ជម្លោះពាណិជ្ជកម្មមានផលប៉ះពាល់យ៉ាងច្រើន ឧទាហរណ៍៖ តម្លៃភាគហ៊ុននៅក្នុងប្រទេសទាំងពីររងផលប៉ះពាល់ ខណៈដែលម្ចាស់ភាគហ៊ុនខ្លះបានលក់ភាគហ៊ុនរបស់ខ្លួន ហើយវិនិយោគិនដទៃទៀតមានការស្ទាក់ស្ទើរក្នុងការទិញភាគហ៊ុនពីបណ្តាក្រុមហ៊ុនដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយសារការដំឡើងថ្លៃពន្ធ។ សកម្មភាពទាំងនេះអាចកាត់បន្ថយការបញ្ជាទិញភាគហ៊ុននិងបានធ្វើឲ្យភាគហ៊ុនធ្លាក់ថ្លៃ។ ម្ចាស់ក្រុមហ៊ុននានាសង្ឃឹមថា នឹងទទួលបានប្រាក់ចំណេញ នៅពេលដែលក្រុមហ៊ុនមានការរីកចម្រើនឡើង។
ការដំឡើងថ្លៃពន្ធធ្វើឲ្យសេដ្ឋកិច្ចមានការលូតលាស់តិចតួច ហើយធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។
លោក Dan Pruzin អ្នកនាំពាក្យអង្គការពាណិជ្ជកម្មពិភពលោក បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ថា ការព្រួយបារម្ភអំពីពាណិជ្ជកម្មត្រូវបានគេដឹងឮគ្រប់ៗគ្នារួចទៅហើយ។
លោកបាននិយាយថា៖
«ក្រុមហ៊ុនជាច្រើនមានការស្ទាក់ស្ទើរក្នុងការវិនិយោគទុនក្នុងទីផ្សារដែលកំពុងរង្គោះរង្គើរ ហើយទំនិញមួយចំនួនកំពុងកើនឡើងថ្លៃ»។
លោកបាននិយាយថា វិបត្តិដែលកំពុងកើតមានឡើងនេះអាចប៉ះពាល់ដល់ «អត្រាការងារធ្វើនិងកំណើនសេដ្ឋកិច្ច» ដែលកំពុងបញ្ជូនសារ «អវិជ្ជមានអំពីសេដ្ឋកិច្ច» នៅជុំវិញពិភពលោក។
ជម្លោះពាណិជ្ជកម្មអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើអាជីវកម្មដោយសារតែអ្នកចាត់ការទូទៅមិនសូវហ៊ានប្រថុយបញ្ជាទិញគ្រឿងម៉ាស៊ីនថ្មីៗ មិនហ៊ានប្រថុយសាងសង់រោងចក្រថ្មី ឬមិនហ៊ានជួលបុគ្គលិកថ្មីៗ។
ការចំណាយតិចមានន័យថា តម្រូវការខាងបរិក្ខារមានតិចតួច ហើយអ្នកមានការងារធ្វើមានចំនួនតិចមានន័យថា មានមនុស្សតិចតួចប៉ុណ្ណោះមានប្រាក់ជួលអាគារស្នាក់នៅ ទិញម្ហូបអារហារ ហើយមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ទិញរថយន្តថ្មីទេ។ តម្រូវការតិចតួចខាងទំនិញនិងខាងសេវាកម្មនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងបានបន្ថយសកម្មភាពសេដ្ឋកិច្ច និងបន្ថយកំណើនសេដ្ឋកិច្ច។
ក្រុមកសិករអាមេរិកគឺជាក្រុមមួយផ្សេងទៀតដែលមានអារម្មណ៍ថា ជម្លោះពាណិជ្ជកម្មនេះក៏មានផលប៉ះពាល់ដល់ពួកគេផងដែរ នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនថ្លៃប្រាក់ពន្ធលើសណ្តែកសៀងរបស់អាមេរិក។
តម្លៃពន្ធខ្ពស់នាំឲ្យតម្លៃម្ហូបអាហារសម្រាប់អតិថិជនចិនក៏ឡើងខ្ពស់ដែរ ដូច្នេះការបញ្ជាទិញផលិតផលកសិកម្មអាមេរិកត្រូវធ្លាក់ចុះ។ ការនាំចេញផលិតផលកសិកម្មគឺជាការនាំចេញសំខាន់របស់អាមេរិក។
តម្រូវការសណ្តែកសៀងរបស់អាមេរិកបានធ្លាក់ចុះនៅតាមទីផ្សារតាំងពីមុនមានការដំឡើងពន្ធម៉្លេះ។ នេះមានន័យថា កសិករអាមេរិកមិនអាចទិញត្រាក់ទ័របានច្រើន ហើយមិនអាចជួលកម្មករបានច្រើនទៀតទេ។
ចំនួនអ្នកមានការងារធ្វើតិចតួចមានន័យថា មនុស្សតិចតួចមានលុយទិញផលិតផល ហើយវាធ្វើឲ្យថយចុះកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះដែរ ការដំឡើងពន្ធរបស់អាមេរិកលើទំនិញចិនបានប៉ះពាល់ដល់ផលិតផលឧស្សាហកម្មជាច្រើនទៀតនៅក្នុងប្រទេសចិន មានដូចជា យន្តហោះ ទូក ម៉ាស៊ីន គ្រឿងចក្រធុនធ្ងន់ជាច្រើនទៀត។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិនបានរាយការណ៍ថា ការកំណត់ពន្ធថ្មីរបស់សហរដ្ឋអាមេរិកគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បី «ត្រួតត្រា» រដ្ឋាភិបាលក្រុងប៉េកាំង។
