កំណត់និពន្ធ៖ លោកស្ទីវ ឆាបុត (Steve Chabot) អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនិងលោកអាឡាំង ឡូវឹនសល (Alan Lowenthal) បានស្នើច្បាប់ពាណិជ្ជកម្មកម្ពុជាដើម្បីសើរើពិនិត្យមើលឋានៈអនុគ្រោះពន្ធគយ (GSP) ដែលកម្ពុជាបាននាំទំនិញចូលមកក្នុងសហរដ្ឋអាមេរិក។ លោកម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស្ទីវ ឆាបុត នៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ខាងក្រោមនេះជាខ្លឹមសារបទសម្ភាសទាំងស្រុង៖
VOA: លោកទើបបានស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ដើម្បីពិនិត្យមើលឋានៈអនុគ្រោះពន្ធទូទៅ (GSP) ដោយសារតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តើបញ្ហានេះសំខាន់យ៉ាងណាដែរ សម្រាប់សហរដ្ឋអាមេរិក និងហេតុអ្វីបានជាត្រូវពិនិត្យមើលGSP នៅពេលនេះ?
ស្ទីវ ឆាបុត៖ លោកហ៊ុន សែន មិនបានធ្វើការងារត្រឹមត្រូវសម្រាប់ពលរដ្ឋរបស់ខ្លួនទេ។ គាត់បានដាក់គុកអ្នកសារព័ត៌មាន និងរំលាយគណបក្សបក្សប្រឆាំង។ គាត់ធ្វើកិច្ចការជាច្រើនដែលមិនអាចទទួលយកបាន។ ដូច្នេះយើងព្យាយាមដាក់សម្ពាធលើប្រទេសនេះ ជាពិសេសលើរូបគាត់ដើម្បីឱ្យធ្វើកិច្ចការត្រឹមត្រូវចំពោះពលរដ្ឋខ្លួនឯង។
VOA: ព្រឹទ្ធសភាក៏បានស្នើឡើងនូវច្បាប់ដូចនេះដែរ ដូច្នេះតើសេចក្តីស្នើច្បាប់ទាំងពីរបំពេញឱ្យគ្នាយ៉ាងម៉េចដែរ?
ស្ទីវ ឆាបុត៖ យើងសង្ឃឹមថាខាងព្រឹទ្ធសភានឹងធ្វើការបន្ថែម ដើម្បីឱ្យបានច្បាប់ដូចគ្នានេះ។ លោកអតីតសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន (John McCain)ធ្លាប់ជាអ្នកនាំមុខក្នុងបញ្ហានេះជាយូរមកហើយ។ ឥឡូវនេះលោកសមាជិកព្រឹទ្ធសភាថេត គ្រូស (Ted Cruz) ក៏ខិតខំប្រឹងប្រែងធ្វើកិច្ចការនេះដែរ ដើម្បីបានសេចក្តីស្នើច្បាប់ដូចគ្នានេះ។ អីចឹងហើយច្បាប់ទាំងពីរនេះ នឹងដំណើរការទៅមុខបានឆាប់។
VOA: ដូច្នេះតើពលរដ្ឋកម្ពុជានិងសហគមន៍ខ្មែរអាមេរិកាំងអាចនឹងរំពឹងថានឹងឃើញច្បាប់នេះចេញរួចនៅពេលណា ដើម្បីបញ្ជូនទៅដល់ការិយាល័យនៃសេតវិមាន?
