កម្រិតនៃប្រាក់កម្ចីរបស់រដ្ឋាភិបាល សរអ ជាសមរភូមិចុងក្រោយបង្អស់សម្រាប់ក្រុមអ្នកគាំទ្រការកាត់ថវិកាដ៏ច្រើន ក្នុងប្រាក់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។ កម្មវិធីដែលគេចូលចិត្ដជាច្រើន នឹងបានត្រូវកាត់បន្ថយ។ តែនៅក្នុងសភាពការណ៍មិនធម្មតាមួយ ក្រុមអភិរក្សនិយមដ៏សំខាន់មូយ បានអំពាវនាវឲ្យមានការតម្លើងផ្នែកមួយនៃ ថវិកា។ វិជ្ជាស្ថានសហគ្រាសអាមេរិកាំង (American Enterprise Institute) ហៅកាត់ AEI និយាយថា ការតម្លើងថវិកាស្រាវជ្រាវកសិកម្មជាការចាំបាច់ ដើម្បីជួយទប់ស្កាត់តម្លៃអាហារដែលឡើងខ្ពស់សព្វថ្ងៃនេះ។ AEI និយាយទៀតថា វាមានសារៈសំខាន់ខ្លាំងជាងនេះទៅទៀតដែលគេត្រូវបំពេញតាមសេចក្ដីត្រូវការអាហារសម្រាប់មនុស្សដែលមានចំនួនកាន់តែច្រើនឡើងក្នុងពិភពលោក។ តែការកាត់ថវិកា ឋឹតនៅក្នុងរបៀបវារៈខ្ពស់នៅពេលនេះ។ ការស្រាវជ្រាវកសិកម្ម ប្រហែលជាមិនបានត្រូវគេរក្សាទុកទេ។
លោក ប៊ីក្រាម គ្រៀល (Bikram Gill) ទទួលខុសត្រូវក្នុងការចាត់ចែងធនាគារផ្ទុកគ្រាប់ពូជធុញ្ញជាតិរបស់ សកលវិទ្យាល័យ Kansas state ដែលមានប្រភេទគ្រាប់ពូជស្រូវសាលីរាប់ពាន់មុខនិងប្រភេទស្រូវសាលីព្រៃ ដែលប្រមូលបានមកពីជុំវិញពិភពលោក។ ហើយលោក នៅមានគ្រាប់ធុញ្ញជាតិទាំងនេះនៅឡើយ។ ថវិកាសម្រាប់ធនាគារនេះបានត្រូវកាត់ កាលពីរដូវផ្ការីកមុននេះ មុនការប្រយុទ្ធគ្នានៅក្នុងសភាសរអ អំពីការកាត់ថវិកាសហព័ន្ទ។
«នៅក្នុងចិត្ដរបស់ខ្ញុំ ខ្ញុំយល់ថាយើងបំផ្លាញប្រយោជន៍ខ្លួនឯង»។
លោក គៀល និយាយថា គ្រប់ពេលដែលមានការគំរាមមកលើផលិតផលស្រូវសាលី ដូចជាការបំផ្លាញដោយសត្វល្អិត ឬក៏មានជម្ងឺថ្មីណាមួយ ដូចជាជម្ងឺ ក្រា ជាឧទាហរណ៍ អ្នកស្រាវជ្រាវ រើកកាយរកពូជស្រូវសាលី ណាមួយដែលអាចប្រយុទ្ធតទល់នឹងមហ្ដរាយនេះបាន។
រុក្ខជាតិព្រៃមួយប្រភេទ បានយកទៅជួយដោះស្រាយបញ្ហារបស់កសិករដាំស្រូវសាលីនៅក្នុង សរអ។ លោក គៀល និយាយថា៖
«រុក្ខជាតិនោះទទួលការការពារប្រឆាំងនិងជម្ងឺក្រា នៅលើស្លឹកស្រូវ ដោយសារតែពន្ធុរបស់វាចេញមកពីស្មៅសត្វពពែស៊ី ដែលគេបានប្រមូលទុកនៅក្នុងប្រទេស អ៊ីរ៉ង់។ គេបានទុកជាឯកសារជាក់លាក់ណាស់»។
លោក គៀល និយាយថា ថវិកាមួយលានដុល្លារនៃធនាគារផ្ទុកគ្រាប់ពូជធុញ្ញជាតិ ជាផ្នែកតូចមួយនៃថវិការាប់រយលានដុល្លារ ក្នុងផលប្រយោជន៍សេដ្ឋកិច្ចដែលខ្លួនបានផ្ដល់ឲ្យ។តែ នៅពេលនេះ លោក គៀល និយាយថា លោកប្រញាប់ប្រញាល់ ស្វែងរកមូលនិធិថ្មី ដើម្បីជៀសវាងមិនឲ្យធានាគារផ្ទុកគ្រាប់ពូជធុញ្ញជាតិ ដួលរលំ។
