អាមេរិក​ថា​ ការរំលោភ​សិទ្ធិមនុស្ស​នៅ​ចិន​កើនឡើង​ក្រោម​ការដឹកនាំ​របស់​លោក​ស៊ី ជីនពីង

រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​លោក​ដូណាល់ ត្រាំ (ខាងឆ្វេង) និង​ប្រធានាធិបតីចិនលោកស៊ី ជីនពីង

លោកRubio និង​លោក Smith បាន​អះអាង​ថា​ បក្សកុម្មុយនីស​្តនៅ​តែ​បន្ត​កាន់​អំណាច​នយោបាយ​ផ្តាច់ការ​តាមរយៈ​ការបង្ក្រាប​ដែល​មាន​ការគាំទ្រ​ដោយ​រដ្ឋ​ ការ​ឃ្លាំមើល​ ការ​បញ្ជូល​មនោគមន៍វិទ្យា​ និង​អំពើ​ឃោឃៅផ្សេងៗទៀត។

ការ​ការពារ​សិទិ្ធមនុស្ស​នៅក្នុង​ប្រទេសចិន​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចំពោះ​រាល់​វិធានការ​ដែល​បាន​ដាក់​ចេញ​ចាប់តាំង​ពី​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង (Xi Jinping) ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ២០១២មក។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃពុធ។

របាយការណ៍​របស់​គណៈកម្មការ​សភា​មក​ពី​គណបក្ស​ទាំងពីរ​ទទួល​បន្ទុក​កិច្ចការ​ក្នុង​ប្រទេសចិន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុងប៉េកាំង ​ដែល​បាន​បង្ក្រាប​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​ក្រុម​ជនជាតិភាគតិច​ និង​បាន​ប្រកាស​ថា ទង្វើ​រំលោភបំពាន​ទាំងនោះ​អាច​បង្ក​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ថ្នាក់​ដឹកនាំ​គណៈកម្មការ​នេះ​ ដែល​មាន​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Florida និង​លោក Chris Smithសមាជិក​សភា​មក​ពីរដ្ឋ New Jersey បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​សង្ខេប​របស់​របាយការណ៍​នេះ​ថា «ទង្វើ​ទាំងនេះ​បង្ក​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជា​ពិសេស​គឺ​ការ​ចាប់ឃុំខ្លួន​តាម​តែ​អំពើ​ចិត្ត​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ​និង​ជនជាតិ​ភាគតិច​កាន់សាសនា​ឥស្លាម​ជាង​មួយលាននាក់​ដាក់​ក្នុង​ជំរំ​កែប្រែ​នយោបាយ​ដែលស្ថិត​នៅ​ភាគខាងលិច​ប្រទេសចិន។

សមាជិក​សភា​ទាំងពីរ​បាន​អះអាង​ថា​ បក្សកុម្មុយនីស​្តនៅ​តែ​បន្ត​កាន់​អំណាច​នយោបាយ​ផ្តាច់ការ​តាមរយៈ​ការបង្ក្រាប​ដែល​មាន​ការគាំទ្រ​ដោយ​រដ្ឋ​ ការ​ឃ្លាំមើល​ ការ​បញ្ជូល​មនោគមន៍វិទ្យា​ និង​អំពើ​ឃោឃៅផ្សេងៗទៀត។

លោកRubio និង​លោក Smith បាន​ថ្លែង​បន្ថែម​ថា «យើង​មើល​ឃើញ​ថា ​ប្រទេសចិន​កំពុង​ធ្វើឲ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​តាមរយៈ​ការ​បង្កើត​នូវ​បទដ្ឋាន​សកល​ថ្មីៗ​ដែល​ផ្តោត​លើ​ការអភិវឌ្ឍ​ ពាណិជ្ជកម្ម​ ប្រព័ន្ធអ៊ិនធឺណិត​ និង​សិទ្ធិមនុស្ស​ជាដើម។ ក៏​ប៉ុន្តែ​ស្របពេល​ជាមួយ​គ្នា​នោះ​ប្រទេសចិន​នៅ​តែ​រក្សា​ប្រព័ន្ធ​នយោបាយ​ដែល​មាន​ចរិត​ផ្តាច់ការ​ដដែរ។

របាយការណ៍​របស់​គណៈកម្មការ​សភា​ក៏​បាន​បង្ហាញ​ថា ​គណបក្ស​កាន់អំណាច​របស់​ចិន​កំពុង​ព្យាយាម​កំណត់ឡើងវិញ​នូវ​សិទ្ធិមនុស្ស​និង​មូលដ្ឋាន​នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស៕