ការពិភាក្សា​អំពី​ថវិកា​ចាយវាយ​របស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ជា​បន្ត

មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​លោក ហ៊ែរី រីដ (Harry Reid) (ស្តាំ) និង​ប្រធាន​រដ្ឋសភា​​លោក ចន បូន័រ (John Boehner) និយាយ​អំពី​ការចរចា​ថវិកា​ដែល​កំពុង​​មាន​បន្ត នៅ​ក្រោយ​ពេល​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ អូបាម៉ា នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មេសា​ឆ្នាំ​

ការ​ចរចា​កំពុង​បន្ត​ធ្វើ​នៅ​វិមាន​រដ្ឋសភា​ Capitol​ Hill​ ដើម្បី​ព្យាយាម​ស្វែងរក​ការព្រមព្រៀង​លើ​ការ​កម្រិត​ការ​ចំណាយ​សម្រាប់​ថវិកា​រដ្ឋាភិបាល​សហព័ន្ធ​ឆ្នាំ​២០១១។ លោក​ John​ Boehner​ ប្រធាន​សភា​តំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា​លោក​មិន​បាន​ឈោង​ដល់​ការព្រមព្រៀង​ថវិកា​ជាមួយ​ប្រធានាធិបតី ​Barack ​Obama ​នៅក្នុង​ការ​ពិភាក្សា​នៅ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ​ទេ។

ការពិភាក្សា​បន្ទាប់​មក​រវាង​លោក​ Boehner​ និង​លោក​ Harry ​Reid ​មេដឹកនាំ​សម្លេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​បាន​ត្រូវ​គេ​រៀបរាប់​ថា​មាន​ផ្លែផ្កា​ក៏ប៉ុន្តែ​មិនមាន​ការចង្អុល​បង្ហាញ​ពីការបំបែក​ភាព​ទាល់ច្រក​ទេ។ សេចក្តីសម្រេច​បណ្តោះ​អាស័ន្ន​មួយ​ដើម្បី​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ផុត​កំណត់​នៅចុង​សប្តាហ៍​នេះ។​ ប្រសិនបើ​សេចក្តី​ព្រាងច្បាប់​ការ​ចំណាយ​ មិន​ត្រូវ​បាន​យល់ព្រម​ដោយ​សភា​ទេ​ រដ្ឋាភិបាល​មួយ​ផ្នែក​នឹង​ត្រូវ​បិទ​ទ្វារ​ដែល​នឹង​មាន​ផលប៉ះ​ពាល់​ដល់​សេវាកម្ម​នានា​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកកាំង​រាប់​លាន​នាក់។

សមាជិក​សភា​បាន​ជជែក​ដេញដោល​កម្រិត​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​ពួក​គណៈបក្ស​សាធារណរដ្ឋ​ទាមទារ​ឲ្យមាន​ការ​កាត់​បន្ថយ​យ៉ាងច្រើន​នៅក្នុង​កម្មវិធី​ដ៏​ប្រយ័ត្ន​ប្រយែង​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ រួមមាន​កម្មវិធី​សង្គម​ខ្លះ​សម្រាប់​អ្នក​ក្រីក្រ​និង​មនុស្ស​ចាស់​ជរា​ ហើយនឹង​កាត់​ប្រាក់​ជំនួយ​ដល់​ពួក​និស្សិត​មហាវិទ្យាល័យ​មកពី​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប។

លោក​ប្រធានាធិបតី​អូបាម៉ា​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ទៅតាម​ការទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​រួចស្រេច​ហើយ​ដើម្បី​កាត់​បន្ថយ​ការចំណាយ​ ហើយ​ថា​ពួក​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មិនគួរ​អនុញ្ញាតិ​ឲ្យ​មនោគមវិជ្ជា​ជ្រៀត​ជ្រែក​ក្នុង​ការ​ព្យាយាម​មិន​ឲ្យ​បិទ​រដ្ឋាភិបាល​មួយផ្នែក​ដែល​អាច​ឲ្យមាន​គ្រោះថ្នាក់​ដល់​ការរើប​ឡើង​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ។

លោក​អូបាម៉ា ​បាន​អំពាវនាវ​ដល់​ប្រធាន​សភា​តំណាងរាស្រ្ត ​Boehner ​និង​មេ​ដឹកនាំ​សំឡេង​ភាគច្រើន​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Harry Reid​ ឲ្យ​ដោះស្រាយ​បញ្ហា​ថវិកា​ឆ្នាំ​២០១១​ ដោយ​និយាយ​ថា​ប្រសិនបើ​បញ្ហា​ថវិកា​ ដោះស្រាយ​មិន​បាន​ទេ ​លោក​ប្រធានាធិបតី ​នឹង​សុំ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​មក​សេតវិមាន​នៅ​ថ្ងៃ​ពុធ។