«វានឹងធ្វើឲ្យខូចខាតជាទម្ងន់ដល់គុណភាពស្រូវសាលី ក្នុងរយៈពេលយូរ»។
ការកាត់ថវិកាមកលើធនាគារគ្រាប់ពូជដំណាំរបស់លោក គ្រៀល កើតឡើងចំពេលដែលគេបានធ្វើឲ្យប្រសើរដល់ផលិតកម្មស្រូវសាលី ដែលពីមុន ចុះអន់ថយដ៏ខ្លាំងនៅក្នុងសរអ ដូចគ្នានឹងមានភាពប្រសើរឡើង នៅក្នុងដំណាំសំខាន់ៗ ដូចជា ពោត ស្រូវ និង សណ្ដែក។ ពីសម័យទសវត្សរ៍ ១៩៥០ ដល់ ១៩៩០ ទិន្នផលកសិករអាមេរិកាំងបានឡើងយឺតៗ តែ និងនរ គឺប្រមាណ ២% ជាមធ្យម រាល់ៗឆ្នាំ។ ក្រោយពីឆ្នាំ ១៩៩០ អត្រាកើននេះ បានចុះទាប ជិតពាក់កណ្ដាល។ នេះ បើតាមសេដ្ឋវិទូ ពីសកលវិទ្យាល័យ មីនិសូតា (Minnesota) លោក ហ្វិល ផារឌី (Phil Pardey)។
«ចំពោះក្រុមយើង ដែលពិនិត្យមើលរឿងទាំងនេះ វាជាការផ្លាស់ប្ដូររចនាសម្ព័ន្ធដ៏ធំធេងមួយ»។
លោក Pardey និយាយថា ការផ្លាស់ប្ដូរនេះបានប៉ះពាល់ធំធេងដល់តម្លៃអាហារសព្វថ្ងៃនេះ ហើយនិងសន្ដិសុខអាហារនៅថ្ងៃក្រោយ។
សេចក្ដីត្រូវការអាហារ ពីមនុស្សកាន់តែច្រើន ក្នុងពិភពលោក និងផលិតកម្មជីវៈឥន្ទនៈកើតឡើងចំពេលដែលមានដំណើរយឺតយ៉ាវនៃផលិតកម្មកសិកម្ម។ ដោយសារតែការផ្គត់ផ្គង់មានតិចតួច វានាំឲ្យតម្លៃអាហារឡើងខ្ពស់ស្លេវ។
លោក ប៉ារឌី និយាយថា មូលហេតុចំបងដែលធ្វើឲ្យតម្លៃអាហារឡើងថ្លៃ នៅសព្វថ្ងៃនេះ គឺមកពីការកាត់ថវិកា ពីថ្ងៃមុន។
«យើងបានរឹតបន្ដឹងអត្រានៃការលូតលាស់នៃប្រាក់ចំណាយមកលើ ការស្រាវជ្រាវ និងការអភិវឌ្ឈន៍ ជាច្រើនទសវត្សរ៍មកហើយ នៅក្នុងសរអ នេះ »។
ការស្រាវជ្រាវ និងការអភិវឌ្ឈន៍នេះប្រព្រឹត្ដធ្វើដោយក្រុមអ្នកវិទ្យាសាស្រ្ដ ដើម្បីរក្សាឲ្យផលិតកម្មកសិកម្មលូតលាស់ទៅមុខ។ ថវិការបស់រដ្ឋាភិបាលសហព័ន្ធ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឈន៍កើនប្រមាណ ៤ ភាគរយក្នុងមួយឆ្នាំៗ ពីទសវត្សរ៍ ១៩៥០ ដល់ ១៩៦០។ តែល្បឿនបានចុះថយកាលពីបុន៉្មានទសវត្សរ៍ក្រោយមកទៀត។ នៅសម័យឆ្នាំ ១៩៩០ និង២០០០ ថវិកានេះ មិនគ្រប់គ្រាន់ ឲ្យទាន់ល្បឿននៃអតិផរណាទេ។ លោក ប៉ារឌី និយាយថា យើងទទួលលទ្ធផលអាក្រក់នៅពេលនេះ។
«បើកាលណាយើងចាប់បន្ថយល្បឿននៃការលូតលាស់ខាងប្រាក់ចំណាយ ហើយបង្វែរចំណាយនេះ ទៅទីកន្លែងផ្សេងទៀត លទ្ធផលអាក្រក់ នឹងកើតមានឡើង ដោយជៀសមិនរួចទេ ដូចយើងកំពុងឃើញនៅក្នុងទិន្នន័យ គឺកំណើនផលិតកម្មកំពុងចុះថយ»។