ស្ទីវ ឆាបុត៖ វាជាការពិបាកក្នុងការដាក់ពេលវេលាកំណត់ជាក់លាក់លើសេចក្តី ស្នើច្បាប់នេះ។ យើងសង្ឃឹមថា ច្បាប់នេះនឹងចេញរួចក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែយើងក៏សង្ឃឹមដែរថា ច្បាប់នេះនឹងមិនចូលជាធរមានដើម្បីដកហូតឋានៈអនុគ្រោះពន្ធទេ ពីព្រោះយើងសង្ឃឹមថា លោកហ៊ុន សែន នឹងធ្វើការកែលម្អស្ថានការណ៍ ដោយអនុញ្ញាតឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។ មានគណបក្សច្រើនជាងមួយជាប់ឆ្នោត។ ការបោះឆ្នោតកាលពីលើកមុន គឺជាការបោកប្រាស់ទាំងស្រុង។ អាសនៈទាំងអស់ធ្លាក់ទៅគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន។ នេះជារឿងមួយមិនអាចទទួលយកបានទេ។ ពលរដ្ឋកម្ពុជាក៏ដឹងពីបញ្ហានេះដែរ។ មនុស្សនៅលើពិភពលោកបានដឹងពីរឿងនេះ។ ពលរដ្ឋកម្ពុជាសក្តិសមនឹងទទួលបានអ្វីដែលល្អជាងពេលនេះ។
VOA: នៅពេលដែលបានដឹងពីការស្នើច្បាប់ពាណិជ្ជកម្មកម្ពុជា មន្ត្រីកម្ពុជាបានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញពីការចង់ដកឋានៈអនុគ្រោះពន្ធនេះ។ តើលោកយល់យ៉ាងណាដែរ?
ស្ទីវ ឆាបុត៖ យើងសង្ឃឹមថាការដាក់ទណ្ឌកម្ម ការដកហូតទិដ្ឋាការ ការដកហូតឋានៈអនុគ្រោះពន្ធ ពីប្រទេសកម្ពុជានឹងមិនចូលជាធរមានទេ ពីព្រោះយើងមិនមែនធ្វើដើម្បីបំផ្លាញពលរដ្ឋកម្ពុជាទេ គឺយើងធ្វើនេះដើម្បីជួយពលរដ្ឋកម្ពុជា។ ឥឡូវនេះលោកហ៊ុន សែនមានអំណាចទាំងស្រុង ហើយមិនចែករំលែកជាមួយនឹងអ្នកណាទាំងអស់។ លោកជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុតនៅអាស៊ី។ ពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំផ្ទាល់ខ្លួនរបស់គេ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការជួបប្រជុំគ្នា សិទ្ធិសេរីភាពក្នុងការប្រកបមុខរបរតាមចំណងចិត្តរបស់ពួកគេ។ បច្ចុប្បន្ននេះនៅក្រោមរបបលោកហ៊ុន សែន ពួកគេអត់មានទេ។
VOA: លោកក៏បានគាំទ្រសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តើសេចក្តីស្នើច្បាប់នេះបានដល់ដំណាក់កាលណាហើយ?
ស្ទីវ ឆាបុត៖ យើងកំពុងតែធ្វើការងារពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់នេះដែរ។ សេចក្តីស្នើច្បាប់ទាំងពីរនេះ សុទ្ធតែល្អហើយយើងសង្ឃឹមថានឹងដំណើរការទៅមុខជាមួយនឹងគ្នា។ សេចក្តីស្នើច្បាប់នោះផ្តោតលើការដាក់ទណ្ឌកម្មនិងដកហូតទិដ្ឋាការពីមន្ត្រីស្និទ្ធនឹងលោកហ៊ុន សែនខ្លះ ដែលមានលុយកាក់ជាច្រើន មានអំណាចជាច្រើន។ ពួកគេមានអំណាចច្រើនរហូតដល់ធ្វើបាបពលរដ្ឋពីព្រោះពលរដ្ឋគ្មានអំណាចហើយមិនមានវិធីរកចំណូលសម្រាប់ពួកគេទេ។ អ្វីៗចូលទៅបក្សពួកលោកហ៊ុន សែន។ នេះជារឿងមិនត្រឹមត្រូវទេ។
VOA: សេចក្តីស្នើច្បាប់នេះបានផុតសុពលភាពនៅព្រឹទ្ធសភាកាលពីអាណត្តិមុន តើលោកមានវិធីយ៉ាងណាដើម្បីធានាថាច្បាប់នេះនឹងអាចអនុម័តយកទៅអនុវត្តបាននៅក្នុងអាណត្តិនេះ?