«គ្មាន​មូលហេតុ​អ្វី​ដែល​ថា​យើង​មិន​អាច​បង្ហើយ​កិច្ចការ​កាលពី​ឆ្នាំ​ទៅ​នោះ​ទេ។ ​ចូរចាំ​ថា​យើង​កំពុង​ដោះស្រាយ​ថវិកា​ដែលគួរ​បាន​ធ្វើ​ឲ្យ​រួចស្រេច​កាល​ពី៣​ខែមុន​ កាលពី​២​ខែ​មុន​ ឬ​កាល​ពីខែ​មុន​ នៅពេល​ដែល​យើង​ខិត​កាន់តែ​ជិត​មែនទែន​ពីព្រោះ​តែ​នយោបាយ»។

លោក​ Boehner​ និយាយ​ថា​ការចរចា​កំពុង​បន្ត​ធ្វើ​ឡើង​ ក៏ប៉ុន្តែ ​លោក​បាន​ថ្លែង​ថា​គ្មាន​ការព្រមព្រៀង​ ណាមួយ​ស្តីពី​កាត់បន្ថយ​ថវិកា​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​ទេ។

«យើង​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​យើង​កំពុង​ប្រយុទ្ធ​ដើម្បី​កាត់​បន្ថយ​ការចំណាយ​ដ៏​ធំ​បំផុត​មួយ។ យើង​កំពុង​ពិភាក្សា​អំពី​ការកាត់​បន្ថយ​ការចំណាយ​ពិត​ប្រាកដ​ មិន​មាន​ការប៉ុនប៉ង​ដើម្បី​លាក់​បញ្ហា​នេះ​ទេ។ យើង​ក៏​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​មិន​ដែល​មាន​ការព្រមព្រៀង​កាត់​បន្ថយ​ថវិការ​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​ទេ​ ហើយ​ថា​យើង​កំពុង​ប្រយុទ្ធ​ម្តងទៀត​ដើម្បី​កាត់​បន្ថយ​ថវិកា​ដ៏​ធំ​បង្អស់​មួយ»។

សភា​តំណាង​រាស្រ្ត​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​អនុមត្តិ​ថវិកា​ដោយ​មាន​ការកាត់​បន្ថយ​ការចំណាយ​៦០​ពាន់​លាន​ដុល្លារ​ ក៏ប៉ុន្តែ​ការ​កាត់​បន្ថយ​នោះ​មិន​បាន​ទទួល​ការអនុម័ត​នៅក្នុង​ព្រឹទ្ធសភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ។ ពួក​អភិរក្ស​និយម​មួយ​ចំនួន​នៃ​ចលនា​ Tea ​Party​ នៃ​គណបក្ស​សាធារណរដ្ឋ​ កំពុង​ច្រានចោល​ការ​សម្រប​សម្រួល​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​ដាក់​លោក​ Boehner ​ប្រធាន​សភា​ដំណាងរាស្រ្ត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ។

លោក​ប្រធានាធិបតី​ លោក​ Boehner​ និង​មេដឹកនាំ​សភា​ពីរ​នាក់​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ពិភាក្សា​អំពី​ការកាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ប្រាក់​៣០​ពាន់​លាន​ដុល្លារ​ ដែល​ខិត​ចូលកាន់​តែជិត​ទៅនឹង​ចំនួន​ដែល​លោក​ Boehner​ បាន​ស្នើរ​កាល​ពី​ដំបូង។

ការបិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ មាន​ន័យ​ថា​បុគ្គលិក​សហព័ន្ធ​រាប់លាន​នាក់​ដែល​ចាត់ទុក​មិន​សូវ​សំខាន់​ នឹង​មិន​ទៅ​ធ្វើការ​រហូត​ទាល់​ថវិកា​ត្រូវ​បាន​ដោះ​ស្រាយ។ ក្រសួង​សន្តិសុខ​ជាតិ​ នឹង​មិន​ប៉ះពាល់​ទេ ​ក៏ប៉ុន្តែ​ សេវាកម្ម​នានា​ទំនង​ជាត្រូវ​ផ្អាក៕

ប្រែ​សម្រួល​ដោយ ​ជឹង​ ប៉ូជីន