ហើយការលូតលាស់ផលិតកម្ម ត្រូវមានល្បឿនលឿនជាងមុនដើម្បីយកទៅជួយផ្ដល់អាហារដល់មនុស្ស៩ ពាន់លាននាក់ ដែលគេរំពឹងថានឹងមាននៅឆ្នាំ២០៥០។ ដូច្នេះ លោក ប៉ារឌី និយាយថា រដ្ឋាភិបាលត្រូវចំណាយច្រើនឡើងថែមទៀតមកលើការស្រាវជ្រាវនិង ការអភិវឌ្ឈន៍ កសិកម្ម។
លោកបានផ្ដល់អនុសាសន៍សរសេរចុះនៅក្នុងសេចក្ដីរាយការណ៍មួយដែលលោកជាសហអ្នកនិពន្ធម្នាក់សម្រាប់ វិជ្ជាស្ថាន American Enterprise Institute ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយអភិរក្សនិយម។ អនុសាសន៍នោះ មានគោលជំហរខុសប្លែកពីអនុសាសន៍ដទៃរបស់ American Enterprise Institute សម្រាប់កម្មវិធីកសិដ្ឋាន៖ គឺកាត់ជំនូយឧបត្ថម្ភដល់គ្រាប់ពូជដំណាំ កាត់ជំនួយឧបត្ថម្ភដល់អេតាណូល កាត់កម្មវិធីធានារាប់រងដល់គ្រាប់ពូជដំណាំ។
«វាជាការលំបាកនឹងសុំប្រាក់បន្ថែម នៅពេលដែលមានបរិយាកាសអាប់អួរខាងថវិកា នៅក្នុងទីក្រុងវ៉ាស៊ិនតោន។ តែអ្វីដែលយើងស្នើគឺ បង្វែរទៅរកទិសដៅថ្មីនៃអាទិភាព ក្នុងសេចក្ដីព្រាងច្បាប់សម្រាប់កសិដ្ឋាន»។
តែអាទិភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ឋិតនៅលើទីកន្លែងដទៃ។ កាលពីខែមុន អ្នកតំណាងរាស្រ្ដពីរដ្ឋ យូតាហ៍ (Utah) លោក ចេសុន ឆាហ្វេតស៍ (Jason Chaffetz) បានស្នើឲ្យកាត់ថវិកាស្រាវជ្រាវផ្ទៃក្នុងនៅក្រសួងកសិកម្មសរអ តាមកម្រិត ២ ភាគ ៣ ។ លោកមិនព្រមធ្វើសេចក្តីសម្ភាសន៍មួយទេ តែនៅក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានមួយ លោកបានពន្យល់ថា ប្រទេសជាតិ មានប្រាក់បំណុល ជាង ១៤លានលាន ដុល្លារ។
លោកថ្លែងថា «ពេលវេលាមកដល់ហើយដែល រដ្ឋាភិបាលវ៉ាស៊ិនតោនត្រូវ កាត់ កាត់ កាត់ ថវិកា ហើយ ត្រូវមានសណ្ដាប់ធ្នាប់ខាងវិស័យថវិកា។
សេចក្ដីស្នើនោះ បានទទួលបរាជ័យ ដោយមិនមានការ យល់ស្របពីគណបក្សទាំងពីរ។ តែ មានមនុស្សតិចណាស់ដែលយល់ឃើញថា ការស្រាវជ្រាវនិងការអភិវឌ្ឍន៍កសិកម្ម គេចផុតពីការកាត់ថវិកានោះ។
ហើយប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា «យើងមិនអាចចេះតែកាត់ទេ ដើម្បីទទួលយកវិបុលភាពនោះ តែលោកបានស្នើឲ្យមានការកាត់ថវិកាស្រាវជ្រាវសំខាន់ពីរ នៅក្នុងក្រសួងកសិកម្ម ក្នុងកម្រិត ៨,៥%៕
ប្រែសម្រួលដោយ អ៊ូ ធួក