សភាអាមេរិក​នឹង​ពិភាក្សា​ពី​កម្រិត​កំណត់​ខ្ចី​ប្រាក់​បំណុល

លោក​ Paul Ryan (កណ្ដាល)​ សមាជិក​​សភា​​មក​​ពី​​គណបក្ស​​សាធារណរដ្ឋ​​មក​​​ពី​​រដ្ឋ​​ Wisconsin ជា​មួយ​អ្នក​តាក់​តែង​ច្បាប់​ពី​គណបក្ស​​សាធារណរដ្ឋ​​ ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​​​២០១១។

ច្រើន​ថ្ងៃ​ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញតាម​ការ​ប្រកាន់​បក្សពួកអំពី​ការចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ បាន​ត្រូវ​ចប់​ ​គេ​ឃើញមាន​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ផ្ដល់​ថវិកា​ទៅ​ឲ្យ​រដ្ឋាភិបាល ​សហរដ្ឋ​អាមេរិក​ រហូត​ដល់​ខែ​កញ្ញា​ តែ​ សមរភូមិ​ថ្មី​មួយ​ទៀត​បាន​កើត​ឡើង​បន្ដ​មក​អំពី​រឿង​ជូរ​ចត់​ថវិកា​សម្រាប់​រយៈ​ពេល​យូរ។ ក្រុម​ប្រជា​ធិបតេយ្យ​ និង​ ក្រុម​សាធារណរដ្ឋបាន​បង្ហាញ​ទស្សនៈរ​បស់ខ្លួន​ផ្សេង​ៗ​ពី​គ្នា​ ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា​សហព័ន្ធ​ ចំនួន​១,៥​ ពាន់​ ពាន់​ លាន​ដុល្លារ និង​ធ្វើ​ឲ្យ​យឺត​ដល់​ការ​រីក​កាន់​តែ​ធំ​នៃ​ប្រាក់​បំណុល​ជាតិ​១៤​ ពាន់​ពាន់​ លាន​ដុល្លារ។ កត្ដា​មួយ​ដ៏​សំាំ​ញ៉ាំ​គឺ​សេចក្ដី​ត្រូវការ​ដើម្បី​ដំឡើង​កម្រិត​ចំនួន​ថវិកា​ដែល​រដ្ឋាភិបាល​អាច​ខ្ចី​ដើម្បី​ លុប​មក​លើ​ប្រាក់​បំណុល​របស់​ខ្លួន។

ដូច​រដ្ឋាភិបាល​ដទៃ​ ដែល​ចំណាយ​ប្រាក់​លើស​ពី​ប្រាក់​ចំណូល​រដ្ឋាភិបាល​ ស.រ.អ​ ​បាន​ខ្ចី​ប្រាក់​សម្រាប់សេចក្ដី​ត្រូវ​ការ​របស់​ខ្លួនដើម្បី​បំពេញ​ចន្លោះ​ថវិកា។ ចំនួន​ទឹកប្រាក់​ខ្លួនខ្ចី​មិនឲ្យ​លើសពី​ចំនួន​កម្រិត​យោងទៅ​តាមច្បាប់​ ហៅ «Debt Ceiling» ឬ បំណុល​អតិបរិមា។

ជារឿយៗ​សភាស.រ.អ ​ត្រូវ​រៀបចំ​ដាក់កម្រិត​ខ្ពស់ថ្មី​ដើម្បី​អនុញាត​ឲ្យ​មាន​ការខ្ចី​ប្រាក់​បន្ថែម។ ​ការ​ខកខាន​មិនបាន​តម្លើង​កម្រិត​អតិបរិមា​អាច​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ខកខាន​មិន​បានសម្រេច​កាតព្វកិច្ច​របស់​ខ្លួន​ដល់​ម្ចាស់​លុយ​រាប់បញ្ចូល​ប្រទេស​អ្នកឲ្យខ្ចី​ប្រាក់​ដូចជា​ប្រទេស​ចិន​ជាដើម។

ជាច្រើន​សប្ដាហ៍​ទៀត​រដ្ឋាភិបាល​នឹង​ជួបប្រទះ​នឹង​វិធានការ​មិន​ឲ្យ​ខ្ចី​ប្រាក់​លើសពី​ការកម្រិត។​ តែ​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​មិនមាន​ប្រជាប្រិយ៍ភាព​នយោបាយ​ទេ។ ​នៅអតីតកាល ​ក្រុម​អ្នក​តាក់តែង​ច្បាប់​ប្រជាធិប​តេយ្យ​និង​សាធារណរដ្ឋ​បាន​នាំគ្នា​ប្រឆាំង​វិធានការ​ដូច្នោះ​ រាប់ទាំង​លោក បារ៉ាក់​ អូបាមា ខ្លួនឯង​នៅពេលមុន​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី។

ក្នុងឆ្នាំ ​២០០៦ ​ពេលមាន​តួនាទី​ជា​ព្រឹទ្ធ​សមាជិក ​លោក ​អូបាមា ​បាន​បោះឆ្នោត​ប្រឆាំង​ការដំឡើង​កម្ពស់​ ប្រាក់បំណុល​ ដោយ​លោក​និយាយ​ថា “វាបង្ហាញ​ពី​បរាជ័យ​នៃ​ថ្នាក់​ដឹកនាំ” នៅក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន ​ក្រោម​ប្រធានាធិបតី ​George W. Bush ​នៅ​ពេល​នោះ។

