អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកកំពុងប្រកាសអាសន្នម្តងទៀតដោយនិយាយថា ពលរដ្ឋអាមេរិកាំងអាចប្រឈមការរំខាននៅសប្តាហ៍ខាងមុខនេះដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបំប្លែងថ្មីអូមីក្រុង។
ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា សហរដ្ឋអាមេរិកបានរាយការណ៍ពីកំណត់ត្រាពីរថ្ងៃជាប់ៗគ្នានៃករណីឆ្លងមេរោគ។ ទីភ្នាក់ងារព័ត៌មាននោះ បានបន្ថែមថា រដ្ឋចំនួន១៨ បានកត់ត្រានូវករណីជំងឺរាតត្បាត។ រដ្ឋ Maryland រដ្ឋ Ohio និងរដ្ឋធានីវ៉ាស៊ីនតោនបានរាយការណ៍កំណត់ត្រាការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត Michael Osterholm ជាអ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ Minnesota បានប្រាប់ទូរទស្សន៍ MSNBC ថា «យើងនឹងឃើញចំនួនករណីឆ្លងនៅក្នុងប្រទេសនេះកើនឡើងយ៉ាងខ្លាំង។ យើង នឹងជួបការលំបាកក្នុងការបន្តសកម្មភាពជីវភាពសង្គមប្រចាំថ្ងៃ»។
ផ្នែកសេវាសាធារណៈជាច្រើនក៏ដូចជាផ្នែកប៉ូលិសនិងពន្លត់អគ្គីភ័យបានរាយការណ៍ថា បុគ្គលិកជាច្រើនបានទូរស័ព្ទសុំឈប់សម្រាកដោយសារមានជំងឺ ដែលធ្វើឱ្យមានពិបាកក្នុងការផ្តល់សេវា។ វីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទអូមីក្រុង(Omicron)កំពុងបង្កមហន្តរាយនៅក្នុងផ្នែកអាកាសចរណ៍ដោយសារជើងយន្តហោះរាប់ពាន់ត្រូវពន្យារពេលឬលុបចោល។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC)របស់សហរដ្ឋអាមេរិកបានព្រមានប្រជាពលរដ្ឋអាមេរិកាំងមិនឱ្យធ្វើដំណើរកម្សាន្តតាមកប៉ាល់។
ការសែត USA Today បានរាយការណ៍ថា យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Texasថ្មីៗនេះ ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង អាចនឹងឡើងដល់កំពូលនៅចន្លោះថ្ងៃទី១៨ ខែមករាដល់ថ្ងៃទី៣ ខែកុម្ភៈ។ ការសិក្សានេះបានបញ្ជាក់ថា ការឆ្លងអាចថយចុះនៅខែមីនា។
ពលរដ្ឋអាមេរិកាំងប្រហែល៦២%បានចាក់វ៉ាក់សាំងPfizerឬ Modernaចំនួន២ដូសឬបានចាក់វ៉ាក់សាំងJohnson & Johnson មួយដូស។ ពួកគេត្រូវបានចាត់ទុកថា បានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែមន្ត្រីសុខាភិបាលជាច្រើនកំពុងជំរុញឱ្យចាក់ដូសជំរុញ។ កាសែតនោះបានរាយការណ៍ទៀតថា ពលរដ្ឋអាមេរិកាំងតែមួយភាគបីប៉ុណ្ណោះបានចាក់ដូសជំរុញ។
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺរាតត្បាតមានចំនួន៨២៣.៧៤៣នាក់។ នេះបើតាមសាកលវិទ្យាល័យJohns Hopkins។ គេមិនដឹងច្បាស់អំពីចំនួនមនុស្សស្លាប់ដោយសារវីរុសបំប្លែងថ្មីអូមីក្រុងទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។