ទោះបីមានការខ្វែងគំនិតគ្នាមួយចំនួនស្តីពីបញ្ហារបស់ប្រទេសនិមួយក៏ដោយ ក៏ចិន និងអាមេរិកកំពុងរៀបចំឲ្យមានការជួបប្រជុំមួយចំនួននៅពេលដែលប្រទេសទាំងពីរធ្វើការដើម្បីផ្តោតលើសារៈសំខាន់នៃការរក្សាស្ថេរភាពក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។ ជំនួបលើកទី១ មានកំណត់ពេលចាប់ផ្តើមនៅថ្ងៃពុធនៅក្នុងទីក្រុងប៉េកាំងដោយផ្តោតទៅលើសិទ្ធិមនុស្ស បន្ទាប់ពីការចរចាជាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចកម្រិតខ្ពស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។លោក ហុង ឡេ (Hong Lei) អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើតារាងពីប្រធានបទខ្លះដែលភាគីចិនរំពឹងនឹងពិភាក្សាក្នុងជំនួបស្តីពីបញ្ហាសិទ្ធិមនុស្សរយៈពេល២ថ្ងៃជាមួយមន្រ្តីសហរដ្ឋអាមេរិក។ លោកថ្លែងថា៖
«លោកនិយាយថា ពួកគេនឹងពិភាក្សាការជឿនលឿនថ្មីៗក្នុងបញ្ហាសិទ្ធិមនុស្សនៅប្រទេសទាំងពីរ ហើយនឹងកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សនៅក្នុងអង្គការសហប្រជាជាតិ»។
ក៏ប៉ុន្តែ លោកនិយាយទៀតថា ចិនប្រឆាំងនឹងប្រទេសណាដែលប្រើប្រាស់សិទ្ធិមនុស្សជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ លោកបន្តទៀតថា៖
«លោកបានទទួលស្គាល់ថា មានការខ្វែងគំនិតគ្នារវាងចិន និងអាមេរិកលើបញ្ហាសិទ្ធិមនុស្ស។ ក៏ប៉ុន្តែលោកនិយាយទៀតថា ប្រទេសទាំងពីរអាចបង្កើនការយល់គ្នាទៅវិញទៅមកតាមរយៈការសន្ទនាគ្នា ដោយផ្អែកលើសមភាព ហើយនឹងការគោរពគ្នាទៅវិញទៅមក»។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិក ឲ្យដឹងថា ការពិភាក្សានឹងផ្តោតលើកិច្ចអភិវឌ្ឍសិទ្ធិមនុស្ស រួមមាននិន្នាការអវិជ្ជមាននៅពេលថ្មីៗនេះដោយសារការបាត់ខ្លួនដោយការចាប់បង្ខំ ការឃុំឃាំងក្រៅប្រព័ន្ធតុលាការ និងការចាប់ខ្លួន និងការកាត់ឲ្យជាប់ទោសនៅក្នុងប្រទេសចិន។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាការព្រួយកង្វល់ផ្សេងទៀតពីបញ្ហាសិទ្ធិមនុស្សរបស់អាមេរិករួមមាននីតិរដ្ឋ សេរីភាពនៃការបញ្ចេញមត្តិ សេរីភាពសាសនា សិទ្ធិការងារ និងសិទ្ធិជនជាតិភាគតិច។
ពួកអាជ្ញាធរចិន បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សហើយនឹងមេធាវីមួយចំនួននៅក្នុងការបង្ក្រាបពួកអ្នកប្រឆាំងដែលបានចាប់ផ្តើមបន្ទាប់ពីការចុះផ្សាយក្នុងប្រព័ន្ធ អ៊ីធឺណិត ដែលជំរុញឲ្យប្រជាពលរដ្ឋចិនធ្វើការតវ៉ាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបាតុកម្មបដិវត្តន៍ផ្កាម្លឹះដែលបានផ្តួលរំលំរដ្ឋាភិបាលនានាក្នុងតំបន់មជ្ឈឹមបូព៌ា។ មានសញ្ញាបន្តិចបន្តួចនៃការប្រឆាំងតវ៉ាពិតប្រាកដ ក៏ប៉ុន្តែរដ្ឋាភិបាលចិនមានប្រតិកម្មយ៉ាងឃោរឃៅ។
លោក ដ្យន ហាន្តស្ម៊ែន (John Huntsman) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលចាកចេញពីប្រទេសចិននៅចុងខែមេសា កាលពីពេលថ្មីៗនេះបានធ្វើសុន្ទរកថាលា ដែលក្នុងនោះលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាលើបញ្ហាចម្រូងចម្រាសដូចជាបញ្ហាសិទ្ធិមនុស្ស។ លោក បន្តថា៖
«ទោះបីយើងមានការខ្វែងគំនិតគ្នាក៏ដោយ យើងត្រូវតែនិយាយដោយគោរពចំពោះខ្លួនឯង និងមនុស្សជំនាន់ក្រោយ។ ប៉ុន្តែក៍ត្រូវធ្វើឥតលាក់លាម និងដោយស្មោះត្រង់។ មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះគឺរក្សាការសន្ទនាប្រកបដោយនិរន្តភាពគ្រប់កម្រិតទាំងអស់ ទាំងកម្រិតខ្ពស់ និងទាបនៅក្នុងទំនាក់ទំនងរបស់យើង»។
សហរដ្ឋអាមេរិកស្ថិតនៅក្នុងចំណោមប្រទេសនានាដែលអំពាវនាវឲ្យចិនដោះលែងពួកអ្នកប្រឆាំង រួមមានទាំងវិចិត្រករដ៏ល្បីល្បាញគឺលោក អៃ វ៉េវ៉េ (Ai Weiwei) ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន