ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​យល់​ស្រប​នឹង​លោក Trump លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដែល​មិន​ស្មើ​ភាព

  • Brian Padden

អ្នក​បង្ហាញ​ម៉ូដ​ឈរ​នៅ​ជាប់​រថយន្ត​ម៉ាក New Carens របស់​ក្រុមហ៊ុន Kia Motors Corp ក្នុង​ពេល​ដាក់​បង្ហាញ​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

ការរិះ​គន់​វាយ​​ប្រហារ​នា​ពេល​ថ្មីៗ​របស់​លោក Donald Trump​ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាមេរិក​ជាមួយ​កូរ៉េ​ខាង​ត្បូង​ថា​ជា​ «កិច្ច​ព្រម​ព្រៀង​ធ្វើឲ្យ​បាត់​បង់​ការងារ» នោះ​ កំពុង​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក ប៉ុន្តែ​គំនិត​របស់​លោក ​Trump​ ចំពោះ​រឿង​នេះ​ ​គឺ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​សាជាថ្មី​នៃ​គំនិត​ដែល​មាន​ជា​យូរ​មក​ហើយ​របស់​មេដឹក​នាំ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​ ដែល​គាំទ្រ​ដល់​ពាណិជ្ជកម្ម​របស់​អាមេរិក។

លោក Matt Blunt ប្រធាន​ក្រុម​ប្រឹក្សា​គោលនយោបាយ​ឧ្សាហកម្មផលិត​យានយន្ត​អាមេរិក និង​ជា​អតីត​អភិបាល​រដ្ឋ Missouri និយាយ​ថា៖ «វា​ច្បាស់​ណាស់​ថា ​ទីផ្សារ​កូរ៉េ​គឺ​ជា​ទីផ្សារ​ដែល​ពិបាក​នឹង​នាំ​យាន​យន្ត​ចូល​បំផុត​មួយ​សម្រាប់​អ្នក​ផលិត​យានយន្ត​នៅ​ក្នុង​ពិភពលោក»។

លោក ​Trump​ បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ «ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទ្វេ​ដង​ និង​បាន​ធ្វើឲ្យ​បាត់​បង់​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជា​ ១០ម៉ឺន ​នាក់។

លោក​បាន​សន្យា​ថា​នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មិន​ស្មើ​ភាព​នេះ និង​ធ្វើ​ការ​ចរចា​ឡើង​វិញ ​ប្រសិន​បើ​លោក​ជាប់​ជា​ប្រធានាធិបតី។

បទបញ្ញត្តិ​ដែល​ (មិន)​ ជាប់​ពន្ធគយ

ស្ទើរ​តែ​៨០​ភាគ​រយ​នៃ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ដែល​មាន​ទឹក​ប្រាក់២៨​ពាន់​លាន​ដុល្លារ គឺ​ស្ថិត​ក្នុង​វិស័យ​ផលិត​យានយន្ត​ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​គោល​នយោបាយ​ឧស្សាហកម្ម​ផលិត​យាន​យន្ត​អាមេរិក។

នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​រថយន្ត​នាំ​ចូល​ពី​បរទេស​មានចំនួន​តែ​១៥​ភាគ​ប៉ុណ្ណោះនៅ​ក្នុង​ទីផ្សារ​យានយន្ត​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដូច​ជា​ អាមេរិក និង​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ដែល​មានការ​នាំ​ចូល​រហូត​ដល់​ទៅ​៤០​ភាគ​រយ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទីផ្សារ​រថយន្ត​បរទេស​នៅ​ក្នុង​ប្រទេសកូរ៉េ​បាន​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ នៅ​ក្នុង​ឆ្នាំ​២០១០ ​ការ​នាំ​ចូល​រថយន្ត​បរទេស​មាន​ចំនួន​ត្រឹម​តែ​៣​ភាគ​រយ​ប៉ុណ្ណោះ​ ក្នុង​ទីផ្សារ​កូរ៉េ។

នៅ​ក្នុង​ឆ្នាំ២០១៤ ​លោក Stephen Biegun ​នាយក​ប្រតិបត្តិ​ក្រមហ៊ុន​រថយន្ត ​Ford ​បាន​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​សភា​អាមេរិក​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដែល​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០១២ ហើយកិច្ច​ព្រម​ព្រៀង​នោះ​បាន​លុប​ចោល​របាំង​ពន្ធ​គយ​៩៥​ភាគ​រយ ​ចំពោះ​ផលិតផល​ប្រើ​ប្រាស់​ និង​ផលិត​ផល​ឧស្សាហកម្ម​ក្នុង​រយៈ​ពេល​៥ឆ្នាំ។

