មន្ទីរបញ្ចកោណ៖ ផែនការរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការចាប់ផ្តើមដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វកានីស្ថាន នាខែកក្កដាក្រោយ បានបង្កឲ្យមានការព្រួយបារម្ភមួយចំនួននៅក្នុងតំបន់ ព្រមទាំងមានការភ័ន្តច្រឡំខ្លះៗ អំពីថាតើការកំណត់ពេលវេលាមានន័យយ៉ាងដូចម្តេច។
លោកប្រធានាធិបតី អូបាម៉ា បានចូលកាន់តំណែង មួយផ្នែកដោយសារតែការមិនសប្បាយចិត្តពីសំណាក់ក្រុមអ្នកបោះឆ្នោត ចំពោះចំណាត់ការរបស់រដ្ឋបាលមុន ដែលបានអនុវត្តលើសង្រ្គាមនៅអ៊ីរ៉ាក់ និងអាហ្វកានីស្ថាន។ ក្នុងនាមជាព្រឹទ្ធសមាជិកមួយរូប លោកអូបាម៉ា ជាអ្នកជំទាស់យ៉ាងខ្លាំងក្លាទៅនឹងសង្រ្គាមនៅអ៊ីរ៉ាក់។ លោក និងអ្នកផ្សេងទៀតនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោកជឿថា សង្គ្រាមនោះបានបង្វែរធនធានចេញពីការចំណាយទៅលើកិច្ចខិតខំប្រឹងប្រែងនៅអាហ្វកានីស្ថាន ដែលជាប្រភពនៃការវាយប្រហារថ្ងៃទី១១ កញ្ញា ដែលពួកគេយល់ថា កិច្ចខិតខំប្រឹងនៅអាហ្វហ្កានីស្ថានសំខាន់ជាងនៅអ៊ីរ៉ាក់។
ជាការពិតណាស់ កាលពីខែមិនាឆ្នាំមុន គឺពីរខែបន្ទាប់ពីចូលកាន់តំណែង លោកប្រធានាធិបតីបានប្រកាសអំពីយុទ្ធសាស្រ្តរបស់លោកក្នុងការ «បង្អាក់ កំទេច និងវាយឲ្យបរាជ័យ» ចំពោះក្រុមអាល់កៃដា (al-Qaida) នៅប្រទេសអាហ្វកានីស្ថាន ហើយធានាថា ពួកតាលីបាន ដែលជាអតីតក្រុមម្ចាស់ផ្ទះនៅក្នុងប្រទេសអាហ្វកានីស្ថាន មិនអាចត្រឡប់មកកាន់អំណាច និងបង្កើតជម្រកសុវត្ថិភាពសម្រាប់ពួកភេវរករសាជាថ្មីឡើយ។ លោកបានបញ្ជាឲ្យបង្កើនជាបឋមនូវកងទ័ពសហរដ្ឋអាមេរិកចំនួន ១ម៉ឺន ៧ពាន់នាក់។
កាលពីខែធ្នូ លោកបានកែលំអរយុទ្ធសាស្រ្តបន្ថែមទៀតនេះ និងបានប្រកាសអ្វីដែលគេស្គាល់ថា ជាការបង្កើនកម្លាំង នៅក្នុងប្រទេសអាហ្វកានីស្ថាន ដែលមានកងទ័ពអាមេរិកចំនួន ៣ម៉ឺននាក់ និងកងទ័ពសម្ព័ន្ធមិត្តប្រហែល១ម៉ឺននាក់ទៀត រួមជាមួយនឹងការអនុវត្តដ៏ពេញលេញនូវយុទ្ធសាស្រ្តប្រឆាំងនឹងពួកក្រុមបះបោរ ដែលយុទ្ធសាស្ត្រនេះត្រូវបានអនុវត្តប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់នៅអ៊ីរ៉ាក់។ ប៉ុន្តែលោកប្រធានាធិបតីក៏បានបញ្ជាក់ច្បាស់ដែរថា លោកនឹងមិនធ្វើការប្តេជ្ញាចិត្តមិនចេះចប់នោះទេ។
«កងទ័ពអាមេរិកាំង និងអន្តរជាតិបន្ថែមទាំងនេះ នឹងអនុញ្ញាតឲ្យយើងពន្លឿនការប្រគល់ការទទួលខុសត្រូវទៅឲ្យកងកម្លាំងអាហ្វកានីស្ថាន ហើយអនុញ្ញាតឲ្យយើងចាប់ផ្តើមផ្ទេរកងកម្លាំងរបស់យើងចេញពីប្រទេសអាហ្វកានីស្ថាន នាខែកក្កដា ឆ្នាំ២០១១»។
