គម្រោង​ឃ្លាំ​មើល​ទន្លេ​មេគង្គ​គាំទ្រ​ដោយ​អាមេរិក​ចាប់ផ្តើម​ជា​ផ្លូវការ

រូបឯកសារ៖ ជីវិតលើទូកនេសាទរបស់ប្រជាជនខ្មែរឥស្លាម ដែលសំចតនៅច្រាំងទន្លេមេគង្គ ភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/វីអូអ)

ក្រុម​អ្នក​ការពារ​បរិស្ថាន នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវការ​គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ ​(The Mekong Dam Monitor) ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ផ្តល់​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​កម្រិត​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ និង​ផល​ប៉ះ​ពាល់​ផ្សេងៗ​បណ្តាល​មក​ពី​ការ​កសាង​ទំនប់​វារី​អគ្គិសនី។

ក្នុង​សន្និសីទ​ព័ត៌មាន​អនឡាញ​មួយ លោក Brian Eyler សហ​ប្រធាន​គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ​នៃ​មជ្ឈមណ្ឌល​Stimson​ដែល​ធ្វើ​ការ​លើ​ទន្លេ​មេគង្គ មាន​ប្រសាសន៍​ថា​គ្រោះ​រាំង​ស្ងួតដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៩​ និង​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនីចំនួន​១១​របស់​ចិន ​កំពុង​ធ្វើ​ឲ្យ​អាង​ទន្លេ​មេគង្គ​ស្ថិត​ក្នុង​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង។

លោក Eyler ដែល​ជា​នាយក​គម្រោង​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល ​Stimson ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បន្ត​ថា​គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ នឹង​ក្លាយ​ជាវេទិកា​ដែល​បើក​ផ្លូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​ទ​ន្លេមេគង្គ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ មាន​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​ដែល​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​ផ្សេងៗក្នុង​អាង​ទន្លេ​មេគង្គ។

លោក​ថ្លែង​ថា៖ «ហើយ​ក្នុង​ពេល​ដំណាល​គ្នានេះ​ យើង​នឹង​លើក​យក​ការ​ឃ្លាំមើល​អាង​ស្តុក​ទឹក​របស់​ពួក​យើង​ទៅ​ដាក់​ក្នុង​ការ​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​ឯកជន​ និង​ជាមួយ​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត ហើយ​និយាយ​ថា​អ្នក​ដឹង​ទេ​ថា​នេះ​ពិត​ជា​អ្វី​ដែល​កំពុង​កើត​ឡើង។ រូបភាព​ជាច្រើននឹង​ផ្តល់​នូវ​ភាព​ប្រទាក់​ក្រឡា​គ្នា​ ហើយ​ប្រាប់​រឿងរ៉ាវ​យ៉ាង​ច្បាស់​...ប៉ុន្តែ​នោះ​មិន​បាន​នាំ​ព័ត៌មាន​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា​ទេ»។

លោក​បន្ថែម​ថា៖ «ឥឡូវ​នេះ​យើង​បាន​រក​ឃើញ​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​បច្ចេកទេស​ ដើម្បី​ផ្តល់​ព័ត៌មាន​នេះ​ដល់​អ្នក​នៅ​ក្នុង​តំបន់ ដល់​អ្នក​ឃ្លាំ​មើល​ទន្លេ​មេគង្គ​តាម​រយៈ​ហ្វេ្រកង់​ទៀង​ទាត់​ដែល​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​អាង​ទន្លេ​បាន​ល្អ​ប្រសើរ​ជាង​មុន​ ជួយ​អ្នក​ឱ្យ​ដឹង​ពី​ទំនប់​ទាំង​នេះ​និង​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​អាង​ស្តុក​ទឹក​ទាំង​នោះ ហើយ​និង​ដឹង​ថា​តើ​ទឹក​ប៉ុន្មាន​នៅ​ក្នុង​អាង​ទាំង​នោះ​ និង​នៅ​ពេល​ពួក​វា​បញ្ចេញ​ទឹក​ ហើយ​ពេល​ណា​វា​កម្រិត​ទឹក»។

ទន្លេ​មេគង្គ​ដែល​មាន​ប្រវែង​៤.៣៥០ គីឡូម៉ែត្រ ​ហូរ​កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀត​ណាម។ នៅ​ប្រទេស​ចិន​ ទន្លេ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ទន្លេ​ឡានឆាង​(Lancang)។

គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ​ត្រូវ​បាន​ផ្តល់​ថវិកា​មួយ​ផ្នែក​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ វា​ជា​គម្រោង​ដែល​ប្រើ​ទិន្នន័យ​ពី​ផ្កាយ​រណប​ ដើម្បី​តាម​ដាន​កម្រិត​ទឹក​នៃ​ទំនប់​នានា​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត។

