សំឡេងភ្លេងបុរាណលាយសម័យ សំណើចក្អាកក្អាយ ស្នាមញញឹម សូរនៃការគោះកែវស្រា បានបន្លឺឡើងកងរំពង កាលពីល្ងាចថ្ងៃពុធក្នុងបរិវេណ Future Factory ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលពិធីផ្លូវការមួយដើម្បីប្រារព្ធអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតជាផ្លូវការរវាងសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជាត្រូវបានគេធ្វើឡើង។
អធិបតីក្នុងពិធីចម្រុះពណ៌ខាងលើ ធ្វើឡើងដោយគ្មាននរណាក្រៅពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ។ ឥស្សរជនទាំងពីរសុទ្ធតែបានពោលសរសើរបង្ហាញក្ដីញញឹម និងក្ដីសង្ឃឹមថា ទំនាក់ទំនងនឹងល្អប្រសើរឡើង។
«ការងាររបស់ស្ថានទូតទាំងមូលផ្ដោតទៅលើការយកចិត្តទុកដាក់របស់យើង ចំពោះប្រជាជនកម្ពុជា រួមមានបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្ដេជ្ញាចិត្ត ដូចយើង ដើម្បីព្រះរាជាណាចក្រមួយនេះមានវិបុលភាពប្រជាធិបតេយ្យ និងអធិបតេយ្យភាព»។ នេះជាការលើកឡើងរបស់លោក W. Patrick Murphy។
ដោយឡែកលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាវិញ បានសម្ដែងក្ដីអំណរសាទរចំពោះការឈានដល់ខួបគម្រប់៧០ឆ្នាំនេះដូចគ្នា។ លោកបានបញ្ជាក់ថា៖
«៧០ឆ្នាំជាទំនាក់ទំនងដ៏យូរលង់ នៅទីបំផុតទៅ អ្វីដែលមានសារៈសំខាន់បំផុតនោះគឺថា យើងបានធ្វើកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិការ ដើម្បីស្វែងយល់ពីគ្នាប្រសើរជាងមុន គោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចរួម»។
ខណៈដែលសំឡេងនៃការអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកបានលាន់ឮកងរំពងកាលពីល្ងាចថ្ងៃពុធ បញ្ហាប្រឈមនានាលើចំណងទាក់ទងប្រទេសទាំងពីរនៅតែបន្តមានជាធរមាននៅឡើយ។
ពិតណាស់ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងកម្ពុជា មានអាយុកាល៧០ឆ្នាំមកហើយ គឺយូរជាងទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយចិន ដែលមានត្រឹម៦១ឆ្នាំ ជាមួយវៀតណាមដែលមានត្រឹម៥៣ឆ្នាំ។
សហរដ្ឋអាមេរិកចាប់ផ្ដើមរាប់អានទទួលស្គាល់កម្ពុជាជាផ្លូវការក្នុងខែមិថុនា ឆ្នាំ១៩៥០ ចាប់តាំងតែពីពេលកម្ពុជាមិនទាន់ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងមកម្ល៉េះ។
Your browser doesn’t support HTML5
តែ៧០ឆ្នាំកន្លងមកនៃការរាប់អានគ្នានេះ មានលាយឡំដោយភាពផ្អែមល្ហែមតិចតួច ហើយភាពជូរចត់ហាក់នៅកម្រិតខ្ពស់អំពីបញ្ហានយោបាយក្នុងស្រុក និងបញ្ហានយោបាយអន្តរជាតិ ដែលចេះតែរុញប្រទេសទាំងពីរឱ្យនៅឆ្ងាយពីគ្នា ឬនិយាយឱ្យស្រួលស្ដាប់ ជិះទូកផ្សេងគ្នា ពីមួយពេលទៅមួយពេល។
ជាក់ស្ដែង ប្រធានរឿងមួយចំនួននៅបន្តជាឧបសគ្គចំណងទាក់ទងប្រទេសទាំងពីរ។
ក្នុងប្រតិបត្តិការបណ្ដេញនិងតាមកម្ចាត់ទាហានកុម្មុយនីស្ដ ចាប់រាប់ពីឆ្នាំ១៩៦៥ទៅ កងទ័ពអាកាសសហរដ្ឋអាមេរិក បានស្រោចទម្លាក់គ្រាប់បែកប្រមាណ៥សែនតោនក្នុងទឹកដីកម្ពុជា ដែលបាននាំឱ្យបាត់បង់ជីវិតជនស៊ីវិល និងបន្សល់គ្រាប់មិនទាន់ផ្ទុះមកដល់សព្វថ្ងៃ។ ប្រភពខ្លះបានលើកឡើងថាបរិមាណគ្រាប់បែកទម្លាក់ដោយសហរដ្ឋអាមេរិកអាចមានដល់ជិត៣លានតោនឯណោះ។
