អាមេរិក​ហៅ​ការ​ចោទប្រកាន់​ថ្មី​​ប្រឆាំង​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្សី​លោក Navalny ថា «មាន​ភាព​មន្ទិល​សង្ស័យ»

រូប​ឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោកAlexey Navalny ចូល​រួម​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​មូស្គូ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា លោក​មាន​«ក្តីកង្វល់​ចំពោះ​បទចោទ​ប្រកាន់​ថ្មី​ដ៏​គួរ​ឲ្យ​មន្ទិល​សង្ស័យ»លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្សី​លោក Alexey Navalny ដែល​ត្រូវ​ឡើង​សវនាការ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ពន្ធនាគារមួយ​កន្លែងនៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ។

លោក Navalny ត្រូវ​បានរង​ការ​ចោទ​ប្រកាន់​ពី​បទ​គេងបន្លំ​ប្រាក់និងមើល​ងាយតុលាការ។ លោក​អាច​ជាប់​ពន្ធនាគាររហូត​ដល់​១៥​ឆ្នាំឡើង​ទៅ ប្រសិនបើ​ត្រូវ​បាន​កាត់​ទោស​ថា​មាន​កំហុស​មែន​នោះ។

លោក Blinken បាន​បង្ហោះ​សារ​តាម Twiter ថា៖ «លោក Navalny និង​ក្រុម​របស់​លោក ត្រូវ​បាន​គេ​កំណត់​ទិសដៅ​កម្ចាត់ចំពោះ​ការងារ​របស់​ពួក​គេ​ដែល​លាតត្រដាង​ពី​អំពើ​ពុករលួយផ្លូវការ​នោះ។ លោក បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រុស្សី​ ដោះ​លែងលោក Navalny និង​បញ្ចប់​ការធ្វើ​ទុក្ខ​បុកម្នេញ​និង​ដាក់​ទោស​លើ​ក្រុម​អ្នកគាំទ្រ​របស់​លោក»។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​មករា ឆ្នាំ២០២១ ហើយត្រូវ​បាន​កាត់ទោសពី​ការបំពាន​ការ​ដោះលែងឲ្យ​នៅ​ក្រៅ​ឃុំដោយសារ​ប្រាក់​ធានា​ដោយ​ចំណាយ​ពេល​ជា​ច្រើន​ខែនៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល​ជំងឺ​ពី​ការត្រូវ​ថ្នាំ​បំពុល​ក្នុង​ពេល​កន្លង​មក។ លោក​ត្រូវ​បាន​កាត់ទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​កន្លះ។

នៅ​សវនាការថ្មី​របស់​លោក​កាលពី​ថ្ងៃ​អង្គារ អ្នក​ស៊ើប​អង្កេត​រុស្សី​និយាយ​ថា លោកNavalny បាន​គេង​បន្លំ​ប្រាក់​ដែល​គេ​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ​នយោបាយ FBK របស់​លោក​ដែល​ធ្វើការលើ​ការ​ប្រឆាំង​អំពើ​ពុករលួយ។ ដោយ​ឡែក​បទចោទ​ប្រកាន់ពី​ការមើល​ងាយ​លើតុលាការនោះ បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក Navalny ត្រូវ​បាន​រងការ​ចោទប្រកាន់​ថា​បាន​ជេរប្រមាថ​ចៅ​ក្រម​មួយ​រូប​នៅ​ក្នុង​អំឡុង​ពេល​នៃ​សវនាការ​ក្នុង​ពេល​កន្លង​ទៅ។

លោក Navalny បាន​បដិសេធ​ដាច់​អហង្ការ​នូវ​ការចោទ​ប្រកាន់​ទាំង​នេះ ហើយ​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​អស់ទៅ​លើ​រូបលោកថា​មាន​លក្ខណៈ​នយោបាយ។

តាម​សេចក្តី​ថ្លែងការណ៍របស់​លោក Navalny តាម​រយៈ​វីដេអូ​ខ្លី​មួយ​ថា៖ «ខ្ញុំ​មិន​ខ្លាចតុលាការ​នេះ​ទេ។ ខ្ញុំ​មិន​ខ្លាច​ពន្ធនាគារ​ទេ ខ្ញុំ​មិន​ខ្លាច​ក្រុម​រដ្ឋអាជ្ញា ខ្ញុំ​មិន​ខ្លាច​អាវុធ​គីមី ខ្ញុំ​មិន​ខ្លាច​លោកPutinនិង​មនុស្ស​ផ្សេងៗ​ទៀត​ទេ។ ខ្ញុំ​មិន​ខ្លាចព្រោះ​ខ្ញុំ​ជឿ​ថា វា​ជា​ការ​អាម៉ាស់​និង​គ្មាន​ន័យ​អ្វី​ដែល​ត្រូវខ្លបខ្លាច​ពួក​គេ​ទាំង​អស់​នោះ​ឡើយ»។

អ្នកគាំទ្រលោក Navalny បាន​ថ្កោល​ទោសលើ​សំណុំរឿង​ក្តីរបស់​លោក​ហើយ​មេធាវី​ការពារ​ក្តី​របស់​លោក បាន​ហៅ​ទង្វើ​នេះ​ថា ជា​ការ​ប៉ុនប៉ន​បំបិទ​មាត់លោកNavalnyដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង៕