ទិសដៅនោះគឺថា ត្រូវបន្ថយឥទ្ធិពលរបស់ពួកតាលីបាន ហើយបង្កើនទំហំ និងសមត្ថភាពដល់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វកានីស្ថាន ដើម្បីឲ្យទ័ពអាមេរិកអាចចាប់ផ្តើមប្រគល់ការទទួលខុសត្រូវ និងដកទ័ព ដែលដំណើរការនេះត្រូវបានរំពឹងថានឹងធ្វើជាបន្តបន្ទាប់។ ប៉ុន្តែការកំណត់កាលបរិច្ឆេទសម្រាប់ខែកក្កដា ឆ្នាំ២០១១ នាំឲ្យមានការព្រួយបារម្ភក្នុងចំណោមមនុស្សមួយចំនួន នៅក្នុងតំបន់ ដែលថា ការធ្វើបែបនេះអាចជាការបញ្ចប់ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាហ្វកានីស្ថាន ហើយក្រុមមន្ត្រីបានធ្វើកិច្ចការនេះ ដើម្បីលុបបំបាត់ទស្សនៈយល់ឃើញបែបនោះ។
ពួកគេគូសបញ្ជាក់ថា កាលបរិច្ឆេទគឺគ្រាន់តែជាការចាប់ផ្តើមដំណើរការមួយប៉ុណ្ណោះ ហើយថាទំហំ និងល្បឿននៃការដកកងទ័ពអាមេរិកនឹងត្រូវបានកំណត់ដោយកម្រិតនៃការរីកចម្រើនឆ្ពោះទៅរកទិសដៅសំខាន់ពីរ គឺការវាយឲ្យបរាជ័យនូវក្រុមបះបោរ និងការកសាងកម្លាំងអាហ្វកានីស្ថាន។
ប៉ុន្តែនៅតែមានការភ័ន្តច្រឡំខ្លះ អំពីអ្វីដែលលោក ម៉ៃខល អូហានឡុន (Michael O'Hanlon) ដែលជាអ្នកវិភាគនៅឯវិទ្យាស្ថានប៊្រុកឃីង (Brookings Institute) បានហៅថា ជា «សារដែលមានលក្ខណៈស្មុគ្រស្មាញ និងពិបាកយល់»។ លោកបន្តថា៖
«ខ្ញុំគិតថា សារទូទៅច្បាស់ណាស់គឺថា នឹងមានការចាប់ផ្តើមដកទ័ពចាប់ពីខែកក្កដា ប៉ុន្តែពាក្យថា «ការដកទ័ព» ប្រហែលជាមិនអាចទៅរួចទេ។ វាមិនមែនជារឿងចាប់ផ្តើមចាកចេញនោះប៉ុន្មានទេ ក្នុងខណៈដែលកំពុងតែធ្វើឲ្យមានតុល្យភាពឡើងវិញនូវការទទួលខុសត្រូវនៃអ្នកចូលរួមចំពោះកិច្ចការទាំងមូលនោះ»។
ជាការពិត មន្រ្តីអាមេរិកចូលចិត្តនិយាយអំពី «ដំណើការ» និង«អន្តរកាល» ជាជាងពាក្យ«ការដកកងទ័ព»។ លោកអូហានឡុនបន្តថា៖
«ប្រសិនបើអ្នកយកពាក្យទាំងអស់នោះមកគិត អ្នកដឹងថា វាអាចជាលទ្ធភាពមួយក្នុងការរៀបចំផែនការកាត់បន្ថយកងកម្លាំង ប៉ុន្តែវាក៏គូសបញ្ជាក់ផងដែរថា យើងមិនប្រញាប់ចាកចេញពេកទេ»។
លោកស្រី លីហ្សា ឃឺឌធីស (Lisa Curtis) ជាអ្នកវិភាគនៅឯមូលនិធិបេតិកភ័ណ្ឌ (Heritage Foundation) បានឲ្យដឹងថា ការកំណត់កាលបរិច្ឆេទនៅខែកក្កដា ឆ្នាំ២០១១គឺជាកំហុសឆ្គងមួយ បើទោះជាលោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ថា វាគ្រាន់តែជាសញ្ញានៃការចាប់ផ្តើមការដកទ័ពអាមេរិកក៏ដោយ។ លោកស្រីថ្លែងដូច្នេះថា៖
«នោះគឺជាអ្វីដែលលោកមានប្រសាសន៍ កាលពីខែធ្នូរមុន ប៉ុន្តែខ្ញុំគិតថា សេចក្តីអធិប្បាយនោះត្រូវបានបកស្រាយនៅក្នុងតំបន់ថា វាគឺជាយុទ្ធសាស្រ្តដកថយ ហើយថាអាមេរិកកំពុងត្រៀមខ្លួនដកកងទ័ព»។
ក្រុមអ្នកគាំទ្រសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី និយាយថា ការដកទ័ពបានដាក់សម្ពាធទៅលើស្ថាប័នអាមេរិក និងអន្តរជាតិ ព្រមទាំងរដ្ឋាភិបាលអាហ្វកានីស្ថាន ឲ្យចាត់វិធានការឲ្យបានឆាប់រហ័សនូវកម្មវិធី ដែលរាប់ចាប់ពីវិស័យសន្តិសុខ អភិបាលកិច្ច រហូតដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រី ឃឺឌធីស និយាយថា វាជាកំហុសមួយក្នុងការចាកចេញយ៉ាងប្រញាប់ប្រញាល់ ដែលមិនទាន់ដល់មួយឆ្នាំផង បន្ទាប់កងទ័ព និងក្រុមស៊ីវិលអន្តរជាតិបានមកដល់។ លោកស្រីបានឲ្យដឹងទៀតថា អាមេរិកត្រូវការ «យុទ្ធសាស្ត្រឈ្នះ» ជាជាងការកំណត់ពេលវេលា។
ក្រុមមន្ត្រីអាមេរិកគិតថា ពួកគេទទួលបានទាំងពីរ ហើយថា ពួកគេនឹងមានលទ្ធភាពបង្ហាញឲ្យឃើញពីភាពរីកចម្រើនមុនខែកក្កដាក្រោយ។
លោករ៉ូប៊ើត ហ្កេតស៍ រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍យ៉ាងច្រើនអំពីរឿងនេះ ក្នុងអំឡុងសវនាការព្រឹទ្ធសភាអាមេរិកកាលពីខែមិថុនា។ លោកហ្កេតស៍ថ្លែងដូច្នេះថា៖
«យើងគិតថា យើងមានធនធានដ៏ត្រឹមត្រូវ។ យើងមានយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ។ យើងមានការដឹកនាំដ៏ត្រឹមត្រូវ។ ហើយសម្ព័ន្ធមិត្ត និងដៃគូររបស់យើងភាគច្រើនមានទស្សនៈដូចយើងថា អ្វីៗកំពុងឆ្ពោះទៅតាមទិសដៅដ៏ត្រឹមត្រូវ ហើយថា យើងមានលទ្ធភាពបង្ហាញពីភាពរីកចម្រើនដ៏ច្បាស់លាស់ ហើយថា យើងសិ្ថតនៅលើផ្លូវដ៏ត្រឹមត្រូវ នៅត្រឹមដំណាច់ឆ្នាំនេះ»។
ដំណាច់ឆ្នាំនេះគឺជាពេល ដែលលោកប្រធានាធិបតី អូបាម៉ា មានផែនការត្រួតពិនិត្យមើលឡើងវិញនូវយុទ្ធសាស្រ្តនេះ។ ជាការពិត ក្រុមមន្ត្រីត្រូវបានរំពឹងថានឹងដាក់របាយការណ៍ស្តីពីភាពរីកចម្រើនទាំងនោះ ជូនទៅមេដឹកនាំអង្គការណេតូ (NATO) នៅឯជំនួបកំពូលនាថ្ងៃទី២០ វិច្ឆិកា។ ជំនួបនោះនឹងជាការបង្ហាញដំបូង ស្តីពីថាតើការដកកងទ័ព និងការផ្ទេរអំណាច នឹងត្រូវបន្តទៅមុខយ៉ាងដូចម្តេច។ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ការដាក់ជូននេះត្រូវធ្វើឡើងពេលជិតដល់ពេលកំណត់ មុនពេលពួកគេដឹងជាក់លាក់ថាតើកងទ័ពចំនួនប៉ុន្មាននឹងត្រូវដកនៅក្នុងខែកក្កដា កងទ័ពទាំងនោះនឹងត្រូវដកចេញពីកន្លែងណាឲ្យប្រាកដ ហើយថាតើនឹងត្រូវបន្តការដកកងទ័ពឲ្យបានឆាប់រហ័សប៉ុណ្ណាបន្ទាប់ពីនោះ៕
ប្រែសម្រួលដោយ លី សុខឃាង