ក្នុងឆ្នាំ២០១៧ អំឡុងពេលទំនាក់ទំនងកម្ពុជានិងអាមេរិក ហាក់ស្រអាប់ដោយសារតែការតាមចាប់ចងមេដឹកនាំគណបក្សសង្គ្រោះជាតិ ពីបទចោទថាបានមេដឹកនាំរូបនេះបានទទួលបញ្ជាពីសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការរយៈពេលយូរ ដើម្បីទាញទម្លាក់អ្នកគ្រប់គ្រងប្រទេសនៃគណបក្សប្រជាជនកម្ពុជា ចេញពីអំណាច សំណុំរឿងនៃការទម្លាក់គ្រាប់បែកសម័យសង្គ្រាមត្រូវបានគេរំឭកឡើងវិញ។
កម្ពុជាក៏នៅតែមិនទាន់អស់ចិត្តដែលអាមេរិកនៅបន្តទារបំណុលមរតករបស់របបសាធារណរដ្ឋខ្មែរ បន្តមកដល់ឆ្នាំ២០២០នេះ មានទំហំសរុបទាំងដើមទាំងការ ប្រមាណជាង៥០០លានដុល្លារ។ នេះគឺជាអ្វីដែលទីក្រុងភ្នំពេញបានហៅថា«បំណុលឈាម»និងស្នើឱ្យមានការលើកលែង តែមិនទាន់ទទួលបានការឆ្លើយតបជាវិជ្ជមានពីអាមេរិកនៅឡើយ។
បន្ថែមពីនេះ ភាពមិនចុះសម្រុងគ្នាលើសំណុំរឿងបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញនូវបណ្ដាជនរស់នៅលើទឹកដីអាមេរិកតែមានដើមកំណើតជាខ្មែរ ក៏បន្តរួតរឹតផងដែរ។ ចាប់តាំងពីឆ្នាំ២០០២ ពេលដែលប្រទេសទាំងពីរចុះហត្ថលេខាលើគម្រោងទទួលបណ្ដាជនកម្ពុជាដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមក មានមនុស្សយ៉ាងហោច៩៩៨នាក់ត្រូវបានគេបញ្ជូនមកប្រទេសកម្ពុជាវិញ ដែលមួយចំនួននៃពួកគេមិនចេះភាសាខ្មែរ និងពុំមានសាច់ញាតិនៅទីនេះឡើយ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ មានបណ្ដាជនដើមកំណើតខ្មែរប្រមាណ១៧០០នាក់ផ្សេងទៀតកំពុងប្រឈមនឹងការចាប់បញ្ជូនខ្លួនមកកម្ពុជាវិញ ដោយហេតុថាពួកគេភាគច្រើន បានប្រព្រឹត្តបទឧក្រិដ្ឋក្នុងទឹកដីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលកម្ពុជា ក្រោយមក បានហៅសកម្មភាពនេះថា«អមនុស្សធម៌» តែនៅបន្តអនុវត្តកិច្ចព្រមព្រៀងជាមួយអាមេរិក នៅពេលដែលទីក្រុងវ៉ាស៊ីងតោន ប្រើធម៌ក្ដៅ ដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា កាលពីឆ្នាំ២០១៧។
អស់បីឆ្នាំកន្លងមកហើយដែលកម្ពុជាប្រកាសផ្អាកសមយុទ្ធរួមគ្នាមួយឈ្មោះថា«ឆ្មាំអង្គរ»ដែលធ្វើជាមួយនឹងសហរដ្ឋអាមេរិក ក្រោមហេតុផលប្រមូលកម្លាំងការពារស្ថិរភាពនៅឆ្នាំបោះឆ្នោត។ ព្រមពេលជាមួយគ្នា ចាប់ពីឆ្នាំ២០១៦មក កម្ពុជាបានសម្រេចធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឈ្មោះថា«នាគមាស»បានបីលើកជាមួយនឹងប្រទេសចិន។
ភាពស្និទ្ធស្នាលខាងយោធារវាងកម្ពុជានិងចិន បានក្លាយជាចំណុចស្នូលនៃការសង្ស័យរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលថាកម្ពុជាអាចនឹងពិនិត្យលទ្ធភាពទទួលវត្តមានយោធារបស់ចិន។ កម្ពុជាបានបដិសេធការសង្ស័យទាំងនេះ។
លើសពីនោះ រដ្ឋាភិបាលកម្ពុជាបានចោទទីក្រុងវ៉ាស៊ីងតោនថា លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយក៏បានចាប់ខ្លួនលោក កឹម សុខា បញ្ជូនទៅជំនុំជម្រះទោសពីបទចូលដៃចូលជើងនឹងអាមេរិកប្រុងទាញផ្ដួលរបបគ្រប់គ្រងកម្ពុជាបច្ចុប្បន្ន។
សហរដ្ឋអាមេរិកបានចោទរដ្ឋាភិបាលកម្ពុជា ថាបានធ្វើឱ្យដំណើរប្រជាធិបតេយ្យនៅក្នុងប្រទេស ដើរថយក្រោយ ខណៈដែលបក្សជំទាស់ត្រូវបានរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ សារព័ត៌មានដែលនិយមរិះគន់រដ្ឋាភិបាលត្រូវបានបិទ សង្គមស៊ីវិលដែលធ្វើការលើសំណុំរឿងសិទ្ធិមនុស្សនិងការងាររសើបៗ ត្រូវបានគេរុកកួន។
