក្រុមហ៊ុនផលិតខ្សែភាពយន្ត Sony Pictures ដែលក្រុមមន្ត្រីស.រ.អា.បានបន្ទោសលើប្រទេសជាតិកុម្មយនិស្តមួយនេះឬទេ។
ថ្លែងនៅក្នុងកម្មវិធី State of the Nation នៃបណ្តាញទូរទស្សន៍ CNN លោកអូបាម៉ាបានមានប្រសាសន៍ថាលោកមិនបានចាត់ទុកការលបលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ នេះថាជាសកម្មភាពសង្គ្រាមមួយទេ ក៏ប៉ុន្តែជាឧទាហរណ៍មួយនៃការបំផ្លាញទ្រព្យអ្នកទៀតតាមអ៊ីនធឺណែត ដែលចំណាយប្រាក់ច្រើន។
ប្រទេសកូរ៉េខាងជើងបានបដិសេធថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើ់ការលបលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony Pictures ហើយបានផ្សព្វផ្សាយតាមអ៊ីម៉ែល (e-mails) នាំឱ្យមានការអាម៉ាសនិងការបង្ហាញទិន្នន័យឯកជនឯទៀតៗនោះទេ។
ក្រុមអ្នកលបលួចចូលក្នុងបណ្តាញអ៊ីនធឺណែតទាំងនេះហៅខ្លួនឯងថាពួកអ្នកថែរក្សាសន្តិភាពហើយបានព្រមានថានឹងអាចមាន"វាសនាជូរចត់"សម្រាប់ក្រុមជនទាំងទ្បាយណាដែលទៅមើលការបញ្ចាំងជាសាធារណៈនៃខ្សែភាពយន្តThe Interview ដែលជាខ្សែកុនមួយមានសាច់រឿងអំពីទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា. CIA ដែលជួលអ្នកកាសែតពីរនាក់ឱ្យសម្លាប់លោកគីម ជុន អ៊ុន (Kim Jong Un) មេដឹកនាំនៃប្រទេសកូរ៉េខាងជើង។ ក្រុមហ៊ុនSony បានលុបចោលការចេញបញ្ចាំងខ្សែកុនកំប្លែងនេះដែលមានកំណត់បញ្ចាំងនៅថ្ងៃទី២៥ខែធ្នូ៕