ចាប់តាំង​ពីពេល​នោះ​មក​ លោក អូបាមា ​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​សំឡេង​ឆ្នោតប្រឆាំង​របស់​លោក​នោះ ​ដោយ​លោក​ហៅថា​ជា​“កំហុស”​មួយ។ សេតវិមាន​បាន​អំពាវនាវ​សុំឲ្យ​សភា​ដំឡើង​កម្ពស់​ប្រាក់បំណុល​ភ្លាម​ដើម្បី​ធានា​ឡើង​វិញ​ឲ្យ​ទីផ្សារ​ឥណទាន​កក់ក្ដៅ ​ហើយនឹង​ចៀសវាង​យោបល់​ថា​ស.រ.អ មិនអាច​គោរព​កាតព្វកិច្ច​របស់​ខ្លួន​បាន​ឡើយ។ លោក ​រដ្ឋមន្ដ្រីក្រសួង​រតនាគារ ​ថ្លែង​ថា​លោកមាន​ការទុកចិត្ដ​ថា ​សភា​យល់ដឹង​អំពី​ស្ថានការណ៍​ធ្ងន់ធ្ងរ។

«សភា នឹង​តម្លើង​កម្រិត​ប្រាក់​បំណុល​អតិបរិមា។ មេដឹកនាំ​នៅក្នុង​រដ្ឋសភា ​បាន​ទទួល​ស្គាល់​ថា​ប្រទេស​អាមេរិក​ត្រូវតែ​គោរព​កាតព្វកិច្ច​របស់ខ្លួន»។

លោក Geithner ថ្លែង​ដូច្នោះ​ក្នុង​កម្មវិធី​ទូរទស្សន៍​ ABC​ ហៅ​ “This Week” ។ លោករដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​នៅក្នុង​សេតវិមាន​កាលពី​សប្ដាហ៍​មុន​ថា​មេដឹកនាំ​សភា​បាន​និយាយធានា​ប្រាប់​ប្រធានាធិបតី ​អូបាមា ​ថា ​គេ​នឹង​អនុវត្ដ​មក​លើ​កម្រិត​ប្រាក់​បំណុល​ជា​អតិបរិមា។

តែ​ក្រុម​សាធារណរដ្ឋ​ដោយ​ត្រួតត្រា​នៅក្នុង​រដ្ឋសភា ​បានភ្ជាប់​លក្ខខ័ណ្ឌទៅនឹង​ការ​បោះឆ្នោត​អំពី​កម្រិតអតិបរិមា​នៃ​ប្រាក់​បំណុល។ ​គេចង់​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​ប្រជាធិបតេយ្យ​និង​សេតវិមាន​អំពី​ការ​កាត់បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។ ប្រធាន​គណៈកម្មការ​ថវិកា​របស់​រដ្ឋសភា​លោក​ Paul Ryan មកពីរដ្ឋ Wisconsin ថ្លែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ ​CBS “Face The Nation” ថា៖

«គ្មាន​នរណា​មួយ​ចង់​លេង​សើច​ទៅនឹង​អត្រា​ខ្ចីប្រាក់​របស់​ជាតិ​ទេ។ គ្មាន​នរណា​មួយ​ចង់ឃើញ​ជាតិ​មិនគោរព​កាតព្វកិច្ច​របស់​ខ្លួន​ទេ។ តែ​យើង​យល់ថា​វាមាន​សារៈសំខាន់​ណាស់​ដែល​យើង​ចាត់​វិធានការក្នុង​ការខ្ចី​ប្រាក់​ទៅ​អនាគត នៅ​ពេល​ដែល​យើង​ពាក់ព័ន្ធ​នឹង​កម្រិត​អតិបរិមា​នៃ​ប្រាក់​បំណុល។ ​យើង​មិនត្រូវ​បំភ្លេច​បញ្ហា​នៃ​ការចំណាយ​ទេ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មាន​បញ្ហា​នៃ​ប្រាក់បំណុល​នៅពេល​នេះ»។

បើប្រសិនជា​ក្រុមសាធារណរដ្ឋ ​មិន​ប្រែប្រួល​ការ​ទាមទារ​របស់​ខ្លួន​អំពី​ការកាត់​បន្ថយ​ឱនភាព​ថវិកា​មុននឹង​អនុញាត​ឲ្យមាន​ការ​ដំឡើង​កម្រិត​អតិបរិមា​ប្រាក់បំណុល​ ការ​ចរចា​គ្នា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​និង​ប្រឈ្លោះគ្នា​ ដែល​មិនធ្លាប់​ឃើញ​ នៅក្នុង​ការជជែក​ដេញដោល​គ្នា​អំពី​ថវិកា។

ក្រុមសាធារណរដ្ឋ​គំាទ្រ​ការ​កាត់បន្ថយ​ជ្រាលជ្រៅ​ក្នុង​ការ​ចំណាយ​ក្នុង​ប្រទេស​ ដែល​ជា​ឧបករណ៍​ទីមួយ​របស់​ខ្លួន​ដើម្បី​ឲ្យ​សម្រេច​ដល់​តុល្យភាព​ថវិកា​សារពើពន្ធ។​ ក្រុម​ប្រជាធិបតេយ្យ​ទទួល​ស្គាល់​ថា​មាន​ភាព​ចាំបាច់​នឹងរិតត្បឹត​មកលើ​ចំណាយ​តែ​ និយាយ​ដែរ​ថា​ការដំឡើង​ពន្ធដារ​លើ​អ្នកមាន​ត្រូវ​ចូល​ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​គ្នា៕

ប្រែសម្រួលដោយ អ៊ូ ធួក