សមាជិកសភាអាមេរិកាំងថ្លែងពីឱកាសដែលសហរដ្ឋអាមេរិកត្រូវរក្សាទំនាក់ទំនងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសកុម្មុយនិស្តចិនដែលកាន់តែកើនឡើង។
លោក Donald Norcross សមាជិកសភាគណបក្សប្រជាធិបតេយ្យរដ្ឋ New Jersey យល់ថាក្នុងរយៈពេល៦ឆ្នាំចុងក្រោយមានការផ្លាស់ប្តូរ«យ៉ាងធំសម្បើមលើទស្សនៈនិងយោបល់»ចំពោះសក្តានុពលសេដ្ឋកិច្ចនិងគោលនយោបាយវាតទីនិយមរបស់ប្រទេសចិន។ ការណ៍នេះខុសពីរយៈពេលកន្លងមកដែលសហរដ្ឋអាមេរិកក៏ដូចជាប្រទេសមួយចំនួនមើលទៅចិនតែត្រឹមជាកន្លែងដែលផ្តល់កម្លាំងពលកម្មថោកប៉ុណ្ណោះ។
លោក Donald Norcross បានថ្លែងនៅក្នុងកិច្ចពិភាក្សាតាមអនឡាញដែលរៀបចំដោយមជ្ឈមណ្ឌលWilson កាលពីដើមខែតុលាបន្ទាប់ពីដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកថា៖
«អ្វីដែលយើងមើលឃើញគឺសម្ព័ន្ធមិត្តនិងដៃគូរបស់យើងយល់ដឹងច្បាស់នៅគ្រប់កម្រិតជាងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ដូច្នេះខ្ញុំជឿថាមានក្រុមសម្ព័ន្ធមិត្តនិងដៃគូរបស់យើងដែលយល់យ៉ាងច្បាស់ថាការគំរាមកំហែង[ពីចិន]ពិតជាមានមែន»។
លោក Rob Wittman សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ Virginia បានថ្លែងក្នុងកិច្ចពិភាក្សានោះដែរថាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាអូស្ត្រាលីមើលទៅប្រទេសចិនដោយក្រសែភ្នែកផ្សេងនៅមុនពេលមានវិបត្តិសុខភាពសាកលដែលបង្កឡើងដោយជំងឺកូវីដ១៩។ ជាពិសេសវិធីដោះស្រាយដែលចិនពាក់ព័ន្ធនឹងវីរុសដ៏ប្រល័យនេះដែលត្រូវបានរាយការណ៍ដំបូងនៅទីក្រុងវូហានប្រទេសចិននៅចុងឆ្នាំ២០១៩។ រដ្ឋាភិបាលចិនត្រូវបានគេស្តីបន្ទោសថាមិនមានតម្លាភាពក្នុងការចែករំលែកព័ត៌មានពីវីរុសកូរ៉ូណានិងប្រភពរបស់វា។ ចិនថែមទាំងបានដាក់របាំងពាណិជ្ជកម្មលើទំនិញអូស្ត្រាលីមួយចំនួនបន្ទាប់ពីអូស្ត្រាលីគាំទ្រឲ្យស៊ើបអង្កេតស្វែងរកប្រភពវីរុសនោះ។
លោក Wittman បានថ្លែងថា៖
«ពួកគេមិនមើលមកប្រទេសចិនថាជាមិត្តភក្តិទេ។ ពួកគេមើលមកចិនថាជាសត្រូវយុទ្ធសាស្ត្រ»។
លោក Wittman បន្ថែមថាឥរិយាបទស្រដៀងគ្នានេះមាននៅវៀតណាមនិងហ្វីលីពីនតាមរយៈមន្ត្រីដែលលោកបានជួបពិភាក្សាជាមួយក្នុងពេលកន្លងមក។
លោកបានបន្ថែមថា៖
«ដូច្នេះខ្ញុំឃើញថាមានឱកាសជាយុទ្ធសាស្ត្រថែមទៀតសម្រាប់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះដោយសារតែសកម្មភាពគឃើ្លនរបស់ចិនដែលខ្ញុំគិតថាវានឹងបន្តកើនឡើង»។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចិនបានផ្តល់ជំនួយសេដ្ឋកិច្ច យោធានិងការគាំទ្រនយោបាយ ជាច្រើនដល់ប្រទេសកម្ពុជានិងឡាវ។ ក្រុងប៉េកាំងក៏មានទំនាស់ដណ្តើមអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជំរុញឲ្យមានសេរីភាពនាវាចរណ៍នៅក្នុងដែនសមុទ្រដែលមានចរាចរណ៍ពាណិជ្ជកម្មដ៏មមាញឹកនេះដោយបានបើកនាវាចម្បាំងឆ្លងកាត់ជាប្រចាំ។
ការសិក្សារបស់វិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរីពីស្ថានភាពតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២០(The State of Southeast Asia: 2020 Survey Report) បានរកឃើញថាការប្រកួតប្រជែងគ្នារវាងចិននិងសហរដ្ឋអាមេរិកគឺជាក្តីបារម្ភចម្បងសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បញ្ហាប្រឈមចំនួន៣ដែលពួកគេមើលឃើញគឺការតានតឹងផ្នែកយោធានៅសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េ។
