កងកម្លាំង​អាមេរិក​និង​ហ្វីលីពីន​បាញ់​ពន្លិច​នាវា​ក្លែងក្លាយ​ក្នុង​ពេល​ហាត់​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

កងទ័ពហ្វីលីពីន​និង​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​កាលពីថ្ងៃទី​០៨ ឧសភា​ ឆ្នាំ២០២៤។(Photo by Ted ALJIBE / AFP)

កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​ហ្វីលីពីន ដែល​គាំទ្រ​ដោយ​យន្តហោះ​ឈ្លប​យកការណ៍​របស់​កងទ័ព​ជើង​អាកាស​អូស្ត្រាលី បាន​បាញ់​រ៉ុក្កែត​ជាច្រើន​ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​ត្រូវ​គោលដៅ បាញ់​គ្រាប់​ផ្លោង និង​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​ពុធ​នេះ និង​បាន​ហាត់សម​ធ្វើជា​បាញ់​ពន្លិច​នាវា​របស់​សត្រូវ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​សមយុទ្ធ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​និង​ជិត​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ។ ការ​ធ្វើ​សមយុទ្ធ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​ខឹង​សម្បា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

មន្ត្រី​យោធា​និង​មន្ត្រី​ការទូត​មកពី​ប្រទេស​ជាច្រើន​បាន​មើល​ការ​បង្ហាញ​សមត្ថភាព​របស់​កងកម្លាំង​ទាំងនេះ​ពី​កំពូល​ជំរាល​ភ្នំ​មួយ​នៅ​តាម​បណ្ដោយ​មាត់សមុទ្រ​ក្នុង​ក្រុង Laoag (ឡូវ៉ាក)នៃ​ខេត្ត Ilocos Norte ដែល​ជា​ខេត្ត​កំណើត​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. នៅ​ភាគ​ខាងជើង​ប្រទេស។

ទាហាន​ជាង ១៦.០០០ នាក់​របស់​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន រួម​ជាមួយ​នឹង​ទាហាន​អូស្ត្រាលី​ពីរ​បី​រយ​នាក់​និង​អ្នក​តាមដាន​កិច្ចការ​យោធា​មកពី​ប្រទេស​ចំនួន ១៤ បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​ត្រៀម​ប្រយុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Balikatan ដែល​មាន​ន័យ​ថា «ស្មា​ប្រកៀក​ស្មា» នេះ។

សមយុទ្ធ​នេះ ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី២២ ​ខែ​មេសា​ហើយនឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សុក្រ​ខាងមុខ រួម​មាន​នូវ​សេនារីយ៉ូ​នៃ​ការ​ឈ្លានពាន​របស់​បរទេស​លើ​ប្រទេស​ហ្វីលីពីន​ផងដែរ។

សមយុទ្ធ​នេះ​គឺជា​សញ្ញា​ថ្មី​ចុងក្រោយ​បង្អស់​ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​វិធី​ដែល​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​បាន​ពង្រឹង​សម្ព័ន្ធភាព​សន្ធិសញ្ញា​ការពារ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ទសវត្សរ៍​១៩៥០ ​នៅ​ចំ​ពេល​ដែល​ប្រទេស​ទាំងពីរ​មាន​ក្ដី​បារម្ភ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​អំពី​សកម្មភាព​គឃ្លើន​កើនឡើង​របស់​ចិន​នៅ​ក្នុង​ទឹកដី​ដែល​មាន​ជម្លោះ​នៅ​ទ្វីប​អាស៊ី៕