សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រហែលជាមិនមានអានុភាពខ្លាំងលើកម្ពុជាដូចមុនៗទេ ដោយសារកម្ពុជាពេលនេះនៅក្នុងគន្លងរបស់ប្រទេសចិន។ ប៉ុន្តែពលរដ្ឋខ្មែរ-អាមេរិកាំងបារម្ភថា ការបោះឆ្នោតនាពេលខាងមុខអាចជំរុញឱ្យទំនាក់ទំនងកម្ពុជាជាមួយលោកខាងលិចកាន់តែយ៉ាប់យឺន។
ហើយការធ្លាក់ចុះទំនាក់ទំនងនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកម្ពុជាធម្មតា ជាជាងឥស្សរជនគណបក្សកាន់អំណាច ដែលមន្ត្រីលោកខាងលិចបន្ទោសថា បានធ្វើឲ្យមានការដើរថយក្រោយផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនដែលចូលរួមនយោបាយ ហើយរស់នៅសហរដ្ឋអាមេរិក បានប្រាប់ វីអូអេភាសាខ្មែរ។
ទិដ្ឋភាពដ៏ចម្រូងចម្រាសបំផុតនៃការបោះឆ្នោតជាតិនៅខែកក្កដាគឺការសម្រេចចិត្តកាលពីខែមុនដើម្បីរារាំងមិន៌ឱ្យគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏សំខាន់ចូលរួមការបោះឆ្នោត។
មេដឹកនាំបក្សជំទាស់ដ៏លេចធ្លោបំផុតរបស់កម្ពុជា ក៏នៅតែស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ និងនិរទេសខ្លួន ខណៈក្រុមមន្ត្រីបក្ស ជំទាស់ជាច្រើននាក់ត្រូវចាប់ដាក់គុក ឬបំភិតបំភ័យឲ្យនៅក្នុងភាពស្ងៀមស្ងាត់ ឬចូលរួមជាមួយរដ្ឋាភិបាលអំណាច។
លោក ឡារី សេង រស់នៅជិតទីក្រុង Seattle រដ្ឋ Washington ហើយជាអ្នកគាំទ្រក្រុមជំទាស់បាននិយាយថា ការបោះឆ្នោតខាងមុខគ្មានការប្រជែងត្រឹមត្រូវទេ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញយ៉ាងច្បាស់ថាលទ្ធផលនៃការបោះឆ្នោតហ្នឹងមិនអាចយកជាការបានទេ ទោះបីមានគណបក្សជាច្រើនចូលរួមក្នុងការបោះឆ្នោតក៏ដោយ ក៏គណបក្សទាំងអស់នោះមិនមែនជាដៃគូក្នុងការប្រកួតជាមួយគណបក្សកាន់អំណាចសព្វថ្ងៃដែរ»។
លោកបារម្ភថា វិធានការសំខាន់ៗដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបអាចធ្វើបានគឺ ការកាត់ឬការដាក់កំហិតលើអត្ថប្រយោជន៍ពាណិជ្ជកម្ម ដែលនេះជាហានិភ័យមួយផ្នែកដល់សេដ្ឋកិច្ចរបស់កម្ពុជានិងប្រជាជនកម្ពុជា ពិសេសអ្នកធ្វើការជាច្រើន ខណៈពេលដែលរឿងនេះ ធ្វើឱ្យមានការប៉ះពាល់តិចតួចដល់ក្រុមមេដឹកនាំប្រទេសកម្ពុជា។
លោកបន្តថា៖ «គំនាបរបស់អន្តរជាតិហ្នឹងមិនមានអ្វីធំក្រៅពីសម្ពាធសេដ្ឋកិច្ចទេ ហើយសម្ពាធសេដ្ឋកិច្ចហ្នឹងធ្វើឲ្យប៉ះពាល់ខ្មែរ អ្នកដែលក្រខ្សត់ អ្នកដែលមិនសូវមានធនធាន ធ្វើឲ្យគ្នារស់ក្នុងភាពលំបាក វេទនា កាន់តែខ្លាំងឡើងៗ។ ហ្នឹងខ្ញុំយល់ឃើញអ៊ីចឹង»។
លោកថា គណបក្សប្រជាជនកម្ពុជា«មិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ ដរាបណាសមាជិកនៃគណបក្សឬក្រុមរបស់គេរស់នៅបានសុខស្រួល» ដោយសារមានការបន្តគាំទ្រពីប្រទេសកុម្មុយនីស្ត ដូចជាវៀតណាម និងចិន។
ចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមការបង្រ្កាបលើគណបក្សប្រឆាំង និងបានអនុម័តកំណែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជំរុញឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យឡើងវិញ និងគោរពសិទ្ធិនយោបាយជាមូលដ្ឋាន។
ចំណុចសំខាន់គឺការគំរាមដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរៀងៗខ្លួនដូចជា អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់ប្រទេសដែលមានចំណូលទាប ដែលមានទឹកប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំដល់វិស័យនាំចេញរបស់កម្ពុជា។
ហើយមួយវិញទៀត ប្រទេសលោកខាងលិចបានធ្វើកិច្ចការដែលក្រុមជំទាស់ពេញចិត្តនេះរួចហើយរឿងគំរាមកំហែងបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយគណបក្សប្រជាជនកម្ពុជាបានវិលមកកាន់អំណាចឯកបក្សវិញយ៉ាងមានប្រសិទ្ធភាព ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨។
សហភាពអឺរ៉ុបបានព្យួរជាផ្លូវការនូវសិទ្ធិពាណិជ្ជកម្មឬកូតាសម្រាប់ការនាំចេញរបស់កម្ពុជាចំនួន ២០ ភាគរយ ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើរ និងស្ករស ដែលជារួមផ្តល់ការងារដល់កម្មករប្រមាណ ១លាននាក់។
ទន្ទឹមនឹងនោះ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកបានផុតកំណត់ក្នុងខែធ្នូ ឆ្នាំ ២០២០ ហើយមិនត្រូវបានបន្តទេ មានន័យថា កម្ពុជាកំពុងខាតបង់ប្រាក់ច្រើនរយលានក្នុងការនាំចេញដោយគ្មានបង់ពន្ធ ឬបង់ពន្ធទាប ក្នុងគ្រាដែលសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។
ព័ត៌មានទាក់ទង៖ ខ្មែរអាមេរិកាំងមើលឃើញតួនាទីសំខាន់របស់អាមេរិកក្នុងរឿងចម្រូងចម្រាសមុនការបោះឆ្នោតសភាអឺរ៉ុបកាលពីខែមីនាបានអនុម័តសេចក្តីសម្រេចថ្មីមួយដែលគំរាមកំហែងដល់ការរឹតបន្តឹងថែមទៀតលើសិទ្ធិនាំទំនិញចូលទីផ្សារអឺរ៉ុបតាមក្រមខណ្ឌ EBA សម្រាប់ប្រទេសកម្ពុជា «ប្រសិនបើការបោះឆ្នោតឆ្នាំ ២០២៣ខុសពីស្តង់ដារអន្តរជាតិឬការរំលោភសិទ្ធិមនុស្សនៅតែបន្ត»។
ទោះយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចុះញ៉មនឹងការគំរាមកំហែងរបស់ប្រទេស លោកខាងលិចទេ ហើយនៅក្នុងសុន្ទរកថាទៅកាន់កម្មកររោងចក្រកាលពីខែមិថុនា លោកបានបញ្ជាក់ថា នឹងគ្មានផលប៉ះពាល់ទេ ទោះជាគ្មាន EBA នៅឆ្នាំខាងមុខៗក្តី។
លោកបន្តថា៖ «ហើយ EBA ហ្នឹង វាគង់តែបាត់ទេ។ ឆ្នាំ ២០២៧ វាបាត់ហើយ។ អ៊ីចឹងបើបានវាបាត់ ក៏វាអត់បញ្ហាទេ។ យើងប្រឹងខ្លួនឯងទៅ កុំប្រើអ៊ុកស៊ីហ្សែន គេច្រើនពេក ក្រែងលោគេដកអ៊ុកស៊ីហ្សែនទៅ វាដាច់ខ្យល់ៗ»។
លោក អ៊ុន សុខុម រស់នៅក្នុងទីក្រុង Lowell (ឡូវែល) រដ្ឋ Massachusetts (ម៉ាស្សាជូសេដ្ឋ) និងជាអតីតមន្ត្រីគណបក្សជំទាស់បាននិយាយថា ការពឹងផ្អែករបស់គណបក្សប្រជាជនកម្ពុជាទៅលើប្រទេសចិន គឺជាហេតុផលដែលលោក ហ៊ុន សែន មិនខ្វល់នឹងការបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្មពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «វាមិនប៉ះពាល់ដល់រដ្ឋាភិបាលទេ ប៉ុន្តែសំខាន់ជាងនេះវាប៉ះពាល់ដល់ប្រជាពលរដ្ឋ»។