នៅ​ក្នុង​សក្ខីកម្ម​របស់​លោក​ លោក​ Biegun ​បាន​និយាយ​ថា​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​អនុវត្ត​យុទ្ធសាស្រ្ត​ដែល​ខ្លួន​បាន​រៀបចំ​ដើម្បី​គេច​ពី​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ តាមរយៈ​ការ​អនុវត្ត​តាម​បទ​បញ្ញត្តិ​គ្មាន​របាំង​ពន្ធ​គយ។

លោក​បាន​បន្ត​ថា​ វិធានការ​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់អាមេរិក​តែ​ប៉ុណ្ណោះ​ ​មិន​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េ​នោះ​ទេ។ ជា​រឿយៗ ​វិធាន​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ ហើយ​បាន​បង្កើត​នូវ​ស្តង់ដារ​បរិស្ថាន​ថ្មី​និង​នីតីវិធី​នៃ​ការ​បញ្ជាក់​គុណភាព​ដែល​គ្មាន​ការធានា​រ៉ាប់​រង។

ស្ថានភាព​សព្វ​ថ្ងៃ​បាន​រីកចម្រើន​ក្នុង​ទិដ្ឋភាព​មួយ​ចំនួន​ហើយ​ ក៏ប៉ុន្តែ​លោក Blunt និយាយ​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​នៅ​តែ​ត្រូវ​ចំណាយ​ប្រាក់​ និង​ពេល​វេលា​យ៉ាង​ច្រើន​ខុស​ពី​ប្រក្រតី​ ជាមួយ​នឹង​បញ្ញត្តិ​គ្មាន​របាំង​ពន្ធគយ​ដែល​ទើប​តែ​បង្កើត​នេះ។

លោក Blunt ​និយាយ​ថា៖ «លើស​ពី​នេះ​ទៀត​ អ្នក​មាន​ភាព​មិន​ប្រាកដ​ប្រជា​ថា​ តើ​ទីផ្សារ​នេះ​នឹង​ប្រែ​ប្រួល​ទៅ​ជា​យ៉ាង​ណា​ និង​ថា​តើ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ»។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ ក៏​បាន​ដាក់​ប្រទេស​កូរ៉េ​ខាង​ត្បូង រួម​ជា​មួយ​នឹង​ចិន​ និង​ជប៉ុន ​ទៅ​ក្នុង​បញ្ជី​ត្រួត​ពិនិត្យ​រូបិយប័ណ្ណ​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​វាយ​តម្លៃ​ថា​ តើ​ប្រទេស​ទាំង​នេះ​មាន​ការ​ក្លែង​បន្លំ​អត្រា​ប្តូរ​រូបិយប័ណ្ណ​បរទេស​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ដែល​មិន​ស្មើ​ភាព​ដែរ​ឬ​ទេ។

ផល​ប្រយោជន៍​ពាណិជ្ជកម្ម

ក្រុម​មន្រ្តី​កូរ៉េ​ខាង​ត្បូង​បាន​វាយ​តម្លៃ​ទាប​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​ បញ្ញត្តិ​ទាំង​នោះកំពុងរារាំង​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​បដិសេធ​ចំពោះ​ការ​ការ​ចោទ​ប្រកាន់​ពី​ការ​កេង​ចំណេញ​លើរូបិយប័ណ្ណ។

លោក​ Kim Tae-nyun ​នាយក​គ្រប់គ្រង​ប្រតិបត្តិ​របស់​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ ឬ​ហៅ​កាត់​ថា KAMA និយាយ​ថា​ បញ្ហា​ទាំង​អស់​ដែល​កើត​ឡើង​ដោយ​សារ​វិធានការ​គ្មាន​របាំង​ពន្ធ​គយ ​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ​តាម​រយៈ​ការ​ចរចា​ទ្វេ​ភាគី។

លោក​ Kim បាន​និយាយ​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឧស្សាហកម្ម​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ ពាក់​ព័ន្ធ​នឹង​បទ​បញ្ញត្តិ​បរិស្ថាន​ និង​សុវត្ថិភាព​ ស្រប​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក​ និង​ឧស្សាហកម្ម​ផលិត​យាន​យន្ត»។

លោក Yoo Il-ho រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាង​ត្បូង​ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ផល​ប្រយោជន៍​បាន​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ​មាន​ច្រើន​ជាង​គុណ​វិបត្តិ។

នៅ​ស្រប​ពេល​ដែល​ឱនភាព​ពាណិជ្ជកម្មនៅ​តែ​កើត​មាន​ដ៏​ខ្លាំង​នោះ​ ការ​នាំ​ចូល​រថយន្ត​អាមេរិក​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​កើន​ឡើង​២០​ភាគរយនៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ នេះ​បើ​យោង​តាម​សមាគម ​KAMA។

ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ Hyundai និង​ Kia ​របស់​កូរ៉េ​ខាងត្បូង​ ក៏​បាន​សម្ពោធ​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​បង្កើត​ការងារ​ជាច្រើន​ដល់​ពលករ​អាមេរិកាំង។​

ស្រប​ពេល​ដែល​ក្រុម​មន្រ្តី​កូរ៉េ​ខាង​ត្បូង​មិន​ផ្តល់​តម្លៃ​ដល់​ការ​ចោទ​ប្រកាន់​របស់​លោក​ Trump​ អំពី​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​ហើយ​ថា វា​គ្រាន់​តែ​ជា​វោហារសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​នោះ​ ក៏​មាន​ការព្រួយ​បារម្ភ​កើន​ឡើង​ដែល​ថា​ អាមេរិក​នឹង​បន្ត​គោលនយោបាយ​បែប​ការពារនិយមជាង​មុន​នា​ពេល​អនាគត​ មិន​ថា​បេក្ខជន​មួយ​ណា​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នោះ​ទេ។

លោក​ Kim និយាយ​ថា៖ «យើង​មាន​ក្តី​បារម្ភ​មួយ​ចំនួន​ គឺ​ថា​ប្រសិន​បើ​មាន​ការ​កែ​សម្រួល​ផ្សេង​ទៀត​ទៅ​លើ​កិច្ច​ព្រមព្រៀង​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​មាន​ការ​រើស​អើងមួយ​ចំនួន​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េ ​វិញ»។

ក្តី​បារម្ភ​រួម

លោក​ Mark Lippert ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូងអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​ និង​ឲ្យ​លុប​បំបាត់​បញ្ញត្តិ​មិន​ចាំបាច់​នានា។

លោក​ស្រី ​Hillary Clinton ​បាន​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​នេះ​ នៅ​ក្នុង​ឆ្នាំ២០១១ ពេល​ដែល​លោក​ស្រី​នៅ​ជា​រដ្ឋ​មន្រ្តី​ការបរទេស​របស់​អាមេរិក​ ប៉ុន្តែ​ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិតេយ្យ​ លោក​ស្រី​បាន​ធ្វើ​ការ​រិះគន់កាន់​តែ​ខ្លាំង​ទៅ​លើ​កិច្ច​ព្រមព្រៀង​នេះ។

លោកស្រី​ Clinton​ បាន​ដក​ការគាំទ្រ​របស់​លោក​ស្រី​ចំពោះ​ការកិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ​ដែល​កំពុង​រង់​ចាំ​ការ​សម្រេច​ ដែល​កិច្ច​ព្រម​ព្រៀង​នេះ​រួម​មាន​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ចំនួន​១១ផ្សេង​ទៀត។ លោក​ស្រី​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី​ណា​មួយ​ក៏​ដោយ​ ត្រូវ​បញ្ជូល​គោលការណ៍​ការពារ​យ៉ាង​ខ្លាំង​ក្លា​ដល់​ពលករ​អាមេរិក ត្រូវ​បង្កើន​ប្រាក់​ឈ្នួល ​និង​បង្កើន​ការងារ​ល្អៗ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ​កិច្ច​សន្ទនា​របស់​លោក​ស្រី​លើ​បញ្ហា​សាកល​ភាវូបនីយកម្ម​ និង​ពាណិជ្ជកម្ម​ជា​ការ​ជំហរ​បែប​នយោបាយ​ដែល​ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​បឋម​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​យក​ឈ្នះ​លោក ​Bernie Sanders​ ដែល​មាន​គំនិត​សង្គម​និយម និង​ជា​អ្នក​តស៊ូ​មតិ​ចំពោះ​គោលនយោយបាយ​ការពារ​និយម។

នៅ​ឯ​មហា​សន្និបាទ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ក្រុង ​Philadelphia ​កាលពី​សប្តាហ៍​មុន​ លោក Terry McAuliffe អភិបាល​រដ្ឋ ​Virginia ​និង​ជា​អ្នក​គាំទ្រ​លោក​ស្រី​ Clinton ​ជា​យូរ​មក​ហើយ​នោះ​ បាន​បង្ក​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​មួយ​ នៅ​ពេល​ដែល​លោក​លើក​ឡើង​ថា​ លោកស្រី​ Clinton​ នឹង​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង ​TPP ​ដោយ​មាន​ការ​កែប្រែ​តិច​តួច។

ប៉ុន្តែ​លោក​ John Podesta ដែល​ជា​ប្រធាន​ប្រយុទ្ធនាការឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី​ Clinton ​បាន​ឆ្លើយតប​ភ្លាមៗ​តាម​រយៈ​ Twitter ដោយ​និយាយ​ថា៖​ «លោក​ស្រី Hillary ​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង ​TPP ​មុន​ និង​ក្រោយ​ការ​បោះឆ្នោត»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ​