អាមេរិក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់កម្ពុជា «រឿង​ផ្តួល​រំលំ​រដ្ឋាភិបាល»

លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដោយ​ថា«ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភស្តុ​តាង​ច្បាស់លាស់ ឬ​មិន​គួរ​ឲ្យ​ទុក​ចិត្ត»។

​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា និង​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​មួយ​ចំនួន​បាន​រិះគន់ និង​វាយ​ប្រហារ​អាមេរិក​ ថា​ជា​អ្នកស្ថិត​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ​នា​រសៀល​ថ្ងៃ​អង្គារនេះ ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ធ្វើសេចក្តី​ថ្លែងការណ៍​មួយ ដោយច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​ជា​ការ​ចោទ​ប្រកាន់​ដែលប្រឌិត​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ខុសពី​ការ​ពិត​ទាំង​ស្រុង។​

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដោយ​ថា«ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភស្តុ​តាង​ច្បាស់លាស់ ឬ​មិន​គួរ​ឲ្យ​ទុក​ចិត្ត»។​

ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​អ្នកសារព័ត៌មានកម្ពុជា​មួយ​ចំនួន នៅស្ថានទូត​អាមេរិក នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ លោក William Heidt ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លើក​ឡើង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ជា​អ្នក​នៅ​ពីក្រោយគណបក្សសង្គ្រោះ​ជាតិ និង​មេដឹកនាំ​បក្ស ​លោក កឹម សុខា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែកញ្ញា ដោយ​ត្រូវ​បាន​ចោទ​ថា​ «ក្បត់ជាតិ»។

លោក​ឯកអគ្គរដ្ឋទូត​បាន​ចាត់​ទុក​ថា ​នេះ​ជា​ការ​ចោទ​ប្រកាន់​ដែលប្រឌិត​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ខុសពី​ការ​ពិត​ទាំង​ស្រុង។

លោកបាន​ថ្លែង​ថា៖ «រាល់​ការចោទ​ប្រកាន់​ដែល​លោក​អ្នក​ឮ នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ស្ដីពី​សហរដ្ឋ​អាមេរិក គឺ​សុទ្ធ​តែ​ខុស​ទាំងអស់។ អត្ថបទ​នៅ​ក្នុង​សារព័ត៌មាន​នាថ្មីៗ​នេះ​ស្ដីពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ត្រូវ​បាន​គេ​សរសេរ​ខុស​ទាំងស្រុង និង​ដោយ​ចេតនា អំពី​អ្វី​ដែល​អាមេរិក​កំពុង​ធ្វើ​នៅ​កម្ពុជា​។ វា​ពិត​ជា​ការ​បង្វែរ​ការយកចិត្តទុក​ដាក់​ចេញ​ពី​បញ្ហា​ពិតប្រាកដ​មែន»។

ក្នុង​រយៈពេល​ថ្មីៗ​នេះ ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន មន្រ្តី​រដ្ឋាភិបាល ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​មួយ​ចំនួន តែង​វាយប្រហារ​អាមេរិក រឿងទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា ក្នុង​សង្គ្រាម​អាមេរិក​វៀតណាម​ និង​ថាអាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាលរបស់​លោក​ ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​អស់​រយៈពេល​ជិត​៤០​ឆ្នាំ។

ក្នុង​នោះ​ សារព័ត៌មាន ​Fresh News​ ដែលស្និទ្ធ​នឹង​រដ្ឋាភិបាល​ តែង​តែ​ផ្សព្វផ្សាយ​អត្ថបទ​ ដែលវាយ​ប្រហារ​ជា​បន្តបន្ទាប់​លើ​លោក ​William Heidt​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​។

លោក​ William Heidt ​បាន​បន្ថែម​ក្នុង​កិច្ច​ពិភាក្សា​តុមូល​នោះ​ថា លោកទទួល​ស្គាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា អាមេរិក​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំង​នោះ ​តាម​រយៈ​ការ​ផ្តល់​ជំនួយ​សម្រាប់​ការងារ​លុបបំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។ លោក​ពន្យល់​បន្ថែម​ថា ពាក់កណ្តាល​នៃ​ទឹកប្រាក់​ជំនួយ​ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​យុទ្ធភណ្ឌ​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា ហើយ​ទឹកប្រាក់ពាក់កណ្តាល​ទៀត ត្រូវ​បាន​ប្រើ​សម្រាប់​ដោះមីន​របស់​ចិន សូវៀត និង​វៀតណាម​ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នៅ​តាម​ចម្ការ​មីន ​ដែល​មាន​គ្រោះថ្នាក់​១០ដង​លើស​គ្រាប់​ដែ​ល​ទម្លាក់​ដោយអាមេរិក​។​

