ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ៧ នាក់ និងអង្គភាពចំនួន ២ បន្ថែមទៀត ដែលមានទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះត្រូវបានធ្វើឡើងចំខួបមួយឆ្នាំ នៃថ្ងៃធ្វើរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំមុន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសម្របសម្រួលវិធានការទាំងនេះជាមួយចក្រភពអង់គ្លេសនិងប្រទេសកាណាដា ដើម្បីបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិចំពោះប្រជាពលរដ្ឋភូមា [មីយ៉ាន់ម៉ា] និងដើម្បីលើកកម្ពស់បន្ថែមទៀតឲ្យមានការទទួលខុសត្រូវចំពោះការធ្វើរដ្ឋប្រហារនិងអំពើហិង្សាដែលបានប្រព្រឹត្តឡើងដោយរបបយោធា»។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានលើកឡើងថា បុគ្គលនិងអង្គភាពដែលរងការដាក់ទណ្ឌកម្មលើកនេះរួមមានទាំងអ្នកស្រី Thida Oo ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់របបយោធាមីយ៉ាន់ម៉ាផងដែរ ដោយសារក្រសួងរបស់អ្នកស្រីគឺជាអ្នករៀបចំចាត់ចែងការចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកស្រី Aung San Suu Kyi។
បុគ្គលសំខាន់ពីររូបទៀតដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើកនេះគឺប្រធានតុលាការកំពូល និងប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយនៃរបបយោធាមីយ៉ាន់ម៉ា។ ក្រសួងហិរញ្ញវត្ថុអាមេរិកថា អ្នកទាំងពីរជាប់ពាក់ព័ន្ធនៅក្នុងការកាត់ទោសអ្នកស្រី Suu Kyi និងថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។
ការដាក់ទណ្ឌកម្មនេះគឺបង្កកទ្រព្យសម្បត្តិរបស់អ្នកទាំងនោះដែលមាននៅក្នុងសហរដ្ឋអាមេរិក និងរារាំងពលរដ្ឋអាមេរិកមិនឲ្យពាក់ព័ន្ធជាមួយអ្នកទាំងនោះ៕