លោក​ David Stilwell ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​សម្រាប់​ការិយាល័យ​កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក​និង​អាស៊ី​ខាង​កើត បាន​វាយ​តម្លៃ​វិជ្ជមាន​លើគម្រោង​ថ្មី​នេះ​ ដែល​លោក​ជឿ​ថា​នឹង​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​មេ​ដឹក​នាំ​នៃ​ប្រទេសទន្លេ​មេគង្គ​ ពាក់​ព័ន្ធ​នឹង​ផល​វិបាក​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ទំនប់ចិន។

លោក​ថ្លែង​ក្នុង​សន្និសីទ​អន​ឡាញ​នោះ​ថា៖ «ដូច្នេះ​ការ​ឃ្លាំ​មើល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ការ​សិក្សា​របស់​អង្គការ​ Eyes on Earth ដែល​ទើប​តែ​បាន​និយាយ​យ៉ាង​ច្បាស់​ម្តង​ទៀត​ថា​ទំនប់​វារី​អគ្គិសនី​របស់​ប្រទេស​ចិន​ជា​ច្រើន​នៅផ្នែក​ខាង​លើ​ខ្សែ​ទឹក​មេ​[ទន្លេ​មេគង្គ]​ត្រូវ​បាន​សម្រប​សម្រួល​ឲ្យ​ផលិត​ផល​ថាមពល​វារីអគ្គិសនី​ជា​អតិបរមា​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​ប្រទេស​ចិន ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ទាល់​តែ​សោះ​ និង​ការ​ពិចារណា​តិច​តួច​ចំពោះ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម»។

លោក​បាន​លើក​ជា​ឧទាហរណ៍​នៃ​ការ​ថយ​ចុះ​កម្រិត​ទឹក​ដ៏​ទាប​មិន​ធម្មតា​ក្នុងបឹង​ទន្លេសាប​កម្ពុជា​ ដែល​បាន​កើត​ឡើង​ពី​ខែ​មេសា​ដល់​ខែ​សីហា។

លោក​បន្ថែម​ថា៖ «ក្រឡេក​មើល​ទៅ​ទន្លេសាប​នៅ​ប្រទេសកម្ពុជា...រូបភាព​ផ្កាយ​រណប​ចាប់​ពី​ខែ​មេសា​ដល់​ខែ​សីហាបាន​បង្ហាញ​ថាការបង្ហូរ​ទឹក​បឹង​នៅ​កម្រិត​ទឹក​ទាប​ខុស​ពី​ធម្មតា​សម្រាប់​រដូវ​កាល​នេះ ការនេសាទ​ត្រី​ធ្លាក់​ចុះ​ប្រមាណ​៩%។ ដូច្នេះ​ផល​ប៉ះ​ពាល់​ទាំង​អស់​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​ ហើយ​វា​នឹង​ដោះ​ស្រាយ​បាន​ នៅ​ពេល​ដែល អាស៊ាន​និង​អ្នក​ដទៃ​ទៀត​រក​បាន​សំឡេង​រួម​គ្នា»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​តែ​ ណាវុធ ​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។ ចំណែក​លោក​ គល់​ វឌ្ឍនា​ អគ្គលេខា​ធិការ​រងនៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ សុំ​មិន​ផ្តល់​កា​រ​អធិប្បាយ​ ដោយ​មាន​ធុរៈ​គ្រួសារ​បន្ទាន់។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ច្រាន​ចោល​ការ​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ថា​ទំនប់​ទឹក​របស់​ចិន​បាន​ឃាំង​ចរន្ត​ទឹក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទន្លេ​មេគង្គ ដែល​ប្រជា​ពលរដ្ឋ​ប្រមាណ​៦០​លាន​នាក់ ពឹង​ផ្អែក​លើ​ទន្លេ​នេះ​សម្រាប់​ការ​នេសាទ​ និង​ធ្វើ​ស្រែ​ចម្ការ។

នៅ​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​អនឡាញ​ នាព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ​ អ្នក​សម្រប​សម្រួល ​លោកស្រី Gwen Robinson លើក​ឡើង​ទៅ​វាគ្មិន​ថា​មាន​ការ​ចោទ​សួរ​ថា​តើ​គម្រោង​ផ្តួច​ផ្តើម​ថ្មី​គាំទ្រ​ដោយ​អាមេរិក​នេះ នឹង​បង្កើន​ភាព​តាន​តឹង​ផ្នែក​នយោបាយឬ​យ៉ាង​ណា។