ស្ទីវ ឆាបុត៖ វាពិបាកក្នុងការរុញច្បាប់ឆ្លងកាត់ព្រឹទ្ធសភា ដោយសារតែបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។ នៅក្នុងសភាតំណាងរាស្ត្រគឺយើងត្រូវការតែសំឡេងភាគច្រើនដាច់ខាត។ នៅព្រឹទ្ធសភាគឺត្រូវការសំឡេង៦០ក្នុងចំណោម១០០។ នេះជាការពិបាកសម្រេចបាន។ ខ្ញុំសង្ឃឹមថា ព្រឹទ្ធសភានឹងមានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះ។ នេះគឺជាច្បាប់ដែលមានការគាំទ្រពីគណបក្សទាំងពីរ។ កាលពីព្រឹកមិញខ្ញុំបានទៅការិយាល័យរបស់លោកអាឡាំង ឡូវឹនសល ដើម្បីជួបតំណាងសហគមន៍ខ្មែរ។ ដូច្នេះយើងធ្វើការជាមួយគ្នា។ អ្នកតំណាងរាស្ត្រកម្រធ្វើការជាមួយគ្នាដោយគណបក្សទាំងពីរណាស់ ប៉ុន្តែសម្រាប់បញ្ហានេះគឺយើងធ្វើការរួមគ្នា។
VOA: កណ្តាប់ដៃចិននៅកម្ពុជាកាន់តែតឹងឡើងៗ ដែលកើតឡើងដោយធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ ដូចដែលលោកបានបញ្ជាក់មុននេះបន្តិច។ ដូច្នេះក្រៅពីសេចក្តីស្នើច្បាប់ទាំងពីរតើគួរតែធ្វើកិច្ចការអ្វីទៀត ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ?
ស្ទីវ ឆាបុត៖ នៅពេលដែលពលរដ្ឋកម្ពុជាសំឡឹងមើលកិច្ចការនេះ និងសំឡឹងមើលការណ៍ដែលលោកហ៊ុន សែន អូសទាញប្រទេសកម្ពុជាកាន់តែកៀកនឹងប្រទេសចិន ប្រឆាំងនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺពួកគេត្រូវសួរខ្លួនឯងថា តើពួកគេពេញចិត្តនឹងមានសេរីភាពតាមបែបចិនប៉េកាំង ឬក៏សេរីភាពតាមបែបសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ខ្ញុំគិតថា វាជារឿងច្បាស់ណាស់ថានៅទីនេះ គឺពួកគេមានការរីកចម្រើនជាង។ ប៉ុន្តែលោកហ៊ុន សែន ទាញកម្ពុជាទៅរកចិន ហើយខ្ញុំគិតថា វាជារឿងគ្រោះថ្នាក់ណាស់ដែលមិនល្អទេសម្រាប់ពលរដ្ឋកម្ពុជា។
VOA: ប៉ុន្តែតើសហរដ្ឋអាមេរិកព្រួយបារម្ភពីឥទ្ធិពលរបស់ប្រទេសចិន និងការប្រើប្រាស់ឥទ្ធិពលមកលើកម្ពុជាទេ?
ស្ទីវ ឆាបុត៖ យើងមានការព្រួយបារម្ភពីរឿងនេះ។ យើងដឹងថា ការសាងសង់មូលដ្ឋានយោធាជើងទឹករបស់ចិននៅកម្ពុជា។ ពួកគេព្យាយាមកេងចំណេញពីស្ថានភាពនេះ ដើម្បីផលប្រយោជន៍ចិន និងខាតផលប្រយោជន៍ពលរដ្ឋកម្ពុជា។ ខ្ញុំសង្ឃឹមថា រឿងនេះមិនបន្តទៅមុខទៀតទេ។ ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជានឹងដើរតាមផ្លូវប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព៕