អ្នកគាំទ្រគណបក្សជំទាស់ជាច្រើនកំពុងអំពាវនាវឱ្យប្រទេសលោកខាងលិចដែលប្រកាន់គោលការណ៍លទ្ធិប្រជាធិបតេយ្យបដិសេធកុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា លុះត្រាតែគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន យល់ព្រមផ្តល់សម្បទាននានា ដែលរួមទាំងការអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោត។
លោកបន្តថា៖ «ហើយខ្ញុំមានជំនឿយ៉ាងច្បាស់ថា មិនមែនចំពោះតែខ្លួនខ្ញុំមួយទេ គឺថា ពលរដ្ឋខ្មែរយើងជាច្រើន មានជំនឿមិនខុសពីខ្ញុំទេ ហើយសហគមន៍អន្តរជាតិទៀតសោតក៏គេយល់ដឹងយ៉ាងច្បាស់អំពីទិដ្ឋភាពសព្វថ្ងៃនេះ។ ខ្ញុំយល់ឃើញថា គេនឹងមិនទទួលស្គាល់(លទ្ធផល)ក្នុងការបោះឆ្នោតហ្នឹងទេ»។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានច្រានចោលលទ្ធភាពនោះក្នុងបទសម្ភាសន៍ជាមួយ វីអូអេភាសាខ្មែរ។
លោកបញ្ជាក់ថា៖ «មានរឿងអីត្រូវព្រួយបារម្ភ ព្រោះអាហ្នឹងជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការសម្រេច ឆន្ទ:របស់ប្រជាពលរដ្ឋកម្ពុជាគឺជាសិទ្ធិសម្រេចរបស់កម្ពុជាក្នុងអធិបតេយ្យរបស់ខ្លួន។ អាហ្នឹងហើយជារបបប្រជាធិបតេយ្យ»។
លោកបានធ្វើការកត់សម្គាល់ថា ទោះបីជាមានការខឹងសម្បាមិនទទួលស្គាល់ពីប្រទេសមួយចំនួនក្រោយការបោះឆ្នោតឆ្នាំ ២០១៨ ក៏ដោយ ក៏គ្មានប្រទេសណាមួយបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែរ។
ហើយលោកបានបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាប់តាំងពីពេលនោះមក បានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់កិច្ចប្រជុំកំពូលរួម ជាមួយនឹងមេដឹកនាំអាស៊ីផ្សេងទៀត ខណៈដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំទៅផងដែរ ដែលកម្ពុជាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់និងសហគមន៍អន្តរជាតិ។
លោក អ៊ិន សួន មន្ត្រីសន្តិសុខសង្គម នៅក្នុងទីក្រុង Stockton (ស្តុកតុន) រដ្ឋ California (កាលីហ្វ័រញ៉ា) និងជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកមិនជឿដូចការអះអាងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកំពុងកាន់អំណាចនោះទេ។ លោកអះអាងថា ការខូចទំនាក់ទំនងជាមួយប្រទេសមហាអំណាចលោកខាងលិចនឹងធ្វើឲ្យមានហានិភ័យដល់ពលរដ្ឋនិងបក្សកាន់អំណាចដែរ។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋតាមមូលដ្ឋានគ្នាវេទនាណាស់។ កុំថាតែប្រជាពលរដ្ឋ សូម្បីអ្នករកស៊ី ឈ្មួញជួញដូរធម្មតាក៏អញ្ចឹងដែរ ដោយសារតែវាបាត់សិទ្ធិសេរីភាពតវ៉ា រិះរកផ្លូវច្បាប់ រិះរកយុត្តិធម៌ក្នុងការអនុវត្តជំនួញសេដ្ឋកិច្ចអីផ្សេងៗហ្នឹងណា៎»។
