សំណុំ​រឿង​មេបញ្ជាការ​ជើង​ទឹក​ស.រ.អា.ដើម​កំណើត​ខ្មែរ​ធ្វើ​នៅ​ចុង​ខែ​កុម្ភៈ

លោក​ម៉ៃខល ​វណ្ណៈខឹម​ មីសៀវីក​ បានជាប់​ចោទ​ដូច​មេបញ្ជាការ​កងទ័ព​ជើងទឹក​ម្នាក់​នៅ​ក្នុង​នាវា​ទី៧​របស់​ស.រ.អា​.គឺ ​លោក ​ហូស្សេ ​ល្វីស ​សាន់ឆែ​ (Jose​ Luis Sanchez) ​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​​ជូន​ក្រុមហ៊ុន​សឹង្ហបូរីមួយ​ ដែលមាន​កុងត្រា​ផ្នែក​យោធា​ជា​មួយ​ខ្លួន។

វ៉ាស៊ីនតោន៖ តុលាការ​សហព័ន្ធ​ស.រ.អា​.មួយ​ គ្រោង​នឹង​បើក​សវនាការ​បឋម​នៅចុង​ខែ​កុម្ភៈ​ចំពោះ​សំណុំ​រឿង​មេបញ្ជាការ​ជើងទឹក​ស.រ.អា. ​លោក​ Michael ​Vannak ​Khem Misiewicz ​ដែល​មាន​ដើម​កំណើត​ខ្មែរ។​

លោក​ ម៉ៃខល​ វណ្ណៈខឹម​ មីសៀវីក ​(Michael ​Vannak ​Khem ​Misiewicz) ​ជាមេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​ជាន់ខ្ពស់​មាន​ដើម​កំណើត​ខ្មែរ។​ លោក​ ត្រូវ​ជាប់​ចោទ​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជាមួយ​នឹង​មេបញ្ជាការ​ជើង​ទឹក​ស.រ.អា.ធំៗ​ផ្សេងទៀត។​

តុលាការ​សហព័ន្ធ​អាមេរិក​នៅក្នុង​ទីក្រុង​សាន​ឌីយេហ្គោ​ ( San Diego)​ ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​គ្រោង​នឹង​បើក​សវនាការ​បឋម​នៅ​ថ្ងៃ​ទី២៨​ខែ​កុម្ភៈ​ឆ្នាំក្រោយ​ដើម្បី​សាកសួរ​ភាគី​ចុងចោទ​និង​ដើម​ចោទ​អំពី​សំណុំ​រឿង​នេះ។​

លោកស្រី ​ខែលី សនតុន ​(Kelly Thornton)​ អ្នកសម្រប​សម្រួល​កិច្ចការ​សាធារណៈ​នៃ​ការិយាល័យ​រដ្ឋ​អាជ្ញា​តុលាការ​សហព័ន្ធ​មួយ​ក្នុង​រដ្ឋកាលី​ហ្វ័រញ៉ា​ បានថ្លែង​ប្រាប់​វីអូអេ​តាមសារ​អេឡិច​ត្រូនិក​តាម​ប្រសាសន៍​ដើម​ថា៖​ «បច្ចុប្បន្ននេះ​សវនាការ​បឋម​ត្រូវ​កំណត់​ធ្វើនៅ​ថ្ងៃទី​២៨​ខែ​កុម្ភៈឆ្នាំ​២០១៤​នៅ​ចំពោះ​មុខ​ចៅក្រម​ជែនីស​ សែមម៉ាទីណូ ​(Janis ​L.Sammartino)»។

លោកស្រី​បាន​បន្ថែមថា​ «សំណុំ​រឿងនេះ​កំពុង​ស៊ើបអង្កេត។​ លោក ​មីសៀវីក​មិន​បាន​ទទួល​ទោស​កំហុសទេ។​ លោក​បាន​បង់ប្រាក់​ធានា​ខ្លួន​ហើយ​លោក​មិន​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​ទៀត​ទេ»។