លោក​ Alan Basist សហ​ប្រធាន​គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ​និង​ជា​ប្រធាន​អង្គការ​Eyes on Earthលើក​ឡើង​ថា​គោល​បំណង​របស់​លោក ​គឺ​មិន​មាន​លក្ខណៈ​នយោបាយ​ទេ​ ពោល​គឺ​ដើម្បី​ផ្តល់​តែ​ឧបករណ៍​ស្រាវ​ជ្រាវ ​និង​ចំណេះ​ដឹង​បន្តិច​បន្តួច​ ដើម្បី​អាច​ឲ្យ​គេ​យក​ទៅ​ចែក​ចាយ​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ និង​អ្នក​កាន់ការងារ​ទាំង​អស់​នៅ​ក្នុង​តំបន់​មេគង្គ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចង់​នៅ​ក្នុង​បន្ទប់​នយោបាយ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​នៅ​ក្នុង​បន្ទប់​នៃ​ការ​លើក​កម្ពស់​ការ​ពិភាក្សា​ដ៏​រស់​រវើក ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ផ្តល់​ដំណោះ​ស្រាយ​ជាក់​ស្តែង។ ខ្ញុំ​ជា​អ្នក​សុទិដ្ឋិ​និយម។ ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​មនុស្ស​មក​ជួប​ជុំ​គ្នា​ហើយ​មាន​គោលដៅ​រួម​ និង​ព័ត៌មាន​ទូទៅ​នោះ​ ពួក​គេ​នឹង​មាន​ចម្លើយ​ចុង​ក្រោយ ​ដែល​មនុស្ស​គ្រប់គ្នា​សុខ​ចិត្ត​និយាយ​ថា​មែន​ ... ​យើង​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក​ ដើម្បី​ឈាន​ដល់​គោល​ដៅ​នេះ»។

ចំណែក​លោក​ស្រី ​Pon Souvannaseng​ ជំនួយ​ការ​សាស្រ្តា​ចារ្យ​ផ្នែក​ការ​សិក្សា​កិច្ចការ​សាកល​នៃ​សាកល​វិទ្យាល័យ​ Bentleyរបស់​សហរដ្ឋ​អាមេរិក យល់​ថាគួរ​មាន​ការ​គិតគូរ​ទៅ​លើ​នយោ​បាយ​នៃ​ការ​គ្រប់​គ្រង​អាង​ទឹក​ទន្លេ​មេគង្គ។

លោកស្រី​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ដែរ និយាយ​ថា​ចិន​បាន​ផ្តល់​ការ​ឧបត្ថម្ភ​ទុន​តាំង​ពីក្រោយ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​១៩៩៧ និង​វិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ​២០០៨​ ដើម្បី​សាង​សង់​ទំនប់។ លោកស្រី​បន្ត​ថា​អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន ​គួរ​ពិចារណា​ថា​តើ​ត្រូវ​ធ្វើ​គម្រោង​ឃ្លាំ​មើលថ្មី​នេះ​ ឲ្យ​ក្លាយជា​វិធាន​ការ​បង្ការ​យ៉ាង​ដូច​ម្តេច​និង​មិន​គួរ​យក​តម្លាភាព​នៃទិន្នន័យ​ មក​ធ្វើ​ជា​អាវុធ​នយោបាយ ហើយ​ការ​ស្រុះ​ស្រួល​ខាង​នយោ​បាយ​មួយ ក៏​ត្រូវ​ធ្វើ​ឡើង។

លោក Niwat Roykaew ប្រធានក្រុម​អ្នក​អភិរក្ស​សហគមន៍Chiang Khongក្នុង​ប្រទេស​ថៃ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រជាជន​មេគង្គ(Mekong People's Council)​បាន​បង្ហាញ​ការ​គាំទ្រលើ​គម្រោង​នេះ ដែល​លោក​ថា​នឹង​អាច​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​មេគង្គ​និង​លំហូរទឹក​ទន្លេ។

លោក​និយាយ​ថា៖ «ដី​សើម​កំពុង​តែ​លែង​មាន​ហើយ។ អ្នក​នេសាទ​ក៏កំពុង​រក​ផុត​ដង្ហើម។ ទន្លេ​សាប​កំពុង​រង​គ្រោះ​ ឯ​ដី​សណ្ត​កំពុង​តែ​រួញ​តូច​ទៅ»។

​គណៈកម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission) ដែល​មាន​សមាជិក​៤​ប្រទេស​គឺ​ថៃ ​ឡាវ កម្ពុជា​និង​វៀត​ណាម លើក​ឡើង​ថា​គម្រោង​នេះ​នឹង​ចូលរួម​ក្នុង​ការ​ផ្តល់​ទិន្នន័យ​នានា​ទាក់ទង​នឹង​ទឹក​ទន្លេ​មេគង្គ ​ដែល​អាច​យក​មក​វាយ​តម្លៃ​បាន។

លេខាធិការ​ដ្ឋាន ​MRC បាន​បញ្ជាក់ក្នុង​សារ​អ៊ីមែល​មក​វីអូអេ​ថា៖ «នៅ​ពេល​ព័ត៌មាន​ស្តីពី​បរិមាណ​ផ្ទុក​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ទាំង​មូល​ ត្រូវ​បាន​ផ្តល់​ជូន ​វា​នឹង​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ ព្រោះ​វា​ជួយ​អភិវឌ្ឍ​ជម្រើស​នៃ​ការ​កាត់​បន្ថយ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត។ យើង​សង្ឃឹម​ថា​គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ​ នឹង​ចូល​រួម​ចំណែក​ក្នុង​បុព្វ​ហេតុ​នេះ»៕