វិទ្យាស្ថាននេះរកឃើញថា៥២,២%នៃអ្នកឆ្លើយតបនឹងការស្ទង់មតិដែលមាន អ្នកនយោបាយ សកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាននិងអ្នកជំនួញនៅក្នុងតំបន់អាស៊ានយល់ថាចិនមានអំណាចយុទ្ធសាស្ត្រនិងឥទ្ធិពលបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនោះដែរពួកគេចំនួន៨៥,៤%សម្តែងការព្រួយបារម្ភពីការកើនឡើងនៃឥទ្ធិពលយុទ្ធសាស្ត្រនិងនយោបាយរបស់ចិន។
លោក Whittman យល់ថាអាមេរិកកំពុងជំរុញឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងជាមួយនឹងតំបន់អាស៊ានក៏ដូចជាពង្រឹងផលិតកម្មមួយចំនួននៅសហរដ្ឋអាមេរិកដោយលែងទុកឲ្យចិនជាអ្នកផលិតជំនួស។ ទន្ទឹមនឹងនោះអាមេរិកក៏ជួយប្រទេសដទៃកុំឲ្យពឹងពាក់ខ្លាំងពេកលើប្រទេសចិន។
លោក Donald Norcross ក៏បានបញ្ជាក់ដែរថាអាមេរិកយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលមេដឹកនាំជំនាន់ក្រោយនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាពិសេសលើបញ្ហាសុខភាពកូវីដ១៩៖
«អ្វីដែលយើងឃើញវិធីដែលប្រទេសយើងធ្វើការងារខុសពីប្រទេសចិនគឺយើងជួយប្រទេសដទៃដែលមិនមានសមត្ថភាពផលិតវ៉ាក់សាំង ឲ្យបានប្រើវ៉ាក់សាំងដើម្បីថែទាំសុខភាព។ នេះគឺជាការខុសគ្នាហើយជាអ្វីដែលប្រទេសទាំងនោះមើលមកយើង»។
សមាជិករដ្ឋសភាទាំងពីរឲ្យដឹងថាអាមេរិកក៏កំពុងពង្រឹងកងកម្លាំងយោធានៅក្នុងតំបន់ដែលអាចទប់ស្កាត់ចិននៅពេលណាដែលចាំបាច់និងបានព្រមានមិនឲ្យប៉ះពាល់ដល់ដែនដីរបស់អាមេរិកដូចជាកោះ Guam ដែលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
អ្នកតាក់តែងច្បាប់ទាំងពីរក៏បានថ្លែងពីការកសាងទំនុកចិត្តរបស់បណ្តាប្រទេសនៅអាស៊ីឡើងវិញក្រោយពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលរដ្ឋបាលលោកបារ៉ាក់ អូបាម៉ាបានចរចាអស់ជាច្រើនឆ្នាំដែលនាំឲ្យមានការបារម្ភពីការផ្លាស់ប្តូរគោលនយោបាយនៅពេលប្តូរមេដឹកនាំសេតវិមាន។ ទន្ទឹមនេះដែរ សង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីបានទាក់ទាញធនធាននិងចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកឲ្យផ្តោតលើតំបន់អឺរ៉ុប។
ប៉ុន្តែលោក Rob Wittman បានបន្ថែមថាការចូលរួមរបស់អាមេរិកនៅលើកនេះគឺមានរយៈពេលយូរ៖
«កិច្ចខិតខំប្រឹងប្រែងរបស់យើងបានចាប់ផ្តើមហើយជាមួយនឹងបណ្តាប្រទេសទាំងនោះអំពីអ្វីដែលយើងអាចធ្វើបានក្នុងនាមជាដៃគូជាមួយនឹងពួកគេ។ ដូចដឹងហើយថាយើងបង្វែរធនធានទៅទីនោះចំនួន៨០០លានដុល្លារដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងនោះដើម្បីយើងអាចឲ្យប្រទេសទាំងនោះដឹងថាយើងមិនមែនបានតែនិយាយទេប៉ុន្តែថែមទាំងមានសកម្មភាពនិងវត្តមានផងដែរ»។
ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងនោះគឺតាមរយៈការប្រើប្រាស់ចំណងទាក់ទងដែលមានស្រាប់ជាមួយនឹងជប៉ុននិងអូស្ត្រាលី។ កាលពីខែឧសភាឆ្នាំនេះ សេតវិមានបានរៀបចំកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកជាមួយនឹងមេដឹកនាំអាស៊ានដោយរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងពេលនោះរដ្ឋបាលលោកJoe Biden បានប្តេជ្ញាធ្វើការជាមួយនឹងតំបន់កាន់តែច្រើនជាងមុនលើបញ្ហាជាច្រើនក្នុងនោះសេដ្ឋកិច្ច សន្តិសុខ ការប្រែប្រួលអាកាសធាតុនិងសុខភាពសាធារណៈ។
បណ្តាប្រទេសដែនកោះនៅសមុទ្រប៉ាស៊ីហ្វិកមួយចំនួនកំពុងត្រូវបានចិនទាក់ទាញផងដែរ។ ប្រទេសដែនកោះសូឡូម៉ុងបានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិសុខជាមួយនឹងប្រទេសចិនកាលពីខែមេសាដែលបាននាំឲ្យមានក្តីបារម្ភដល់ប្រទេសអូស្ត្រាលីដែលនៅជិតខាង។ ប៉ុន្តែកាលពីដើមខែតុលានេះមេដឹកនាំប្រទេសទាំងពីរបានជួបគ្នាដោយមានការធានាដល់អូស្ត្រាលីថានឹងមិនមានវត្តមានយោធាចិននៅដែនកោះសូឡូម៉ុងទេ៕