មេដឹកនាំគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញច្បាប់ថវិកាចំណាយរយៈពេលខ្លីមួយដែលនឹងបញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរក្សាដំណើរការរបស់រដ្ឋាភិបាលរហូតដល់ខែមីនាខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងនេះក្នុងបំណងដើម្បីបញ្ចៀសកុំឱ្យមានភាពច្របូកច្របល់មួយរយៈពេលខ្លី និងទុកពេលដើម្បីធ្វើច្បាប់ចំណាយថវិកាដែលមានភាពស្មុគស្មាញមួយ ដែលនឹងផ្តល់ថវិកាដល់សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានខ្វែងគំនិតគ្នាជុំវិញទំហំចំណាយថវិកាអស់រយៈពេលរាប់ខែមកហើយ។
ច្បាប់ថវិកានេះអាចជួបការលំបាកនៅក្នុងរដ្ឋសភា ដែលមានក្រុមអភិរក្សនិយមនៃគណបក្សសាធារណរដ្ឋមួយក្រុម បានប្រើប្រាស់យុទ្ធសាស្ត្ររាំងខ្ទប់ច្បាប់នេះ ដើម្បីដាក់សម្ពាធធ្វើឱ្យកម្រិតចំណាយរបស់រដ្ឋាភិបាលអាមេរិកមានទំហំតិចជាងមុន។
ថវិកាចំណាយរបស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ននេះ នឹងត្រូវអស់សុពលភាពក្នុងសប្តាហ៍នេះ សម្រាប់កម្មវិធីសហព័ន្ធជាច្រើន ដែលរួមមានការដឹកជញ្ជូន លំនៅឋាន កសិកម្ម ថាមពល និងការសាងសង់ផ្នែកយោធា និងអតីតយុទ្ធជន។
ចំណែកថវិកាចំណាយផ្សេងៗទៀត ដែលរួមមានការការពារជាតិជាដើមនោះ នឹងបន្តរហូតដល់ថ្ងៃទី ២ ខែកុម្ភៈខាងមុខនេះ៕