តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Alan Lowenthal បានប្រតិកម្មទៅនឹងការចាប់ខ្លួនសកម្មជនវ័យក្មេងនិងក្រុមអ្នករិះគន់រដ្ឋាភិបាល នៅប្រទេសកម្ពុជា។ ការចាប់ខ្លួននេះបានរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស និងបណ្តាប្រទេសប្រជាធិបតេយ្យធំៗ ក្នុងនោះមានសហភាពអឺរ៉ុបជាដើម។
កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួនមាន «ក្តីបារម្ភកម្រិតធ្ងន់ធ្ងរ» បន្ថែមទៀតចំពោះការបង្ក្រាបនយោបាយលើអ្នករិះគន់ និងអ្នកជំទាស់នៅកម្ពុជា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាក៏បានលើកឡើងតាមបណ្តាញសង្គម Twitter ថា ការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង និងបុគ្គលវ័យក្មេងមួយចំនួនទៀត ចំពោះការប្រើសិទ្ធិបញ្ចេញមតិនោះបានបង្កឲ្យមានការព្រួយបារម្ភ។
បើតាមសេចក្តីប្រកាសចេញផ្សាយ កាលពីថ្ងៃពុធកន្លងទៅ លោក Alan Lowenthal ដែលតែងតែតាមដានស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានលើកឡើងថា លោកមិនបានព្រងើយកន្តើយនឹងការចាប់ខ្លួនសកម្មជននិងអ្នករិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលក្រុមអ្នកទាំងនោះដែលមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាល បានអនុវត្តសិទ្ធិដូចដែលបានធានាដោយរដ្ឋធម្មនុញ្ញរបស់ពួកគេនោះទេ។
លោក Alan Lowenthal ថ្លែងថា៖ «ខ្ញុំចាំបាច់ ហើយនឹងបន្តថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការចាប់ខ្លួនអ្នករិះគន់និងសកម្មជន តាមតែអំពើចិត្តនោះទេ។ ជុំចុងក្រោយបំផុតនៃការចាប់ខ្លួននោះ គឺជាការវាយប្រហារមួយផ្សេងទៀតមកលើលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានសន្យាជាមួយប្រជាជនកម្ពុជា នៅក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេ។ រដ្ឋធម្មនុញ្ញនោះលោក ហ៊ុន សែន មិនត្រឹមតែចុះហត្ថលេខាទទួលស្គាល់ទេ ប៉ុន្តែថែមទាំងបានស្បថទទួលយកផងដែរ»។
តំណាងរាស្ត្ររូបនេះបន្ថែមថា៖ «ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនេះជាការវាយលុកមួយផ្សេងទៀតទៅលើមនុស្សវ័យក្មេងរបស់កម្ពុជា ដែលកំពុងអនុវត្តការចូលរួមក្នុងនយោបាយនិងកំពុងមានភាពសកម្មខាងកិច្ចការស៊ីវិល ដោយសារសេចក្តីស្រឡាញ់ចំពោះប្រទេសរបស់ពួកគេ។ ជាជាងឲ្យអ្នកជំនាន់ក្រោយចូលរួម និងកសាងអនាគតកម្ពុជានោះ លោក ហ៊ុន សែន និងរបបរបស់គាត់បែរជាបានបន្តការបង្រ្កាបយ៉ាងចាស់ដៃទៅលើសំឡេងណាមួយ ដែលផ្តល់តម្រុយថា មានលក្ខណៈប្រឆាំង។ ការបង្ក្រាបនេះ គឺដើម្បីឲ្យពួកលោកបានក្រាញអំណាច ដែលពួកលោកមានរួចទៅហើយនោះ»។
លោក Alan Lowenthal កត់សម្គាល់ទៀតថា ការរិះគន់រដ្ឋាភិបាលសិទ្ធិសេរីភាពបញ្ចេញមតិនិងសិទ្ធិជាមូលដ្ឋានរបស់មនុស្ស គឺជាធាតុសំខាន់ៗនៃប្រជាធិបតេយ្យដែលមានភាពរឹងមាំ។
លោកបានអធិប្បាយបន្ថែមថា៖ «សកម្មជនទាំងនេះគួរតែត្រូវបានអបអរជំនួសឲ្យការយកទៅឃុំខ្លួន។ពួកគេជាអនាគតរបស់កម្ពុជា។ ល្បិចកលបំពារបំពានរបស់លោក ហ៊ុន សែន និងរបបរបស់គាត់ ដើម្បីគាបសង្កត់សំឡេងទាំងនេះ គឺសាមញ្ញពោល គឺដោយសារពួកលោកភ័យខ្លាចក្នុងការស្តាប់សំឡេងពិតរបស់ប្រជាពលរដ្ឋកម្ពុជា ហើយថែមទាំងខ្លាចនូវអ្វីដែលពួកលោកប្រហែលជាបានឮផង ក៏មិនដឹង»។
ការអធិប្បាយរបស់លោក Alan Lowenthal កើតមានឡើង បន្ទាប់ពីសកម្មជនក្រៅប្រទេសដែលជាសមាជិកនៃ «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ» បានស្នើសុំឲ្យមានតួនាទីសម្របសម្រួលពីសហរដ្ឋអាមរិក ដើម្បីឲ្យមានការដោះលែងសកម្មជនជាច្រើននាក់ ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ការចាប់ខ្លួនក្រុមសកម្មជនទាំងនោះធ្វើឡើង នៅពេលពួកគេចេញមុខតវ៉ាទាមទារជាសាធារណៈ ឲ្យមានការដោះលែងមេដឹកនាំសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ដែលត្រូវចាប់ឃុំខ្លួន ដោយសារលោកនិយាយរិះគន់រឿងបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។
បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន នាដំណាច់ខែកក្កដាមកនោះ ការចាប់ខ្លួនមនុស្សពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានកើនឡើងដល់ ២៤ នាក់ ដែលក្នុងនោះមាន ១២ នាក់ ត្រូវបានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនរង់ចាំការជំនុំជម្រះ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម»។ នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃសុក្រ លោកស្រី Ravina Shamdasani អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ ក៏បានថ្លែងបរិហារការបង្ក្រាបនៅកម្ពុជាផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងអ្នកតវ៉ាដែលជាប់ឃុំចំនួន ១២ នាក់ ដោយ«គ្មានលក្ខខណ្ឌ»។ លោកស្រីបានអធិប្បាយថា៖ «ស្ថានភាពនាពេលបច្ចុប្បន្ននេះបង្ហាញឲ្យយើងកាន់តែឃើញនូវការមិនអត់ឱនរបស់រដ្ឋាភិបាល ចំពោះគំនិតផ្ទុយពីខ្លួន និងការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងសមាគម»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ ប្រាប់វីអូអេ នៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនបានដឹងពីចេតនារបស់តំណាងរាស្ត្រអាមេរិកលោក Alan Lowenthal ទាក់ទងនឹងការរិះគន់ថា រដ្ឋាភិបាលកម្ពុជាបានបើកចំហឲ្យមានការរំលោភសិទ្ធិមនុស្ស ដោយការអនុញ្ញាតឲ្យអាជ្ញាធរចាប់ខ្លួនក្រុមសកម្មជន និងអ្នករិះគន់ឯទៀតដាក់ក្នុងពន្ធនាគារនោះ។ លោកក៏មិនបានដឹងថាតំណាងរាស្ត្ររូបនោះមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយក្រុមអ្នកជំទាស់ផងដែរ។
«ក៏ប៉ុន្តែគ្រាន់តែជាគោលការណ៍ច្បាប់មតិយោបល់ និងការថ្លែងការណ៍ផ្ទាល់ខ្លួនរបស់គាត់នេះ មិនមានឥទ្ធិពលអីទៅលើស្ថាប័នតុលាការនៃរដ្ឋអធិបតេយ្យមួយនោះទេណ៎ា! ហើយប្រសិនបើគាត់ចង់ជួយក្រុមទាំងអស់ហ្នឹងគឺថា មានតែការចូលរួមក្នុងដំណើរការនីតិវិធីទេ ហើយបង្ហាញមូលដ្ឋានឲ្យបានរឹងមាំណ៎ា! មូលដ្ឋានច្បាប់ឲ្យបានរឹងមាំដើម្បីធ្វើការការពារដោះបន្ទុកតាមផ្លូវច្បាប់ និងនីតិវិធីតុលាការរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យបាទ»។
លោក ជិន ម៉ាលីន ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ មានប្រសាសន៍ថា ការចាប់ខ្លួនក្រុមសកម្មជនកន្លងមកនោះ មិនមែនជាទម្រង់នៃការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាទេ ប៉ុន្តែវាជាវិធានការច្បាប់។
«បាទ ការចាប់ខ្លួនអ្នកដែលប្រព្រឹត្តលើ្មសច្បាប់នេះ មិនមែនជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យទេ ក៏ប៉ុន្តែជាគឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ តាមរយៈយន្តការនៃការអនុវត្តច្បាប់បានន័យថា អ្នកដែលប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់»។
នៅមុនការចេញសេចក្តីថ្លែងការណ៍ផ្ទួនៗគ្នាពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសលោកសេរីមួយចំនួន ដែលធ្វើការរិះគន់សកម្មភាពបង្ក្រាបនៅកម្ពុជានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងពីការប្តេជ្ញារបស់កងទ័ពក្នុងការការពារសុខសន្តិភាព នៅក្នុងពិធីរំឭកខួបគម្រប់ ១១ ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាខេត្តកណ្តាល កាលពីថ្ងៃពុធសប្តាហ៍មុន។
ប៉ុន្តែ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះបានស្តីបន្ទោសដល់ក្រុមជំទាស់ខ្លះនិងសកម្មភាពសង្គមស៊ីវិលខ្លះ ដែលលោកថា កំពុងព្យាយាមធ្វើហួសកម្រិតព្រំដែននៃប្រជាធិបតេយ្យ ហើយក្លាយជារឿងអាណាធិបតយ្យ និងបំផ្លាញប្រជាធិបតេយ្យ។
«ពាក្យថាប្រជាធិបតេយ្យមួយ វាធំទូលំទូលាយណាស់ ប៉ុន្តែជាគោលមួយនៅគ្រប់ប្រទេសទាំងអស់វាត្រូវផ្អែកទៅលើច្បាប់ ផ្អែកទៅលើនីតិរដ្ឋ។ បើប្រជាធិបតេយ្យគ្មានច្បាប់ បានន័យថា វាអាណាធិបតេយ្យ»។
លោក ហ៊ុន ម៉ាណែត ក៏បានក្រើនរំឭកកងទ័ពឲ្យមានស្មារតីប្រុងប្រយ័ត្នចំពោះ «ល្បិចកលចិត្តសាស្ត្រ»រ បស់ក្រុមអ្នករិះគន់ដែលលោកថាមានចេតនាបំផ្លាញសាមគ្គីផ្ទៃក្នុងកងទ័ព។ លោកក៏បានព្រមានផងដែរ មិនឲ្យជនណាប្រើសិទ្ធិហួសដែនកំណត់ក្នុងច្បាប់មកបំផ្លាញសន្តិភាពនោះទេ៕