សភា​តំណាងរាស្រ្ត​អាមេរិកាំង​គ្រោង​ពិភាក្សា​និងអនុម័ត​​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​នៅថ្ងៃ​ចន្ទ​នេះ

រូបឯកសារ៖ លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida ​និង​សមាជិក​សភា​លោក Dana Rohrabacher សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ California ពិភាក្សា​គ្នា​នៅ​ឯ​សវនាការ​សាធារណៈ​​ស្តីអំពីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧។

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​អ្នក​តំណាងរាស្រ្ត​សំខាន់ៗ​ចំនួន​៩នាក់ គាំទ្រ​ដែល​ក្នុងនោះ​មាន​លោកEliot Engel និង​លោកMichael McCaul ដែល​ជា​ប្រធាន​និង​អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​មក​ទាំងពីរ​គណបក្ស។

សភា​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក គ្រោង​នឹង​យក​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា មក​ពិភាក្សា​នៅក្នុង​សភា​ពេញអង្គ​នៅថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​សភា​ជាតិ។

សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ (Cambodia Democracy Act) ឬ H.R. 526 ដែល​មាន​ការគាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក​មាន​គោលបំណង​ជំរុញ​ឱ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ គោរព​សិទ្ធិ​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេសកម្ពុជា​ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ថេត យូហូ អ្នក​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ Florida នៃ​គណបក្ស​សាធារណរដ្ឋ​ បាន​ដាក់​សេចក្តី​ស្នើច្បាប់​នេះ​កាលពី​ខែ​មករា បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ ព្រម​ទាំង​ចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​ដាក់​ពន្ធនាគារ ហើយ​រំលាយ​គណបក្ស​នេះ​ចោល​និង​រៀបចំ​ការ​បោះឆ្នោត​ដោយ​មិនមាន​គូប្រជែង​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល។

រហូតមក​ដល់ពេលនេះ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​អ្នក​តំណាងរាស្រ្ត​សំខាន់ៗ​ចំនួន​៩នាក់ គាំទ្រ​ដែល​ក្នុងនោះ​មាន​លោក Eliot Engel និង​លោក Michael McCaul ដែល​ជា​ប្រធាន​និង​អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​មក​ទាំងពីរ​គណបក្ស។ ក្រោយ​ពីត្រូវ​អនុម័ត​រួច​ហើយ​ សេចក្តី​ស្នើ​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​និង​អនុម័ត ​មុននឹង​ដាក់​ជូន​ការិយាល័យ​លោក​ប្រធានាធិបតី​ប្រកាស​ឱ្យ​ប្រើប្រាស់៕