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​លោក William Heidt ​បញ្ជាក់​ថា មិន​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ ប៉ុន្ដែ​លោក​ថា វា​បាន​បង្ក​តែ​ផល​វិបាក​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​នយោបាយ​ឡើង​វិញ ដើម្បី​ធានា​ដល់​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ខាង​មុខ​ អាច​ទទួល​យក​បាន​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្ដរជាតិ ។ ​

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការ​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​ជាបន្ទាន់។​ ដំណើរការ​ធម្មតា​របស់​ទីផ្សារ​សារព័ត៌មាន​កម្ពុជា​ក៏​គួរ​ទទួល​បាន​ការ​ស្តារ​ឡើងវិញ​ផង​ដែរ។ ការដាក់​សម្ពាធ​លើ​សង្គម​ស៊ីវិល​គួរ​ត្រូវ​បាន​បញ្ឈប់។​ ហើយ​ប្រហែល​ជា​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ រដ្ឋាភិបាល ​បក្សប្រឆាំង ​និង​សង្គម​ស៊ីវិល​គួរ​តែ​ចាប់ផ្តើម​កិច្ច​សន្ទនា អំពី​អនាគត​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ក្នុង​បរិយាកាស​បើក​ចំហរ ​គោរព​ និង​គ្មាន​សម្ពាធ»។

​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​រដ្ឋាភិបាល​សម្អាង​ជា​ភស្តុតាង​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ​លោក​ ​កឹម សុខា​ ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​កាល​ពី​ឆ្នាំ​២០១៤​ ថា​យុទ្ធ​សាស្រ្ត​របស់​លោក​មាន​ការ​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។​ លោក​ថា​យុទ្ធសាស្រ្ត​នោះ​ ​គឺ​«ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ផ្តាច់​ការ»។

លោក​ ​កឹម សុខា​ ​បន្តក្នុង​វីដេអូ​ឃ្លីប​នោះថា​ អង្គការ​អាមេរិក​បាន​ហៅ​រូប​លោក​ទៅ​សហ​រដ្ឋអាមេរិក​ដើម្បី​សិក្សា ​និង​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ឈប់​ធ្វើ​នយោបាយ​មួយ​រយៈ​ ​និង​បង្កើត​អង្គការ​មួយ​កាល​ពី​ឆ្នាំ​២០០២។

គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ការ​ចាប់ខ្លួន​ លោក​ កឹម សុខា ជា​រឿង​នយោបាយ ​ហើយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ គណបក្ស​មាន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ប្រាប់ VOA ​ថា ការ​ថ្លែង​របស់​លោក កឹម សុខា បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​លូក​ដៃ​ជ្រៀតជ្រែក​ចូល​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ដូច្នេះ​លោក​ថា​ កម្ពុជា​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ប្រឆាំង​នឹង​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា​ ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺជា​ការ​បិទ​បាំង​ទង្វើ​ជ្រៀតជ្រែកចូល​អធិបតេយ្យ​របស់​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​លើកឡើង​ហ្នឹង​វា​មិន​ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែល​កើត​ឡើង​ជាក់​ស្តែង​របស់​កម្ពុជា។ គឺជា​យន្តការ​នយោបាយ ​ដើម្បី​លាក់លៀម​នូវ​ការ​លូកដៃ​ និង​ជ្រៀតជ្រែក​ចូល​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា»។

ទោះ​ជា​យ៉ាងណា​ លោក​ ផៃ ស៊ីផាន ក៏​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ថា កម្ពុជា​នៅ​តែ​រក្សា​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ជាមួយ​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។

លោក ​William Heidt ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​បង្កើត​ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា​ឡើងវិញ​ក្នុង​ឆ្នាំ១៩៩៤ ​រដ្ឋាភិបាល​អាមេរិក​មាន​គោលដៅ​សំខាន់ គឺ​ដើម្បី​ស្ដារ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ឡើងវិញ​ តាមរយៈ​ការជួយ​អភិវឌ្ឍសេដ្ឋកិច្ច​ វិស័យ​អប់រំ សុខភាព​សាធារណៈ និង​ជំរុញ​ប្រព័ន្ធ​យុត្តិធម៌ និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម៕​