មួយថ្ងៃក្រោយមក បន្ទាប់ពីព្រឹទ្ធសភាប្រទេសម៉ិកស៊ិកអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយនឹងប្រទេសកាណាដា និងសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ និងបញ្ហាពាណិជ្ជកម្មផ្សេងៗទៀតជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump។
ព្រឹទ្ធសភាម៉ិកស៊ិកបានបោះឆ្នោតក្នុងសំឡេង ១១៤ ទល់នឹង ៤ ដើម្បីគាំទ្រលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ទោះបីជាមានការរារែកពីសមាជិកព្រឹទ្ធសភាបែបសេរីនិយម និងមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងរឿងអន្តោប្រវេសន៍ក៏ដោយ។
ប្រទេសម៉ិកស៊ិកជាប្រទេសដំបូងបង្អស់ដែលអនុម័តលើកិច្ចព្រមព្រៀងនេះ ដែលជាកិច្ចព្រមព្រៀងជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាមេរិកខាងជើងឆ្នាំ ១៩៩៤ ដែលហៅកាត់ថា NAFTA។
កិច្ចព្រមព្រៀងថ្មីនេះស្ទើរតែស្រដៀងទៅនឹងកិច្ចព្រមព្រៀងចាស់។ ប៉ុន្តែចំណុចខុសគ្នាចម្បងមានដូចជាលក្ខខណ្ឌដែលបញ្ជាក់ថា រថយន្តណាដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកត្រូវតែផលិតឡើងដោយប្រើគ្រឿងបន្លាស់រថយន្តធ្វើនៅសហរដ្ឋអាមេរិកច្រើនជាងមុន ហើយកសិករផលិតទឹកដោះគោរបស់សហរដ្ឋអាមេរិកនឹងអាចលក់ផលិតផលទឹកដោះគោទៅឲ្យប្រទេសកាណាដាបាន។
សមាជិកសភាម៉ិកស៊ិកខ្លះថា លោក Trump បានសម្លុតប្រទេសម៉ិកស៊ិកឲ្យឯកភាពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះ ប៉ុន្តែពួកគេបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ ដោយសារគ្មានជម្រើសផ្សេង។
រដ្ឋសភាកាណាដាមិនទាន់បោះឆ្នោតលើកិច្ចព្រមព្រៀងនេះនៅឡើយទេ ហើយកិច្ចព្រមព្រៀងនេះនឹងប្រឈមនឹងការជំទាស់នៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ៕