លោក​ម៉ៃខល ​វណ្ណៈខឹម​ មីសៀវីក​ បានជាប់​ចោទ​ដូច​មេបញ្ជាការ​កងទ័ព​ជើងទឹក​ម្នាក់​នៅ​ក្នុង​នាវា​ទី៧​របស់​ស.រ.អា​.គឺ ​លោក ​ហូស្សេ ​ល្វីស ​សាន់ឆែ​ (Jose​ Luis Sanchez) ​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់ជូន​ក្រុមហ៊ុន​សឹង្ហបូរីមួយ​ ដែលមាន​កុងត្រា​ផ្នែក​យោធា​ជា​មួយ​ខ្លួន។ ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពីតុលាការ​កាលពី​ខែកញ្ញា​ដែល​វីអូអេ​ទទួល​បាន​ បាន​បញ្ជាក់​ថា​ ពួកគេ​បាន​រៀប​ចំ​បំប៉ោង​តម្លៃ​សម្ភារៈ​ផ្សេងៗ​ក្នុង​គម្រោង​ពុក​រលួយ​ជាច្រើន។ ​នាយក​ក្រុមហ៊ុន ​Glenn ​Defense​ Marine ​Asia ​(GDMA) ​ដែល​មាន​សញ្ជាតិ​ម៉ាឡេស៊ី ​គឺ​លោក​ឡេអូណាត​ ហ្វ្រង់ស៊ីស​ (Leonard ​Glenn Francis)​ ក៏ត្រូវ​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​ដូច​លោក​មេបញ្ជាការ​ហូស្សេ ​ល្វីស​សាន់ឆែ ​ក្នុង​នាវា​ទី៧​ស.រ.អា​.ដែរ។​

«ដូចជា​លោក​សាន់ឆែ​ដែរ ​គឺថា​ លោក​មីសៀវីក​ត្រូវចោទ​ប្រកាន់​ពីការ​ផ្តល់​ ព័ត៌មាន​ដ៏​រស៊ើប​ដល់​ហ្វ្រង់ស្វីសហើយ​នឹង​បាន​ធ្វើការ​យ៉ាង​សម្ងាត់ក្នុង​នាម​ ក្រុមហ៊ុន ​GDMA ​ដើម្បី​ទទួល​បាន​មកវិញ​នូវការ​សប្បាយ​ផ្នែក​បេស្សាកម្ម​និង​ការ​ចំណាយ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​មាន​តម្លៃថ្លៃ។​ ក្រុមហ៊ុន​ GDMA​ ដែល​ប្រតិបត្តិការ​ជំនួញ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​ សឹង្ហបូរី​ ថៃ ​ម៉ាឡេស៊ី ​កូរ៉េ ​ឥណ្ឌា ​ហុងកុង ​ឥណ្ឌូនេស៊ី ​អូស្រា្តលី ​ហ្វីលីពីន ​សិរីលង្កា​ និង​ស.រ.អា​.នោះ​ គឺត្រូវ​ទទួល​ការចោទ​ប្រកាន់​ថា​ បាន​គិតលុយ​ពី​នាវា​ស.រ.អា​.លើស​ចំនួន​ ហើយ​ផ្ញើវិក័្កយបត្រ​ទារប្រាក់​ក្លែងបន្លំ​នូវ​ចំនួន​ទឹកប្រាក់​រាប់លាន​ដុល្លារ​ទាក់ទង​នឹង​សេវា​កម្ម​នានា»។

លោក​ម៉ៃខល ​វណ្ណៈខឹម​ មីសៀវីក​ អាយុ​៤៦ឆ្នាំ​ ជា​អតីត​មេបញ្ជាការ​កប៉ាល់​ចម្បាំង​ស.រ.អា. ​USS Mustin ​មាន​កង​យោធា​ប្រមាណ​៣០០​នាក់​ក្រោម​បង្គាប់។ ​លោក​បាន​ដឹកនាំ​កប៉ាល់​របស់​លោក​ទៅកាន់​តំបន់​អាស៊ី ​រួមទាំង​កម្ពុជា​ផង ​កាល​ពី​ចុង​ឆ្នាំ​២០១០​ ក្នុង​បេសកម្ម​មនុស្ស​ធម៌​និង​ពង្រីក​ទំនាក់​ទំនង​រវាង​ស.រ.អា​.និង​កម្ពុជា។​ លោក​ត្រូវ​គេ​ដំឡើង​ឋានន្តរ​សក្តិ​ និង​តួនាទី​ជា​មេបញ្ជាការ​កំពូល​ម្នាក់​នៅក្នុង​នាវា​ទី៧​របស់​ស.រ.អា.​ថ្មីៗ​បំផុត​នេះ​មុន​មាន​រឿង​អាស្រូវ។​ លោក​ម៉ៃខល វណ្ណៈខឹម​ មីសៀវីក​ត្រូវ​បាន​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​ទទួល​យក​មក​ធ្វើ​ជា​កូន​ចញ្ចឹម​តាំង​ពីអាយុ​៦​ឆ្នាំ ​ចេញពី​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ ហើយរួច​ផុត​ពី​របប​ខ្មែរក្រហម​និង​សង្គ្រាម​នៅ​កម្ពុជា​កាលពី​ឆ្នាំ​១៩៧៣។

ក្រុមមន្ត្រី​កំពូល​ផ្សេងៗ​ទៀត​កំពុង​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពីអំពើ​ពុក រលួយ​នេះ​ដែរ។​

អ្នកការ​ទូតអាស៊ី​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​បានថ្លែង​ប្រាប់​វីអូអេ​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ប្រាប់ឈ្មោះ​ ដោយសារ​ថា​នេះ​ជាបញ្ហា​ផ្ទៃក្នុង​របស់​ស.រ.អា.។​ លោកបាន​អះអាង​ថា​ នេះ​ជាបញ្ហា​ក្នុង​ប្រទេស​អាមេរិក​មែន ​តែ​ជា​ការគួរ​ឲ្យ​សោកស្តាយ​ដែល​ពលរដ្ឋ​អាស៊ី​មាន​ឋានៈធំ​ក្នុង​យោធា​អាមេរិកាំង​ហើយ​ត្រូវ​ជាប់ចោទ​ពីបទ​ពុករលួយ។​ អ្នកការ​ទូត​ដដែល​អះអាង​ថា ​អនាគត​លោក​មីសៀវីក​នឹង​ខូចខាត​ ប្រសិន​បើគេ​រក​ឃើញ​ថា​ មានការ​ទាក់ទង​នឹង​បទល្មើស​ពិត​ប្រាកដ​មែន។​

លោក​ព្រហ្ម សៅរ៍នរ៉ា​ អ្នកវិភាគ​ម្នាក់​មក​ពីរដ្ឋវីជីនៀ ​ដែល​ចាប់​អារម្មណ៍​នឹង​បញ្ហា​នាយ​ទាហាន​ជើង​ទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ដែល​មាន​បុណ្យ​សក្តិ​ធំ​នេះ​ បាន​អះអាង​ថា ​ច្បាប់​នៅក្នុង​ប្រទេស​អាមេរិក​តឹងតែង​ណាស់។​គេ​នឹង​ស្រាវជ្រាវ​ដល់​ថ្នាក់​លើ​ទៀត​ ហើយការ​សម្រេចទោស​គឺជារឿង​ច្បាស់​ពិតប្រាកដ​តាម​ភស្តុតាង ​និង​សាក្សី។​

«តែ​ចំណោទ​ត្រង់​ ថា​តើគាត់​ហ្នឹង​ បើតាម​ខ្ញុំដឹង​គឺ​ថា​ គាត់ហ្នឹង​ជា​មេ​បញ្ជាការ​លើ​កប៉ាល់​ហ្នឹង។​ គាត់ជា​មេបញ្ជាការ​ធំជាង​គេ​លើ​កប៉ាល់​ហ្នឹង។ ​បើ​ដូច្នេះ​ហើយ​វា​អាច​ជារឿង​អ្នកដែល​នៅ​ក្រោម​បង្គាប់​គាត់​ហ្នឹង​ធ្វើ​ហើយ​គាត់​អាច​នឹង​មិន​ដឹង។ ​ហើយ​បើមេធាវី​គេ​ពូកែ​ គេចេះ​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន»។

លោក​គុជ ច័ន្ទលី​ អ្នកវិភាគ​ម្នាក់ទៀត​មកពី​រដ្ឋ​ម៉ារីលែន ​ដែល​បាន​តាម​ឃ្លាំ​មើល​បញ្ហា​សំណុំ​រឿងនេះ​វិញ ​បាន​ថ្លែង​ថា ​ការ​សម្រេច​របស់​តុលាការ​អាមេរិក​គឺ​ផ្អែក​តាមការ​ស៊ើបអង្កេត ​ភស្តុតាង​សាក្សី​ជាក់​ស្តែង។​

«ប្រព័ន្ធ​តុលាការ​នៅ​ស.រ.អា​.គឺជា​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​យុត្តិធម៌​ ហើយ​មាន​ឯករាជ្យ​ភាព ​ដាច់​ដោយ​ឡែក​ពី​អង្គការ​នីតិបញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​ស.រ.អា.។​ តុលាការ​នៅ​ស.រ.អា​.នេះ​គឺថា​គេ​គួរ​ឲ្យ​ទុកចិត្ត​បាន​គឺ​ផ្អែក​ទៅលើ​យុត្តិធម៌​ដែល​មិន​ប្រកាន់​បក្សពួក​ មិន​ប្រកាន់​វណ្ណៈ ​ មិនប្រកាន់​បុណ្យ​សក្តិ​ ឬ​ក៏​ទឹក​លុយ​អ្វីទាក់ទង​នឹងការ​សូកប៉ាន់​អ្វីទាំង​អស់»។​

មេធាវី​របស់​លោក​ ម៉ៃខល​ វណ្ណៈខឹម​ មីសៀវីក ​គឺ​វេនឌី​ សូស្សាន​ ហ្គ៊ឺបូស​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​អត្ថា​ធិប្បាយ​បំភ្លឺ​អំពី​សំណុំ​រឿង​នេះ​មុននឹង​តតាំង​ក្នុង​តុលាការ​ទេ​ ទាំង​ទូរស័ព្ទ​និង​សារ​អេឡិច​ត្រូនិច៕