គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដែលប្រើផ្កាយរណបដើម្បីតាមដាននិងផ្សព្វផ្សាយកម្រិតទឹកនៃទំនប់របស់ប្រទេសចិន និងប្រទេសផ្សេងទៀតតាមទន្លេមេគង្គ ត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ។
ទន្លេមេគង្គដែលមានប្រវែង ៤.៣៥០ គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម បានក្លាយជាចំណុចផ្ដោតនៃការប្រកួតប្រជែងគ្នា។
រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកដែលថា ទំនប់ទឹករបស់ចិនបានឃាំងចរន្តទឹកដែលធ្វើឲ្យប៉ះពាល់ដល់បណ្តាប្រទេសនៅខ្សែទឹកខាងក្រោមទន្លេមេគង្គ ដែលប្រជាពលរដ្ឋប្រមាណ ៦០ លាននាក់ ពឹងផ្អែកលើទន្លេនេះសម្រាប់ការនេសាទនិងធ្វើស្រែចម្ការ។
គម្រោងឃ្លាំមើលទំនប់ទន្លេមេគង្គ (The Mekong Dam Monitor) ដែលត្រូវបានផ្តល់ថវិកាមួយផ្នែកដោយក្រសួងការបរទេសសហរដ្ឋអាមេរិក គឺជាគម្រោងដែលប្រើទិន្នន័យពីផ្កាយរណបដើម្បីតាមដានកម្រិតទឹកនៃទំនប់នានានៅក្នុងប្រទេសចិន និងប្រទេសផ្សេងៗទៀត។
ព័ត៌មានអំពីកម្រិតទឹកនេះនឹងអាចចូលមើលបានដោយផ្ទាល់តាមពេលវេលាជាក់ស្ដែងចាប់ពីថ្ងៃអង្គារស្អែកតទៅ។
លោក Brian Eyler នៃមជ្ឈមណ្ឌល Stimson ដែលជាអង្គការដំណើរការគម្រោងឃ្លាំមើលទំនប់ទន្លេមេគង្គនេះ បាននិយាយថា៖ «គម្រោងតាមដាននេះបានផ្ដល់ភស្តុតាងថា ទំនប់របស់ចិនចំនួន ១១ ត្រូវបានរៀបចំឡើងដោយផ្ចិតផ្ចង់ និងដំណើរការនៅក្នុងវិធីមួយដើម្បីបង្កើនឲ្យបានជាអតិបរមានូវផលិតកម្មថាមពលវារីអគ្គិសនីដើម្បីលក់ឲ្យបណ្ដាខេត្តនៅភាគខាងកើតប្រទេសចិន ដោយមិនខ្វល់អំពីផលប៉ះពាល់លើបណ្ដាប្រទេសនៅខ្សែទឹកខាងក្រោម»៕