ទីភ្នាក់ងារព័ត៌មាននេះនិយាយថា ការកំណត់ពន្ធថ្មីនេះរំលោភលើច្បាប់ពាណិជ្ជកម្មអន្ដរជាតិ និងប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន និងអ្នកប្រើប្រាស់ទូទៅ។ ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលវ៉ាស៊ីនតោនបានព្យាយាមបញ្ចៀសពន្ធលើទំនិញប្រទេសចិនដែលនឹងមានការឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
ក្រុមអ្នកសេដ្ឋកិច្ចបាននិយាយថា ការបង្កើនពន្ធលើផលិតផលសម្រាប់ផលិតទំនិញប្រើប្រាស់ក៏នៅតែធ្វើឲ្យអ្នកប្រើប្រាស់ចំណាយច្រើនឡើង ដូចជានាំឲ្យមានអតិផរណានៃប្រេងសាំង និងការប៉ះពាល់ដល់តម្រូវការបញ្ជាទិញ។
លោក Bill Adams អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារ PNC ដែលជាអ្នកជំនាញសេដ្ឋកិច្ចរបស់ប្រទេសចិន បាននិយាយថា វិធានការមួយដែលប្រទេសចិនអាចធ្វើ តែមិនទាន់បានធ្វើនោះ គឺត្រូវឲ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះ។ រូបិយប័ណ្ណថោកមានន័យថា ផលិតផលដែលផលិតនៅប្រទេសចិនមានតម្លៃថោក និងមានលទ្ធភាពប្រកួតប្រជែងច្រើនលើទីផ្សារអន្ដរជាតិ។
លោក Adams និយាយថា ប្រទេសចិនបានចាត់វិធានការដើម្បីទ្រទ្រង់តម្លៃនៃប្រាក់យន់ចិននាពេលថ្មីៗនេះ។ ទោះបីជាការបញ្ចុះតម្លៃរូបិយបណ្ណអាចជួយឲ្យមានកំណើននាំចេញក៏ពិតមែន ប៉ុន្តែវាអាចជំរុញកំណើនអតិផរណា តាមរយៈការបង្កើនថ្លៃផលិតផលនាំចូល ដូចជាប្រេង ឬវត្ថុធាតុដើមផ្សេងទៀត ដែលក្រុមហ៊ុនចិនត្រូវការ។
ជាមួយគ្នានេះដែរ ភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីវិវាទផ្នែកពាណិជ្ជកម្ម បានបង្កើនតម្លៃប្រាក់ដុល្លារអាមេរិក ពីព្រោះអ្នកវិនិយោគយល់ឃើញថា សហរដ្ឋអាមេរិកជាកន្លែងមានសុវត្ថិភាពនៅពេលមានវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែប្រាក់ដុល្លារឡើងថ្លៃមានន័យថា ផលិតផលរបស់អាមេរិកឡើងថ្លៃសម្រាប់អតិថិជនបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់អាមេរិក និងកំណើនសេដ្ឋកិច្ចអាមេរិក។ ទាំងអស់នេះមានន័យថា វាពិបាកក្នុងការព្យាករណ៍ថា តើជម្លោះពាណិជ្ជកម្មនេះនឹងនាំឲ្យកើតមានរឿងអ្វីខ្លះ?
ក្រុមអ្នកជំនាញនិយាយថា វាអាស្រ័យថា តើវិធានការណ៍នោះមានទំហំប៉ុណ្ណា ហើយភាគីទាំងពីរដំឡើងប្រាក់ពន្ធដាក់គ្នាទៅវិញទៅមកប៉ុន្មានដង ហើយ នៅចុងបំផុត ជម្លោះនេះបានឡើងដល់កម្រិតណា ហើយជម្លោះនេះអូសបន្លាយដល់ពេលណា? ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅក្នុងប្រទេសចិនបានសរសេរថា នេះគឺជាជម្លោះពាណិជ្ជកម្មដ៏ធំបំផុតរវាងចិននិងសហរដ្ឋអាមេរិកក្នុងរយៈពេល៤០ឆ្នាំមកនេះ។
លោក William Zarit បាននិយាយថា ភាគីទាំងពីរត្រូវតែរកច្រកចេញ ពីព្រោះ «ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីរឹងមាំគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរដើម្បីចៀសផុតពីការវាយប្រហារប្រឆាំងគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្ម»។
លោកនិយាយថា កិច្ចព្រមព្រៀងថ្មីនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