ខណៈដែលរដ្ឋបាលលោកប្រធានាធិបតី Donald J. Trump កំពុងស្វះស្វែងបោះដៃចង់ផ្សះផ្សាទំនាក់ទំនងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការឆ្លើយឆ្លងលិខិតកាលពីខែវិច្ឆិកា ដោយលើកទឹកចិត្តឱ្យក្រុមអ្នកការទូតជួបគ្នា ដើម្បីរកភាពល្អប្រសើរឡើងរវាងគ្នានិងគ្នា កិច្ចខិតខំប្រឹងប្រែងនៅសភាសហរដ្ឋអាមេរិក កំពុងបន្តឡើង ដើម្បីជំរុញឱ្យដាក់ទណ្ឌកម្មរបបដឹកនាំកម្ពុជា។
ទណ្ឌកម្មជាក់ស្ដែងក្នុងក្របខណ្ឌច្បាប់ Global Magnitsky Act ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មមន្ត្រីជំនិតៗរបស់លោក ហ៊ុន សែន រួមមានលោក ទ្រី ភាព លោក គន់ គីម និងលោក ហ៊ីង ប៊ុនហៀង ជាដើម។
សេចក្ដីស្នើច្បាប់ Cambodia Democracy Act បានទៅដល់ព្រឹទ្ធសភាអាមេរិកហើយ បន្ទាប់ពីសភាតំណាងរាស្ត្រ បានអនុម័តនាពេលកន្លងមក។ បើសិនជាឆ្លងផុតព្រឹទ្ធសភាហើយទៅដល់ដៃប្រធានាធិបតីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ ច្បាប់នេះនឹងសំដៅដាក់ទណ្ឌកម្មថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលពាក់ព័ន្ធនឹងការបង្ក្រាបនយោបាយបីឆ្នាំកន្លងមក។
សំណួរចម្បងនៅឆ្នាំទី៧០នៃទំនាក់ទំនងការទូតផ្លូវការនេះ គឺថាតើប្រទេសទាំងពីរអាចស្គាល់ការត្រូវរ៉ូវគ្នា រាប់អានបង្កើនឱ្យបានការស្និទ្ធស្នាលជាងនេះដែរឬទេ។
យ៉ាងណាក្ដីនៅឯពិធីខួបរំឭកទំនាក់ទំនង៧០ឆ្នាំនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរបានលើកឡើងថា៖
«ពិតប្រាកដណាស់ ដូចដែលក្នុងទំនាក់ទំនងប្រភេទផ្សេងដែរ ដែលខ្ញុំត្រូវគូសបញ្ជាក់ មិនថាតែរវាងមិត្តភ័ក្ដិ រវាងក្រុមគ្រួសារសាច់ញាតិ និងរវាងគូស្នេហ៍នោះទេ វាតែងតែមានលាយឡំគ្នានូវការឡើងនិងការធ្លាក់ចុះ។ វាមិនអាចចៀសបាននោះទេ»។
សម្លឹងឆ្ពោះទៅអនាគត លោកប្រមុខការបរទេសកម្ពុជា បានផ្ដល់ជាយោបល់ថា៖
«កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវសេចក្ដីតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាមេរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ»។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានលើកឡើងថា ការឆ្ពោះទៅមុខនៃទំនាក់ទំនងប្រទេសទាំងពីរប្រាកដជាយកជាមូលដ្ឋាននូវអ្វីដែលមានស្រាប់ ដើម្បីបោះជំហានទៅរកការសហការគ្នាលើចំណុចផ្សេងៗទៀត ដែលធ្លាប់មានការខុសប្លែកគ្នា នាពេលកន្លងមក។ តែលោកថាអាមេរិកមិនចោលទេនូវការចង់ឱ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ។
សំឡេងនៃការអបអរខាងលើនៅឯខណ្ឌដូនពេញ ក្បែរផ្សារកណ្ដាលមិនអាចរំលងនោះទេពីសោតារបស់លោក ត្រឹង ចាន់ ដែលឈរនៅក្បែរនោះ។
ជាងកាត់សក់វ័យ៤២ឆ្នាំ នៅជាប់នឹងរបងវត្តឧណ្ណាលោមរូបនេះ បានថ្លែងប្រាប់VOA ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនសូវជាល្អនោះទេ ដោយសារអាមេរិកបានរិះគន់រដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោកបានថ្លែងថា៖
«តិចតួចដែរ។ បើនិយាយចំរឿងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ខ្ញុំយល់ថាចំណុចដែលគេនិយាយ យើងយកមកគិតមកពិចារណា»។ លោក ត្រឹង ចាន់ ក៏បានបង្ហាញក្ដីបំណងផងដែរ ចង់ឃើញទំនាក់ទំនងល្អប្រសើរ នាពេលខាងមុខ រវាងកម្ពុជា និងសហរដ្ឋអាមេរិក៕