លោកបានបញ្ជាក់អះអាងទៀតថា៖ «ថ្វីដ្បិតតែប្រទេសកម្ពុជាហ្នឹងថាអូ! មិនបាច់ពឹងពាក់ប្រទេសលោកសេរីអីទេ អាចរស់ទៅបាន ...ខាងក្រៅនិយាយ ក៏ពិតមែន តែរឿងជាក់ស្តែងវាអត់អ៊ីចឹងទេ»។
លោក អ៊ិន សួនបន្ថែមថា សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបនៅតែជាទីផ្សារធំបំផុតសម្រាប់ទំនិញនាំចូលពីប្រទេសកម្ពុជាដែលមានតម្លៃរាប់ពាន់លានដុល្លារ ដូចជាផលិតផលកសិកម្ម កីឡា សម្លៀកបំពាក់ ដែលគ្មានប្រទេសណា អាចជំនួសបានរួមទាំងប្រទេសក្នុងតំបន់ក្តី។
លោក សេក កុសល ប្រធានអង្គការ IKARE នៅក្រុង St Paul រដ្ឋ Minnesota (មីនីសូតា) បានថ្លែងថា រដ្ឋាភិបាលកម្ពុជាមានឱកាសដ៏ធំធេងក្នុងការបង្កើតសុច្ឆន្ទៈក្នុងចំណោមប្រជាជនកម្ពុជាជុំវិញពិភពលោក ប្រសិនបើបើកលំហនយោបាយសម្រាប់គ្រប់ភាគីរួមទាំងអ្នកដែលជំទាស់នឹងរដ្ឋាភិបាល ឲ្យបានចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា។
លោកបានប្រៀបធៀបស្ថានការណ៍នយោបាយកម្ពុជាទៅនឹងនយោបាយសហរដ្ឋអាមេរិក ដែលគណបក្សធំៗមិនចុះសម្រុងគ្នាលើបញ្ហាជាច្រើនលើសលុប តែជាទូទៅគេស្វែងរកចំណុចប្រសព្វគ្នាមកជជែកនិងដោះស្រាយរួមគ្នាដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជន។
លោកថ្លែងថា៖ «ដូច្នេះប្រទេសកម្ពុជាយើងអ៊ីចឹងបើថា យើងមិនពេញចិត្តគណបក្សប្រឆាំង៨០ទៅ៩០ភាគរយ ឬក៏បើថា ខាងប្រឆាំងមិនចូលចិត្តគណបក្សគ្រប់គ្រងប្រទេស៩០ភាគរយទេ តើយើងអាចរក១០ភាគរយណាដែលយើងអាចធ្វើការជាមួយគ្នា ហើយយើងផ្តោតពេលវេលាយើងទៅធ្វើ១០ភាគរយហ្នឹងទៅ»។
លោក សេក កុសល ថា គណបក្សប្រជាជនកម្ពុជាគួរបញ្ឈប់ការដាក់គំនាបលើ «គណបក្សប្រឆាំង» ថាជាការគំរាមកំហែងដល់ប្រទេស។
លោកថ្លែងថា៖ «ដូច្នេះពាក្យ«ប្រឆាំង»ហ្នឹងមិនមែនមានន័យថា គេប្រឆាំងប្រទេសជាតិយើងទេ។ គេប្រឆាំងលើអ្វីដែលគេមើលមិនឃើញ។ គេប្រឆាំងដែលអត់មានលទ្ធិប្រជាធិបតេយ្យ។ គេប្រឆាំងលើបញ្ហាសិទ្ធិមនុស្ស។ គេប្រឆាំងទៅលើបញ្ហាមនុស្សធម៌នៅក្នុងប្រទេសជាតិយើងទាំងមូល ហើយប្រសិនបើសិនជាយើងមានចំណុចសំខាន់ៗហ្នឹងវានឹងធ្វើឲ្យប្រជាជនដទៃទៀត ប្រទេសដទៃទៀតគេឲ្យតម្លៃយើងតាមហ្នឹង»។
ទោះយ៉ាងណាក៏ដោយ លោក ទូច វិបុល រស់នៅទីក្រុង High Point រដ្ឋ North Carolina ដែលធ្លាប់ជាអ្នកគាំទ្របក្សប្រឆាំងយូរមកហើយ តែបានប្តូរទៅគាំទ្របក្សកាន់អំណាចវិញពេលនេះបាននិយាយថា សំណួរនៃការទទួលស្គាល់អំពីភាពស្របច្បាប់ពីអន្តរជាតិនឹងមានផលប៉ះពាល់តិចតួចលើសកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា ជុំវិញការបោះឆ្នោត ។
លោកថ្លែងថា៖ «ខ្ញុំមិនជឿជាក់ថា សហរដ្ឋអាមេរិកនឹងដកស្ថានទូតចេញពីកម្ពុជា ឬក៏ប្រទេសដទៃៗទៀតនៅអឺរ៉ុបនឹងដកស្ថានទូតចេញពីកម្ពុជាទេ។ ខ្ញុំមិនជឿដល់ចំណុចហ្នឹងទេ»។
លោក ហាន ណូយ រួមចំណែករាយការណ៍ព័ត៌មាននេះពីរាជធានីភ្នំពេញ