លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តកាលពីថ្ងៃពុធថាមិនបញ្ចេញរូបថតរបស់ អូសាម៉ា ប៊ិនឡាដិន មេដឹកនាំបណ្តាញភេរវកម្ម អាល់កៃដាទេ បន្ទាប់ពីគាត់ត្រូវបានបាញ់សម្លាប់នោះ។ ការសម្រេចរបស់លោកប្រធានាធិបតីបានបញ្ចប់ការជជែកដេញដោលគ្នារយៈពេលបីថ្ងៃអំពីបញ្ហានោះ នៅក្នុងរដ្ឋបាលរបស់លោក។
លោក ជេ ខារ៍នី (Jay Carney) អ្នកនាំពាក្យសេតវិមានមានប្រសាសន៍ថា លោកប្រធានាធិបតីបានធ្វើការសម្រេចចិត្តមិនបញ្ចេញរូបថតទាំងឡាយនៃសាកសពរបស់ អូសាម៉ា ប៊ិនឡាដិនដោយមានហេតុផលជាច្រើន។
លោក ខារ៍នី អានសេចក្តីដកស្រង់ការកត់ត្រាជាលាយលក្ខណ៍អក្សរនៃបទសម្ភាសន៍លោកអូបាម៉ាមួយដែលបានផ្តល់ដល់ទូរទស្សន៍ CBS កាលពីព្រលឹមថ្ងៃពុធ។ យោងតាម លោក ជេ ខារ៍នី លោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកព្រួយបារម្ភថា ការបង្ហាញរូបភាពដែលគួរឲ្យភ័យខ្លាចនិងតក់ស្លុតដល់សាធារណៈ អាចធ្វើឲ្យខូចប្រយោជន៍ដល់សន្តិសុខជាតិរបស់សរអា។
«វាមានសារៈសំខាន់សំរាប់យើងដើម្បីឲ្យប្រាកដថា រូបថតដែលមានភាពជាក់ស្តែងនៃអ្នកណាម្នាក់ដែលត្រូវបានបាញ់សម្លាប់ត្រង់ក្បាល មិនត្រូវបានចែកចាយពាសពេញប្រៀបដូចជាការញុះញុងមួយ ដើម្បីឲ្យមានអំពើឃោរឃៅបន្ថែម ឬក៏ជាឧបករណ៍សំរាប់ការឃោសនានោះទេ។ យើងមិនមែនជាមនុស្សបែបនេះទេ។ យើងមិនបញ្ចេញរឿងនេះជាពានរង្វាន់ទេ»។
លោក ខារ៍នី បានថ្លែងថា លោកប្រធានាធិបតីបានប្រាប់អ្នកសម្ភាសន៍ថា គ្មានការសង្ស័យក្នុងចំណោមក្រុមសមាជិក អាល់កៃដាទេ ដែលថា ប៊ិនឡាដិនបានស្លាប់នោះ។ អ្នកនាំពាក្យសេតវិមានបានដកស្រង់សម្តីលោក អូបាម៉ាដែលនិយាយថា «លោកអ្នកនឹងមិនឃើញ អូសាម៉ា ប៊ិនឡាដិន ដើរនៅលើផែនដីនេះទៀតទេ»។
លោក ខារ៍នី បានជំរាបក្រុមអ្នកយកព័ត៌មានថា លោកប្រធានាធិបតី បានប្រកាន់គោលជំហររបស់លោកលើបញ្ហានេះយ៉ាងរឹងមាំណាស់ ហើយថាលោក រ៉ូប៊ត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស ហ៊ិល្លារី គ្លីនតុន (Hillary Clinton) បានយល់ស្របចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតីមិនចេញផ្សាយរូបថតទាំងនោះ។
ប្រែសម្រួលដោយ នុច សារីតា